លោកហ៊ុន សែន ចំអកឲ្យក្រុមជំទាស់រឿងការដកសញ្ជាតិអាមេរិក ដោយចាត់ទុកថាការគាំទ្រគណបក្សណាមួយ គឺជាសិទ្ធិនយោបាយ។ លោកបានចោទសួររបៀបកំប្លែងបែបចំអកដល់ក្រុមជំទាស់ ហើយថា បើអាមេរិក ដែលជាប្រទេសបិតាប្រជាធិបតេយ្យដកសញ្ជាតិដោយសារតែមិនគាំទ្រគណបក្សជំទាស់កម្ពុជានោះ វាជារឿងមិនគួរឲ្យជឿ។
នៅក្នុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា សរុបជាង២ពាន់នាក់ នៅបុរីញូវយ៉ក កាលពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញាកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានវាយបកទៅលើការគំរាមរបស់ក្រុមជំទាស់ទាក់ទងនឹងការដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរអាមេរិកាំង ដែលមកទទួល និងគាំទ្រលោកក្នុងពេលបំពេញទស្សនកិច្ចដើម្បីថ្លែងការណ៍នៅឯមហាសន្និបាតអ.ស.ប លើកទី៧៣ ក្នុងនាមប្រទេសកម្ពុជា។
«ព្រោះបងប្អូនមកមានបំណងមកជួបជាមួយខ្ញុំដើម្បីផ្តល់នូវការគាំទ្រទាំងឡាយចំពោះគណបក្សប្រជាជន ចំពោះរាជរដ្ឋាភិបាល និងចំពោះខ្លួនខ្ញុំ ដែលបានធ្វើ កិច្ចការ។ បើយោងទៅលើអ្វីដែលគេគំរាមរហូតទៅដល់ តាមខ្ញុំដឹង គឺថាបើហ៊ាន តែមកគេនឹងដកសញ្ជាតិ។ បើហ៊ានតែគាំទ្រគណបក្សប្រជាជន គេនឹងដកសញ្ជាតិ (ស្នូរទះដៃ)»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ ក្នុងពេលដែលមានសេចក្តីរាយការណ៍ថា មានចលនាធ្វើការប្តឹងផ្តល់ទៅក្រសួងសន្តិសុខមាតុភូមិ ឬស្ថាប័នអន្តោប្រវេសន៍របស់អាមេរិក ដើម្បីស្នើសុំដកសញ្ជាតិពលរដ្ឋខ្មែរណាដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា។
«ខ្ញុំចង់សួរទៅប្រធានាធិបតី ដូណាល់ ត្រាំ ខ្ញុំចង់សួរទៅរដ្ឋការសហរដ្ឋអាមេរិក តើត្រង់ណាទៅ បើអ្នកឯងដកសញ្ជាតិពិតប្រាកដ តើត្រង់ណាទៅដែលអ្នកឯងនិយាយពីសិទ្ធិនយោបាយ។ គាំទ្របក្សប្រឆាំងទើបបានសិទ្ធិជាពលរដ្ឋអាមេរិក គាំទ្រគណបក្សប្រជាជន បែរជាត្រូវដកហូតនូវសញ្ជាតិ។ ដូច្នេះតើប្រទេសមួយដែលតាំងខ្លួនជាបិតានៃលទ្ធិប្រជាធិបតេយ្យ មានលទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ឬទេ? តែនេះមិនមែនជាសំឡេងនៃរដ្ឋការរបស់លោកប្រធានាធិបតីត្រាំទេ គឺជាសំឡេងរបស់ពួកប្រឆាំងកម្ពុជាមួយក្តាប់តូច ដែលមកជ្រកកោណនៅទីនេះ(ស្នូទះដៃ)»។
ក្រុមជំទាស់ទំនងជាយោងទៅលើទម្រង់ N 400 ដែលជាទម្រង់ពាក្យសុំសិទ្ធិចូល សញ្ជាតិអាមេរិក។ ក្នុងចំណុចមួយនៃទម្រង់នោះ ត្រូវឲ្យមានការបញ្ជាក់ពីការមានឬ មិនមានការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្សេងៗ គណបក្សគ្រប់គ្រងបែបផ្តាច់ការរបបកម្មុយនីស្ត និងអង្គការភេរវកម្មជាដើម។
ថ្លែងប្រាប់ VOA នៅកន្លែងធ្វើបាតុកម្មក្នុងបុរីញូវយ៉កកាលពីថ្ងៃសៅរ៍ លោកអួង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ប្រចាំសហរដ្ឋអាមេរិក បានថ្លែងថា ពលរដ្ឋខ្មែរអាមេរិកាំងនឹងមិនហ៊ានគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៀតទេ នៅពេលដែលសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា HR 5754 ចេញរួច។
«យើងនេះអត់មានកាន់លទ្ធិប្រជាធិបតេយ្យទេ។ មួយខាងកម្មុយនីស្ត មួយខាងលទ្ធិប្រជាធិបតេយ្យ។ យើងមិនចង់ឲ្យខ្មែរយើងដែលមករស់នៅស្រុកនេះហើយដែល ស្បថចូលសញ្ជាតិអាមេរិកហើយ ថាមិនចូលគាំទ្រលទ្ធិផ្តាច់ការលទ្ធិកម្មុយនីស្តនោះ បានសញ្ជាតិហើយបកក្បាលទៅការពារលទ្ធិផ្តាច់ការ លទ្ធិកម្មុយនីស្ត។ អញ្ចឹងហើយនៅពេលដែលច្បាប់៥៧៥៤ចេញប្រើជាផ្លូវការ ខ្ញុំជឿថា អ្នកទាំងអស់នោះប្រាកដជារួញខ្លួន ហើយមិនហ៊ានចេញមុខគាំទ្រលទ្ធិកម្មុយនីស្តទេ»។
លោកបានបន្ថែមថា៖
«ព្រោះច្បាប់៥៧៥៤ នឹងផ្តន្ទាចំពោះអ្នកវិនិយោគធំៗ ហើយនៅក្នុងនោះដែរនឹងមាន ការរុញច្រានធ្វើម៉េច អ្នកដែលកម្មុនីស្តនឹងទទួលការពិន័យផ្សេងៗពាក់ព័ន្ធនឹងការធ្វើវិនិយោគទុន ថៅកែខ្លួនឯងផង និងសញ្ជាតិផង។ នេះជាការមួយដែលយើងនឹង ធ្វើការបន្តទៅទៀត»។
ការតវ៉ាគាំទ្រគោលនយោបាយរបស់ក្រុមជំទាស់ និងក្រុមអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកើតឡើង។
ក្រុមប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់ប្រទេសជាតិ បានមកចូលរួមសម្តែងមតិរៀងៗ ខ្លួន ចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលចូលរួមថ្លែងការណ៍នៅ ឯមហាសន្និបាតអ.ស.ប លើកដំបូងចាប់តាំងពីរដ្ឋាភិបាលថ្មីអាណតិទី៦ កើតឡើង នៅឆ្នាំ២០១៨។
ក្រុមជំទាស់ដូចជាលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវ រំលាយបានថ្លែងក្នុងពេលចូលរួមបាតុកម្មថា មកដល់ពេលនេះនៅមានប្រទេសលោក ខាងលិច មិនទាន់គាំទ្ររាជរដ្ឋាភិបាលថ្មីទេ។
«ការពិតទៅ ប្រទេសដែលគេគោរពគោលការណ៍ប្រជាធិបតេយ្យ គេគោរពសិទ្ធិមនុស្សពិតប្រាកដ គេមិនទទួលស្គាល់របបលោក ហ៊ុន សែន ទេ។ យើងឃើញហើយដូចជាសហគមន៍ អឺរ៉ុប ស.រ.អា ហើយនឹងបណ្តាប្រទេសសេរីមួយចំនួនទៀត មានតែប្រទេសកម្មុយនីស្តផ្តាច់ការដែលគាំទ្ររបបលោក ហ៊ុន សែន យើងអត់មានអីចម្លែកទេ។ ប្រទេសចិន ប្រទេសយួន ប្រទេសឡាវ គាំទ្ររបបលោក ហ៊ុន សែនហ្នឹង គឺអត់ចម្លែកទេ តែដោយឡែកសម្រាប់ប្រទេសលោកខាងលិចដែលគេប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរីនិយម ពហុបក្សគឺគេអត់គាំទ្រទេ»។
លោក Rodney Elliott ជនជាតិអាមេរិកាំង ជាអតីតអភិបាលក្រុង Lowell រដ្ឋ Massachusetts បានថ្លែងជំទាស់ទៅនឹងចំណាត់ការលើក្រុមជំទាស់ក្នុងប្រទេស កម្ពុជាថា មិនមែនជាលទ្ធិប្រជាធិបតេយ្យទេ។
«ខ្ញុំមកគាំទ្រពលរដ្ឋមកពីក្រុងឡូវែល រដ្ឋម៉ាស្សាជូសេដ្ឋស៍ ដែលប្រឆាំងនឹងលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះហេតុផលទាក់ទងនឹងការបោះឆ្នោត ការចាប់លោក កឹម សុខាដាក់គុក។ ហើយខ្ញុំមិនមែនទៅកម្ពុជាម្តងទេ ខ្ញុំទៅពីរដង ដូច្នេះខ្ញុំមកទីនេះ ដើម្បីគាំទ្រពួកគេ។ ក្តីសង្ឃឹមសម្រាប់សេរីភាពកម្ពុជា ខ្ញុំបានឃើញដែលកំពុងកើត ឡើងក្នុងប្រទេសកម្ពុជា ទំនងមិនមែនជាលទ្ធិប្រជាធិបតេយ្យទេ នៅទីនេះ ការតវ៉ា នៅទីនេះគឺជាលទ្ធិប្រជាធិបតេយ្យ»។
