ក្នុងពិធីសំណះសំណាលជាមួយពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេស កាណាដា ជាង២០០០នាក់ នៅបុរីញូវយ៉កកាលពីសប្តាហ៍មុន លោក ហ៊ុន សែនគ្រោងស្នើឲ្យមានការលើកលែងទោសដល់ទណ្ឌិតជាច្រើន ក្នុងពេលបុណ្យជាតិធំៗ បីជាបន្តបន្ទាប់ខាងមុខ។
«ឆ្នាំនេះ ខ្ញុំចង់ឲ្យមានការលើកលែងទោសដោយទ្រង់ទ្រាយធំមួយ នៅពេលភ្ជុំនៅ ពេលបុណ្យឯករាជ្យ និងនៅពេលខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា»។
សារព័ត៌មាន Phnom Penh Post បានរាយការណ៍ថា នៅពេលបុណ្យភ្ជុំបិណ្ឌនេះ នឹងមានទណ្ឌិតជាង៣១៩ នាក់នឹងត្រូវស្ថិតក្រោមស្នើសុំរបស់ក្រសួងយុត្តិធម៌ឲ្យមានការត្រួតពិនិត្យដើម្បីទទួលការលើកលែងទោស។
គេមិនទាន់ឃើញមានការបញ្ជាក់ពីបំណងនៃការលើកលែងទោសដល់ទណ្ឌិតប៉ុន្មាននាក់ មានជាប់បទល្មើសអ្វីខ្លះ និង ជាប់ទោសបានប៉ុន្មានឆ្នាំក្នុងទោសរបស់គេទាំងនោះ ត្រូវស្ថិតក្នុងគម្រោងលើកលែងទោសរបស់លោកនាយករដ្ឋមន្ត្រីនោះទេ។
តែលោកនាយករដ្ឋមន្ត្រីគ្រាន់តែបានសួរ និងឆ្លើយដោយខ្លួនលោកទៅនឹងការសម្រេច ស្នើសុំឲ្យមានការលើកលែងទោសដល់មន្ត្រីជំទាស់មួយចំនួន។
«បងប្អូនអើយប្រសិនបើយើងអាចធ្វើទៅរួច យើងត្រូវខិតខំធ្វើ ដើម្បីឲ្យខ្មែររួបរួមគ្នា កុំឲ្យខ្មែរបែកបាក់។ នៅពេលដែលគេទទួលស្គាល់កំហុសយើងអាចធ្វើបាន យើងធ្វើទៅនៅក្នុងក្របខណ្ឌសិទ្ធិអំណាចរបស់យើង។ ខ្ញុំមានសិទ្ធិនឹងធ្វើបែបនោះ តែបើនៅក្នុងក្របខណ្ឌដៃរបស់តុលាការ គឺវាជារឿងមួយផ្សេង ប៉ុន្តែបើសិននៅក្នុងសាល ក្រមចូលស្ថាពរហើយ សិទ្ធិនៃការសុំលើកលែងទោសថ្វាយព្រះមហាក្សត្រ គឺជាសិទ្ធិ របស់នាយករដ្ឋមន្ត្រី។ ច្បាប់ពន្ធនាគារ គេបានចែងថា នាយករដ្ឋមន្ត្រីមានសិទ្ធិនឹងសុំព្រះរាជទានទោសពេលណាក៏បាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមនុស្សទាំងពីរ ឲ្យនៅចាំពីលិខិត សុំទោសរបស់ខ្លួន ដោយព្រមានចាក់ផ្សាយលិខិតទទួលកំហុសនោះឡើងវិញ។
លោក ហ៊ុន សែន បានលើកឡើងការស្នើសុំឲ្យមានការលើកលែងទោសដល់សកម្ម ជននយោបាយពីរនាក់ គឺលោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល ត្រូវរំលាយ និងលោក មាជ សុវណ្ណារ៉ា ដែលជាប់ទោសរៀងៗខ្លួនទាក់ទងនឹងបញ្ហា រិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីឆ្នាំ២០១៤ ហើយត្រូវជាប់ទោស២០ឆ្នាំ ក្នុងគុក និងបញ្ហាព្រំដែនសម្រាប់លោក អ៊ុំ សំអាន។
គេគ្មានដំណឹងថា តើក្រុមគណបក្សជំទាស់ និងសកម្មជននយោបាយ និងក្រុមតស៊ូ មតិ ដែលរងទោសទាំងឡាយនឹងមានឈ្មោះឬក៏ទេ ដោយសារពួកគាត់មិនទាន់ត្រូវ បានតុលាការសម្រេចទោសទណ្ឌ ក្នុងនោះរួមទាំងលោក សម រង្ស៉ី និងលោកកឹម សុខា ផងដែរ។
យូរៗម្តងគេឃើញទណ្ឌិតសិបនាក់ ឬច្រើនរយនាក់ត្រូវព្រះមហាក្សត្រ ព្រះរាជទាន ទោស តាមសំណើររបស់លោកនាយករដ្ឋមន្ត្រី ជាពិសេសនៅពេលទណ្ឌិតទាំងនោះ បានកែខ្លួន ទទួលស្គាល់ទោសកំហុស សន្យាថាកែខ្លួន ហើយបានទទួលទោស ទណ្ឌជិតដល់ពេលបញ្ចប់៕