លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទ បានប្រតិកម្មទៅនឹងអ្នករិះគន់ការលុបបឹង ទើបបណ្តាលឲ្យជន់លិចទីក្រុង នៅពេលមានភ្លៀងធ្លាក់ខ្លាំង។
លោកបានថ្លែងការពារថា ទឹកជំនន់លិចក្រុង គឺដោយសារភ្លៀងធ្លាក់ខ្លាំង ហើយវាកើតឡើងនៅប្រទេសផ្សេងដែរ មិនមែនមានតែនៅកម្ពុជាទេ។
លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ «ខ្ញុំស្អប់បំផុត ស្អប់អាពេលទឹកជំនន់ម្តងៗ គឺជេរនោះជេរ ជេរថាឯងលុបបឹង ស្គាល់ទេពាក្យជំនន់?»
លោក ហ៊ុន សែន បន្ថែមថា នៅពេលមានជំនន់ក្នុងទីក្រុង មានការនិយាយ«ដៀមដាម»ដល់អភិបាលរាជធានីភ្នំពេញអំពីការលុបបឹង។
គួរបញ្ជាក់ថា បឹងធំៗមួយចំនួន ដែលជាផ្នែកនៃការជួយទប់ស្កាត់មិនឲ្យទឹកភ្លៀងជន់លិចរាជធានីភ្នំពេញ ត្រូវបានចាក់ដីលុបជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍទៅជាតំបន់ពាណិជ្ជកម្ម ដោយមានការសង់អគារធំៗ និងខ្ពស់ៗ។ បឹងដែលត្រូវបានចាក់លុបមួយចំនួនរួមមានបឹងពោងពាយ បឹងកក់ បឹងទំពុន បឹងប៉ាយ៉ាប បឹងស្នោរ បឹងជើងឯក និងបឹងតាមោកជាដើម៕