លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានចេញបទបញ្ជាថ្មីមួយដោយបង្គាប់ឲ្យអភិបាលខេត្តនានាពិនិត្យលទ្ធភាពបិទឬផ្អាកការជួបជុំមនុស្សម្នាច្រើន ដែលរួមទាំងពិធីមង្គលការផងដែរ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។
លោក ហ៊ុន សែន ស្នើដូចនេះក្នុងសារជាសំឡេងដែលបានបង្ហោះតាមទំព័រ Facebook របស់លោកកាលពីថ្ងៃទី ១៥ ខែមីនា។
លោកថ្លែងដូច្នេះថា៖ «យើងបានសង្កេតឃើញថា រាល់ការរៀបអាពាហ៍ពិពាហ៍តែងកើតឡើងនូវហានិភ័យ។ ...ដូច្នេះបញ្ហានេះជាបញ្ហាដែលសុំឲ្យបណ្តាខេត្តធ្វើការពិចារណាអំពីការបិទ ការផ្អាក ការរៀបចំណាមួយតាមសេចក្តីសម្រេចរបស់ខេត្ត»។
បទបញ្ជាថ្មីចុងក្រោយបង្អស់នេះបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមអ្នកចូលរួមពិធីមង្គលការមួយកន្លែងនៅក្នុងខេត្តតាកែវ ដែលនៅទីនោះអាជ្ញាធរខេត្តបានសម្រេចផ្អាកពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំមនុស្សច្រើនរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី ១៥ ខែមីនាតទៅ។
រាប់ចាប់ពីការផ្ទុះការឆ្លងក្នុងសហគមន៍ពីថ្ងៃទី ២០ ខែកុម្ភៈមក មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាក់ទិននឹងព្រឹត្តិការណ៍នេះចំនួន ៨១០ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ម្នាក់ផងដែរ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកម្ពុជា។
គិតត្រឹមថ្ងៃចន្ទម្សិលមិញ កម្ពុជាមានអ្នកឆ្លងជំងឺនេះសរុបទូទាំងប្រទេសចំនួន ១.៣២៥ នាក់ និងអ្នកជាសះស្បើយចំនួន ៧៣០ នាក់ ចាប់តាំងពីមានការឆ្លងជំងឺនេះលើកដំបូងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនមក៕