ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្ស ៦០ នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ដែលក្នុងនោះ ជាង ៤០ នាក់ ជាជនជាតិខ្មែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា មនុស្ស ៦០ នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» កើនទៅដល់ ៧១២ នាក់។ អ្នកឆ្លងនៅថ្ងៃនេះ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងកោះកុងជាដើម។
ក្រសួងសុខាភិបាលក៏បានឲ្យដឹងថា មនុស្ស ២២ នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ នេះផងដែរ។
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសឲ្យចាត់វិធានការទាំងអស់គ្នាពេលនេះ ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ម្នាក់អាយុ ៥០ ឆ្នាំ បានស្លាប់ដែលជាករណីស្លាប់ដំបូងក្នុងប្រទេសកម្ពុជា។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអ្នកនាំពាក្យ បានប្រាប់សារព័ត៌មានក្នុងស្រុកថា អ្នកជំងឺមួយចំនួនទៀតមានសុខភាពមិនល្អនោះទេ ហើយក្រុមគ្រូពេទ្យកំពុងតាមដានសុខភាពរបស់ពួកគេ។
លោកស្រីបន្ថែមថា ស្ថានភាពនៃការរាតត្បាតនៃវីរុសជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍នេះ ជា«ស្ថានភាពបារម្ភមែនទែន»។ លោកស្រីបញ្ជាក់ថា ជំងឺកូវីដ១៩ បម្លែងថ្មី ក៏កំពុងវាយលុកទីក្រុងភ្នំពេញនិងបណ្តាខេត្តផ្សេងៗផងដែរ។
គួរបញ្ជាក់ថា ករណីឆ្លងសរុបក្នុងប្រទេសកម្ពុជា មានចំនួន ១២២៥ នាក់ គិតចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩ លើកដំបូងក្នុងប្រទេស រហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ នេះ៕