ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដំឡើង​អាវុធ​ទំនើបៗ ដើម្បី​បាញ់​ទម្លាក់​ដ្រូន​ហោះ​ចូល​ដី​កម្ពុជា


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ជា​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ដំឡើង​អាវុធ​ធុន​ធំ​ៗ ​រួម​ទាំង​ដាក់​ពង្រាយ​សំណាញ់​មេឃ ដើម្បី​បាញ់​ទម្លាក់​ឧបករណ៍​ចាប់​រូបភាព​ពី​លើ​អាកាស ឬ​ហៅ​ថា​ដ្រូន ដែល​បាន​ហោះ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា។

ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធីជួប​សំណេះ​សំណាល​ជាមួយ​កម្មករ នៅ​រាជ​ធានី​ភ្នំ​ពេញ​ នាព្រឹក​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣។

បើ​តាម​លោក ហ៊ុន សែន មាន​ដ្រូន​ចំនួន​៥​ទៀត​បាន​ហោះ​ចូល​ទឹក​ដី​កម្ពុជា កា​ល​ពី​យប់​ថ្ងៃទី​២៧ ខែ​មិថុនា ក្រោយ​ពី​លោក​បាន​បញ្ជា​ឱ្យ លោក​ ហ៊ីង ប៊ុនហៀង ​មេ​អង្គ​រក្ស​លោក​នាយករដ្ឋមន្រ្តី ប​ញ្ចេញ​កម្លាំង៥០០​នាក់ ​និង​អាវុធ​យ៉ាង​ហោច​ ២០០​ដើម ​ដើម្បី​បាញ់​ទម្លាក់​ដ្រូនទាំង​នោះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អ៊ីចឹង​ទេ​អស់​លោក​ដំឡើង​ទៅ។ កាំ​ភ្លើង​យន្ត​តាំង​ពី​អា​៣០​មីលី​ម៉ែត្រ[....] អា​១២​ក៏​ដាក់ អា​២៣​ក៏​ដាក់​ អា​ប៉ុន្មាន​ក៏​ដាក់​ និយាយរួម​បាញ់​តែ​ហ្មង។ ចាប់​ពី​ល្ងាច​នេះ​តទៅ​ បើ​លោក​ឯ​ង​មិន​ផ្ទុះ​អាវុធ​ មាន​រឿង​ជា​មួយ​ខ្ញុំ»។

លោក ហ៊ុន សែន បន្ត​ថា​ អាជ្ញាធរ​កម្ពុជា​មិន​ដឹង​ថា​តើ​ដ្រូន​ទាំង​នេះ​មាន​ប្រភព​មក​ពី​ណា​ឡើយ។ ហើយ​ភាគី​វៀត​ណាម​បញ្ជាក់​ថា​មិន​មែន​ជា​របស់​វៀត​ណាម​ឡើយ។

លោក ហ៊ុន សែន បាន​ដាក់​ការ​សង្ស័យ​លើ​ជនជាតិ​ម៉ុងតាញ៉ា​ (Montagnards) ឬ​ដេហ្គា Dega ​ដែល​បាន​ផ្ទុះ​អាវុធ​ក្នុង​ទឹក​ដី​វៀតណាម ​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​ និង​បារម្ភ​ក្រែង​ពួក​គេរត់​មក​ពួន​ក្នុង​ទឹកដី​កម្ពុជា។

ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសានក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។ Reuters
ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសានក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។ Reuters

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ បើ​សិន​ជា​ដឹង​ថា​ដ្រូន​ទាំង​នោះ​ជា​របស់​ប្រទេស​ណា​មួយ។

លោក​បញ្ជាក់​ថា៖ «ហើយ​ខ្ញុំ​សូម​ព្រមាន​ប្រទេស​ណា​ក៏​ដោយ​ ដែល​ឱ្យ​យន្តហោះ​គ្មាន​មនុស្ស​បើក បើ​ធ្វើ​សកម្មភាព​ឈ្លាន​ពាន​កម្ពុជា និង​ធ្វើ​ភេរវ​កម្ម​លើ​ទឹក​ដី​កម្ពុជា គឺ​បើ​យើង​ស៊ើប​អង្កេត​បាន យើង​ប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ។ ហើយ​ខ្ញុំ​សុំ​បញ្ជាក់​ថា​នរណា កម្លាំង​អង្គភាព​ណា​បាញ់​ធ្លាក់​ដ្រូន​មួយគ្រឿង ខ្ញុំ​ជូន​២០​ម៉ឺន​ដុល្លារ​អាមេរិក»។
​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​តាម​រយៈ​សារអ៊ី​ម៉ែ​ល​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា VNexpress ទី​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​របស់​វៀត​ណាម​បាន​រាយការណ៍​ថា​មាន​មនុស្ស​ចំនួន​ ៨៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ការិយា​ល័យ​គណៈ​កម្មាធិ​ការ​ប្រជា​ជន នៅ​ក្នុង​ខេត្ត​ Dak Lak ប្រទេស​វៀត​ណាម ហើយ​ក៏​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​មណ្ឌល​គិរី​នៃ​ប្រទេស​កម្ពុជា។

ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​ដែល​ធ្លាប់​មាន​ប្រវត្តិ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​យោធា​អាមេរិក​ក្នុង​អំឡុង​សង្គ្រាម​វៀត​ណាម ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​ប្រទេស​វៀត​ណាម។ ក្រុម​នេះ​បាន​ប្រយុទ្ធ ដើម្បី​សិទ្ធិ​ដី​ធ្លី​ និង​ជំនឿ​សាសនា​របស់​ខ្លួន និង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​បែប​កុម្មុយ​និស្ត។

កាល​ពី​ឆ្នាំ​២០១៧ ​ជនជាតិ​ម៉ុង​តាញ៉ា ប្រមាណ​២០០​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​គ្រិស្ត បាន​គេច​ខ្លួន​ពី​ប្រទេស​វៀត​ណាម ​ហើយ​បាន​ចូល​មក​កម្ពុជា ដើម្បី​ស្វែង​រក​ឋានៈ​ជាជន​ភៀស​ខ្លួន។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ លោក ​ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌល​គិរី​ចាប់​ខ្លួន​ក្រុម​ប្រយុទ្ធ​ដែល​លោក​ថាជា​ពួក​ឧទ្ទាម​«បាក់​ទ័ព»ដែល​ជាជន​ជាតិ​ម៉ុងតាញ៉ា (Montagnards) ​ឬដេហ្គា ​(Dega)​ ដែល​បាន​ផ្ទុះ​អាវុធ​ក្នុង​ទឹកដី​វៀត​ណាម។ ​លោក ​ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​ស្វែង​រក ​និង​ចាប់​ខ្លួន​ពួក​គេ ​ដើម្បី​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​វៀត​ណាម​វិញ។ លោក​បញ្ជាក់​ថា​កម្ពុជា​មិន​អាច​ក្លាយ​ជា​កន្លែង​សម្រាប់​ជន​ឧទ្ទាម​ «បាក់​ទ័ព»ទាំង​នោះជ្រក​កោន​ឡើយ៕

XS
SM
MD
LG