លោក ជុំ ប៊ុនឈាន ពលរដ្ឋនៃក្រុមជំទាស់ មកពីរដ្ឋ Minnesota បានចោទជាសំណួរចំពោះការបង្កើតរាជរដ្ឋាភិបាល។
«ហើយយើងសួរថា តើការបោះឆ្នោតនៅឆ្នាំ២០១៨ កន្លងទៅនេះ តើជាការបោះឆ្នោត ត្រឹមត្រូវ ដោយយុត្តិធម៌ទេ តើបងប្អូនយល់ដូចខ្ញុំទេ គឺជាការបោះឆ្នោតដែលរៀបចំ ឡើងដោយការក្លែងក្លាយ។ ដូច្នេះ យើងគិតថារបបនេះ វាបង្កើតជាសភាខុសច្បាប់ គឺរបបណាបង្កើតរដ្ឋាភិបាលខុសច្បាប់ យើងដឹងច្បាស់ហើយគឺជារបបលោក នាយករដ្ឋមន្ត្រីហ៊ុន សែន»។
លោក ខៀវ សំបូ មកពីរដ្ឋ South Carolina បានទទូចឲ្យមានការស្តារប្រជាធិបតេយ្យ នៅកម្ពុជា។
«អញ្ចឹងយើងជាប្រជាជនខ្មែរ ក្នុងថ្ងៃនេះ យើងចង់ឲ្យលោក ហ៊ុន សែន គាត់ត្រឡប់ ទៅក្រោយវិញគឺស្តារប្រជាធិបតេយ្យឡើងវិញ ហើយអនុញ្ញាតឲ្យគណបក្សសង្គ្រោះ ជាតិមានសិទ្ធិបោះឆ្នោតឡើងវិញ ដោយសេរីនិងយុត្តិធម៌ មានអន្តរាគមន៍ពីអន្តរជាតិ ក្នុងរឿងគ.ជ.បជាដើម»។
ដោយឡែកក្រុមសម្តែងមតិគាំទ្រវិញ បានថ្លែងគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាំងការដឹកនាំប្រទេស និងការបោះឆ្នោតបង្កើតរាជរដ្ឋាភិបាលថ្មី។
លោក លុយ គឹមស្រេង មកពីរដ្ឋកាលីហ្វ័រញ៉ា បានសម្តែងទឹកចិត្តគាំទ្រលោកនាយករដ្ឋមន្ត្រី ដោយយោងទៅលើការអភិវឌ្ឍនិងសន្តិភាពពេលសម្តែងមតិនៅញូវយ៉ក។
«មូលដ្ឋានដែលមកគាំទ្រសម្តេចនាយករដ្ឋមន្ត្រីក៏ដោយសារថា យើងជាជនជាតិខ្មែរ អាមេរិកាំង មើលឃើញពីស្នាដៃដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយការអភិវឌ្ឍ និងសន្តិភាព»។
លោក អោម សំអុល មកពីរដ្ឋក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន បានបន្ទរថា៖
«មកនេះគឺមក គាំទ្រ (support) នាយករដ្ឋមន្ត្រីសម្តេច តេជោ ដែលធ្វើឲ្យមានសន្តិភាព នៅក្នុងប្រទេសកម្ពុជា ដែលបានរំដោះនៅថ្ងៃ ៧ មករា»។
ជនជាតិអាមេរិកាំង លោក John Rosander មកពីរដ្ឋ Origen ជាអ្នកគាំទ្រលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយក្រុមរបស់លោកដែរ។
លោកព្រំ បេនផល្លី ពលរដ្ឋខ្មែរ នៅកាណាដា បានថ្លែងថា លោកគាំទ្ររាជរដ្ឋាភិបាល ថ្មី ដែលកើតចេញពីការបោះឆ្នោត ហើយលោកចង់ឃើញមានការកែទម្រង់ថ្មីៗទៀត។
«ពេលណាយើងបោះឆ្នោតជូនរាជរដ្ឋាភិបាលថ្មី ដែលចងក្រងឡើងឲ្យមានសណ្តាប់ ធ្នាប់ កម្ចាត់អំពើពុករលួយ តុលាការមាននីតិរដ្ឋត្រឹមត្រូវ ហើយបងប្អូនទាំងអស់គ្នា ខ្ញុំឃើញពេលនេះ បានបោះឆ្នោតជូនគណបក្សប្រជាជនគឺជាការបង្រួបបង្រួម»។
លោកនាយករដ្ឋមន្ត្រី ប្រឈមមុខនឹងបាតុកម្ម និងការរិះគន់ពីការមិនទទួលស្គាល់រាជរដ្ឋាភិបាលថ្មី ទោះជាមានប្រទេសមួយចំនួនបានគាំទ្រជាបន្តបន្ទាប់ចំពោះរាជ រដ្ឋាភិបាលថ្មី ដែលកើតឡើងក្រោយការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨៕