ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​គាំទ្រ​ថា វត្តមាន​លោក​ ​ហ៊ុន សែន​​ក្នុង​មហាសន្និបាត​​អ.ស.ប​នៅ​ញូវយ៉ក​ ​ផ្តល់​កិត្តិយស​ដល់​កម្ពុជា


លោក​ ហ៊ុន សែន ថ្លែងឆ្លើយតបសំណួរអ្នកសារព័ត៌មាន VOA ខណៈពេលលោកមកដល់បុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។ (រូបថតថតពីវីដេអូ)
លោក​ ហ៊ុន សែន ថ្លែងឆ្លើយតបសំណួរអ្នកសារព័ត៌មាន VOA ខណៈពេលលោកមកដល់បុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។ (រូបថតថតពីវីដេអូ)

«ពី​ដំបូង​គេ​ថា ​អាមេរិក​ ​មិន​ឲ្យ​ចូល​ស្រុក។​ ​ឥឡូវ​ខ្ញុំ​មក​ដល់​អា​មេរិក។​ ​អា​មេរិក​វាស់​ដី​ឲ្យ​ដើរ​ ​ពិត​ជា​ត្រឹម​ត្រូវ​ ព្រោះ​ខ្ញុំ​អត់​ដើរ​ទៅ​ផ្លូវ​ណា​ផ្សេង​ក្រៅ​​ពីផ្លូវ​ពី​ព្រលាន​យន្ត​ហោះមក​អូតែល​ ​ពី​អូតែល​ចូល​អ.ស.ប.​ ​ប៉ុណ្ណឹង​តើ»។​

​នៅ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នៃ​ប្រទេស​កម្ពុជា​បាន​អញ្ជើញ​មក​ដល់​បុរីញូវ​យ៉ក​ ​ដើម្បី​ត្រៀម​ថ្លែង​សុន្ទរកថា​ ​នៅក្នុងកិច្ចប្រជុំមហា​សន្និបាត​ ​អង្គការ​សហ​ប្រជាជាតិ​ ​(អ.ស.ប)​ ​លើក​ទី៧៣​ ​ក្រោយ​ពេល​រាជ​រដ្ឋា​ភិបាល​ថ្មី​ប្រទេស​កម្ពុជា​កើត​ឡើង​នោះ មាន​តំណាង​ពល​រដ្ឋ​ខ្មែរ​អាមេរិ​កាំង​ជា​ច្រើន​មក​ពី​តាម​បណ្តា​រដ្ឋ​នា​នា​ ​និង​រួមទាំង​ខ្មែរ​ ​កាណាដា​ផង​ ​បាន​មក​ទទួល​ស្វាគមន៍​នៅ​ឯ​សណ្ឋាគារ​ ដែល​មេដឹកនាំ​កម្ពុជា​កំពុង​ស្នាក់​នៅ។

តំណាង​ពល​រដ្ឋ​ទាំង​នោះ​ត្រូវ​ ​ក្រុម​សន្តិសុខ​អនុញ្ញាត​ដើម្បី​ជួប​ទទួល​ ​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ​ នៅ​ពេល​ក្បួន​រថយន្ត​មក​ដល់​នៅ​សណ្ឋាគារ​ជិតទីស្នាក់​ការ​កណ្តាល​អ.ស.ប​ ​ដែល​មេដឹក​នាំ​កម្ពុជា​ ​សម្រាក​ត្រៀម​ថ្លែង​សុន្ទរក​ ​ថា ​បង្ហាញ​ពិភពលោក​អំពី​សមិទ្ធផល​ជា​ច្រើន​ ​ដែល​កម្ពុជា​សម្រេច​ ​បាន​ទាំង​ក្នុង​ប្រទេស​ទាំង​តំបន់​ ​និង​ឆាក​អន្តរ​ជាតិ។​ ​ក្រុម​ពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​យោ​បល់​រៀង​ខ្លួន​ពីការ​ដឹកនាំ​ប្រទេស​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន​ សែន​ ​និង​សារៈ​សំខាន់​នៃ​វត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ក្នុង​វេទិកា​ពិភព​លោក​ ​ដែល​មានក្រុម​មេ​ដឹកនាំ​ជាង​ ១៩០​ប្រទេស​ចូល​រួម​ដូច​ប្រទេស​កម្ពុជា។​

​លោក​ ​ពេជ្រ សារុណ​ ​តំណាង​ពល​រដ្ឋខ្មែ​រអាមេរិកាំង​មក​ពី​ក្រុង​តាកូម៉ា ​(Tacoma)​ រដ្ឋ​វ៉ាស៊ីន​តោន ​(Washington State) ​បាន​ចាត់​ទុក​ថា វត្តមាន​មេដឹកនាំ​កម្ពុជា​ផ្តល់​កិត្តិយស​ដល់​ប្រទេស​លើ​ឆាក​អន្តរ​ជាតិ។

«វត្តមាន​របស់​សម្តេច​ក្នុង​កិច្ច​ប្រជុំ​មហា​សន្និ​បាត​ ​អ.ស.ប​ ​គឺ​វាជា​មោទន​ភាព​របស់​ខ្មែរ​យើង​ទាំង​អស់គ្នា​ ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​បណ្តា​ប្រទេស​នា​នា​នៅ​លើ​សកល​លោក​ហ្នឹង​បាន​ទទួល​ស្គាល់​ថា​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ​កម្ពុជាជា​ប្រទេស​ឯករាជ្យ​ ​អធិបតេយ្យ​ ​យើង​ជា​ សមាជិក​ស្រប​ច្បាប់​នៃ​ ​អ.ស.ប​ ​ ហើយ​ខ្ញុំ​ជាខ្មែរ​ម្នាក់​ដែរ​ ​ខ្ញុំ​មាន​មោទ​នភាព»។

លោក​ ​ដួង តារា​ ​ជា​ពល​រដ្ឋ​ខ្មែរ​អា​មេរិកាំង​ ​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ​បាន​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ចូលរួម​របស់​មេដឹក​នាំ​កម្ពុជា។​ លោកបាននិយាយថា៖

​«ហើយ​មោទន​ភាព​ ​កិត្តិយស​នេះ​គឺ​ជា​ របស់​កម្ពុជា​ទាំង​មូល។​ ​មាន​ន័យ​ថា ​(ពល​រដ្ឋ​កម្ពុជា)​ នៅ​ក្នុង​កម្ពុជា​ ​និង​(ពលរដ្ឋកម្ពុជា)​ ​កម្ពុជា​ដែល​រស់​នៅ​ស.រ.អា​ ​និង​(ពល​រដ្ឋកម្ពុជា)​ កម្ពុជា ​ដែល​រស់​នៅ​ជុំវិញ​ពិ​ភព​លោក។​ ​គឺបង្ហាញថា​យើង​គឺ​ជា​ ប្រទេស​មួយ​មាន​សិទ្ធិ​សេរីភាព​ ​មានឋានៈ​ ​មាន​តួនាទី​ស្មើ​នឹង​ប្រទេស​នា​នា​ ​ដូច​ជា​ សហ​រដ្ឋ​អាមេរិក​ដែរ។​ ​នេះ​ជា​មោទ​នភាព​មួយ​របស់​កម្ពុជា»។

លោក​ ​សាន់នី សែម​ ​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ ​មក​ពី​រដ្ឋ​ញូវជឺស៊ី​ ​បាន​ថ្លែង​ពី​កិត្តិយស​របស់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​ដែល​មាន​វត្តមាន​នៅ​ក្នុង​មហា​សន្និបាត​ ​អ.ស.ប។ លោក​បាន​និយាយ​ថា៖

​«អ្វីដែលខ្ញុំ​និយាយ​ថា​ កិត្តិយស​ហ្នឹង​មាន​ន័យ​ថា​ ក្នុង​ប្រទេស​កម្ពុជា​យើង​ បើ​សិន​ជាអត់មាន​សម្តេច​ ដែល​ជួយ​ខិត​ខំ​ ​ជួយ​ព្យាយាម​កសាង​ប្រទេសជាតិ​យើង​ទេ​ ​ខ្ញុំគិត​ថា​ស្រុក​ខ្មែរ​យើង​គឺ​ មិន​ជឿន​លឿន​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ។​ ​ខ្ញុំជឿ​ជាក់​ថា ​ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​នេះ​គឺ​ ជឿន​លឿន​ ​ឡើង​លឿន​បំផុត​ ​គឺ​ដោយ​សារ​តែ​សម្តេច​តេជោ​របស់​យើង»។

លោក​ ​ព្រំ បេនផល្លី​ ​មក​ពី​វេន​គូវឺ​ ​(Vancouver)​ ​ប្រទេស​កាណាដា​ ​បាន​ថ្លែង​ពី​ការ​ ​អរសប្បាយ​ ពេល​បាន​មក​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី​ ហើយ​ថា ​លោក​នឹង​ត្រៀម​សួរ​ពី​កំណែ​ទម្រង់​មួយ​ចំនួន​ក្នុង​ប្រ​ទេស​កម្ពុជា​ ​និង​ឆ្លើយ​ឆ្លង​អំពី​ស្ថាន​ការណ៍​កម្ពុជា។​

«ខ្ញុំ​បាទ​ចង់​ឃើញ​ថា ​កម្ពុជា​មាន​ស្ថិរភាព​ ​ដូច​ពី​ដើម​សម្តេច​បាន​លើក​ឡើង​ពី​បា​វចនា​ ថា ពេលណា​យើង​បាន​បោះឆ្នោត​ជូន​រាជ​រដ្ឋា​ភិបាល​ថ្មី​ ​ចង​ក្រង​មាន​សណ្តាប់ធ្នាប់​ ​កម្ចាត់​អំពើ​ពុក​រលួយ​ ​មាន​តុលាការ​ ​មាន​នីតិ​រដ្ឋ​ត្រឹមត្រូវ»។​

​ទោះ​ជាមាន​ការ​គាំទ្រ​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដូច្នេះ​មែន​ ​តែ​លោក​នាយករដ្ឋ​មន្ត្រី​ប្រ​ឈម​មុខ​នឹង​ ​ប្រ​ទេស​លោក​ខាងលិច​មួយ​ចំនួន​ដូច​ជា​ ស​.រ.អា​ ​សហភាព​អឺរ៉ុប​ ​ដែល​មិន​ទាន់​ទទួល​ស្គាល់​រដ្ឋា​ភិ​បាល​ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ ​ចុង​ក្រោយ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ​ ​ហើយ​ក៏​ប្រឈម​នឹង​ការ​ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ធ្វើ​ឲ្យ​ខូចខាត​ប្រជាធិប​តេយ្យ​កម្ពុជា​ដែរ​ ​ក្រៅ​ពី​បាតុកម្ម​ពី​ក្រុម​ជំទាស់​ ​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ​និង​ ​ការ​ទាមទារ​ស.រ.អា​មិន​ឲ្យ​មន្ត្រី​រាជ​រដ្ឋា​ភិបាល​មួយ​ចំនួន​ចូល​មក​ស.រ.អា។

តែ​លោក​ ​ហ៊ុន សែន​ ​បាន​បញ្ជាក់​ពីវត្ត​មាន​របស់​លោក​តប​ទៅ​ក្រុម​ជំទាស់​វិញ​នៅ​ពេល ​VOA ​សួរ​លោក​អំពី​ប្រតិកម្ម​ទាក់​ទង​នឹង​ការ​ដាក់​កំហិត​ទិដ្ឋា​ការ​របស់​ ​ស.រ.អា​ ​ចំពោះ​មន្ត្រី​មួយ​ចំនួន​នោះ។

«ពី​ដំបូង​គេ​ថា ​អាមេរិក​ ​មិន​ឲ្យ​ចូល​ស្រុក។​ ​ឥឡូវ​ខ្ញុំ​មក​ដល់​អា​មេរិក។​ ​អា​មេរិក​វាស់​ដី​ឲ្យ​ដើរ​ ​ពិត​ជា​ត្រឹម​ត្រូវ​ ព្រោះ​ខ្ញុំ​អត់​ដើរ​ទៅ​ផ្លូវ​ណា​ផ្សេង​ក្រៅពីផ្លូវ​ពី​ព្រលាន​យន្ត​ហោះមក​អូតែល​ ​ពី​អូតែល​ចូល​អ.ស.ប.​ ​ប៉ុណ្ណឹង​តើ»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ​បាន​ចំអក​ដូច្នេះ​ ដោយ​ទំនង​ជា​ចង់​បញ្ជាក់​ថា​ ​លោក​គ្មាន​កិច្ចការ​អ្វី​ផ្សេង​ក្រៅ​ពី​ចូល​រួម​កិច្ច​ប្រជុំ​ ​អ.ស.ប​ និង​កម្ម​វិធី​នា​នា ​ដែល​បាន​កំណត់​ទុក​ជា​មុន​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​នោះ​ ​បាន​ចូល​រួម​ក្នុងកិច្ចប្រជុំម​ហា​សន្និបាត​ ​អ.ស.ប​ ​ជា​ច្រើន​លើក​ និង​ចុង​ក្រោយ​គឺ​ កាល​ពី​ឆ្នាំ​២០១៥​ ​ហើយ​លោក​ត្រូវ​បាន​លោក​អតីត​ប្រធានា​ធិបតី​ ​ស.រ.អា​ ​បារ៉ាក់ អូបាម៉ា ​អញ្ជើញ​ឲ្យ​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ​អាមេរិក​កាល​ពីឆ្នាំ​២០១៦​ ​ក្នុង​ក្រុង​សានីឡែន Sunnyland រដ្ឋ​កាលីហ្វ័រញ៉ា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG