ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ឲ្យ​រដ្ឋសភា​សូត្រ​មន្ត​ដើម្បី​បណ្តេញ​ភាព​ចង្រៃ​ដែល​លោក​ថា​បង្ក​ដោយ​​ស្នេហា​លួច​លាក់​របស់​តំណាងរាស្ត្រប្រឆាំង​


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

លោក​ ហ៊ុន​ សែន ​កាល​ពី​ថ្ងៃ​អង្គារ នេះ បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នៅ​រដ្ឋសភា​ពី​ពាក្យ​​​ចចាមអារ៉ាម​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្តាញ​សង្គម​ Facebook​ ក្នុង​ពេល​ថ្មីៗ​នេះ​ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មាន​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រឆាំង​មួយ​រូប​ បាន​ប្រើប្រាស់​បន្ទប់​ក្នុង​រដ្ឋសភា​សម្រាប់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

ថ្មីៗ​នេះ មាន​ម្ចាស់​ទំព័រ​ Facebook ​មួយ​ឈ្មោះ​ «សី ហា» ​បាន​បង្ហោះ​រូបភាព ​និង​សរសេរថា ​ក្រុម​តំណាងរាស្រ្ត ​និង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន ​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ និង​លេង​ល្បែង​ស៊ី​សង​ក្នុង​កាស៊ីណូ​ជាដើម។ ស្របពេល​ជាមួយ​គ្នា​នេះ ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ធ្វើ​ពិធី​សូត្រ​មន្ត​ដើម្បី​បណ្តេញ​ភាព​ចង្រៃ។ ជា​ការ​ឆ្លើយ​តបរដ្ឋសភា​ដែល​ជា​ស្ថាប័ន​ច្បាប់​ដ៏​សំខាន់​របស់​រដ្ឋ​ប្រកាស​ថា ​នឹង​ស៊ើប​អង្កេត​លើ​ករណី​នេះ។​

រដ្ឋសភា​ជាតិ​នឹង​បើក​ការ​ស៊ើប​អង្កេតស្វែង​រកតំណាងរាស្ត្រគណបក្ស​ប្រឆាំង​មួយ​រូប​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ មាន​ស្នេហា​លួចលាក់​ជាមួយលេខា​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា។ ការ​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ​សែន ​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញកាល​ពី​ថ្ងៃ​អង្គារ​ថា​ មាន​ទំព័រ​ Facebook មួយ​ឈ្មោះ​«សីហា»​បាន​ប្រាប់​ឲ្យ​ប្រធានរដ្ឋសភា​និមន្តព្រះសង្ឃ​មក​សូត្រ​មន្ត​កម្ចាត់​ឧបទ្រព​ចង្រៃ​ដែល​កើត​ចេញ​ពី​ស្នេហា​លួចលាក់​នោះ។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ម្ចាស់​ទំព័រ Facebook ​មួយ​ឈ្មោះ «សីហា» បាន​បង្ហោះ​រូបភាព​ និង​សរសេរថា​ក្រុម​តំណាងរាស្រ្ត ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដែល​មាន​លោក​ អេង ​ឆៃអ៊ាង​ លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ លោក ​យឹម ​សុវណ្ណ​ លោក​ ហូរ ​វ៉ាន់ ​លោក ​ឡុង ​រី ​លោក​ ចាន់​ ចេង​ និង​លោក​ស្រី ​ពត​ ពៅ ​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ ឬ​ក៏​លេង​ល្បែង​ស៊ីសង​នៅ​ក្នុង​កាស៊ីណូ​ជាដើម។

ម្ចាស់​ទំព័រ​ Facebook ​ដដែល​នោះ​ បាន​សរសេរ​ថា​លោក ​យ៉ែម បុញ្ញឬទ្ធិ ​តំណាងរាស្រ្តគណបក្ស​ប្រឆាំងមាន​ស្នេហា​លួចលាក់​ជាមួយ​លេខា​ផ្ទាល់​របស់​លោក​ និង​បាន​ប្រព្រឹត្ត​អំពើ​អនាចារ​ក្នុង​បន្ទប់​នៅ​រដ្ឋសភា។

លោក​ ហ៊ុន​ សែន ​កាល​ពី​ថ្ងៃ​អង្គារ នេះ បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នៅ​រដ្ឋសភា​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្តាញ​សង្គម​ Facebook​ ក្នុង​ពេល​ថ្មីៗ​នេះ​ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មាន​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រឆាំង​មួយ​រូប​ បាន​ប្រើប្រាស់​បន្ទប់​ក្នុង​រដ្ឋសភា​សម្រាប់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ លោក​បាន​ប្រាប់​លោក ​ហេង ​សំរិន​ ប្រធានរដ្ឋសភា ​ដែល​ស្ថិត​ក្នុង​កិច្ច​ប្រជុំ​នោះ​ ឲ្យនិមន្តព្រះសង្ឃ​មក​សូត្រមន្ត​កម្ចាត់​ឧបទ្រព​ចង្រៃ​ចេញ​ពី​ក្នុង​រដ្ឋសភា។​

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា៖

«ឃើញ​គេ​បង្ហោះ​សារ​ អាណា​យក​បន្ទប់​សហាយ​គ្នា​នៅ​ក្នុង​បន្ទប់​ហ្នឹង។ ងាប់​ហើយ! បង ហេង សំរិន ខ្ញុំ​ឃើញ Page (ទំព័រ Facebook) មួយ​ឈ្មោះ «សី ហា» គេ​ថា​គេ​សំណូមពរ​បង​ឯង​ឲ្យ​សូត្រ​មន្ត​ចេញ វា​ចង្រៃ! ព្រោះ​មាន​សាហាយ​គ្នា​ក្នុង​បន្ទប់​ធ្វើ​ការ​នៅ​រដ្ឋសភា មួយ​ថ្ងៃ​រហូត​ដល់​បី​ដង។ ល្មម​ហើយ​ វា​ចង្រៃ»។

លោក​ ឡេង ​ប៉េងឡុង ​អ្នក​នាំពាក្យ​រដ្ឋសភា​ ប្រាប់ ​VOA​ ថា ​រដ្ឋសភា​កំពុង​ស៊ើបអ​ង្កេត​លើ​ករណី​នេះ។ ​លោក​ថា ទង្វើ​នេះ​ប៉ះពាល់​ដល់សីលធម៌ ប៉ុន្តែ​មិន​មាន​ច្បាប់​ណា​ចែង​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ដែល​ប្រព្រឹត្ត​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«យើង​អនុវត្ត​តាម​ច្បាប់ ច្បាប់​ត្រង់​ណា​យើង​អនុវត្ត​ត្រង់​ហ្នឹង។ បើ​អត់​មាន​ច្បាប់​យើង​អនុវត្ត​យ៉ាង​ម៉េច​ទៅ? ដូចគេ​ថា​សូត្រមន្ត​រំដោះ​គ្រោះ​អី​អញ្ចឹង យើង​ចេះ​តែ​ធ្វើ​បាន​ហើយ ប៉ុន្តែ​ថា​អត់​មាន​អត្ថបទ​ច្បាប់​ យើង​អនុវត្ត​ច្បាប់​យ៉ាងម៉េច​ទៅ?»។

VOA មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ យ៉ែម ​បុញ្ញឬទ្ធិ ​តំណាងរាស្រ្ត និង​ជាមន្រ្តី​ជាន់​ខ្ពស់​គណបក្សប្រឆាំង​បាន​ទេ។​

លោក​ កឹម ​សុខា ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពីថ្ងៃ​ទី​អង្គារ​នេះ​ថា​ រាល់​ពេល​ដែល​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​ គណបក្ស​សង្គ្រោះជាតិ​តែង​រង​នូវ​ការ​វាយ​ប្រហារ​ផ្សេង​ៗ។ លោក​បន្ថែម​ថា​ គណបក្ស​សង្គ្រោះជាតិត្រូវ​រក្សា​ភាព​រឹងមាំ។

លោក​សរសេរ​ក្នុង​សម្រង់​ន័យ​ដើម​ថា៖

«យើង​ត្រូវ​ដឹង​ខ្លួន​ជា​មុន​ថា ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​ រឿងរ៉ាវ​ដែល​គេ​បង្ក​ ឬ​បង្កើត​នោះ​កាន់​តែ​ច្រើន ​ហេតុ​នេះ​ហើយ​យើង​កុំ​ភ្ញាក់​ផ្អើល។ យើង​ត្រូវ​ផ្ដោត​លើ​កិច្ចការ​របស់​យើង​ដើម្បី​សម្រេច​គោលដៅ ដែល​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន»។

លោក​ មាស ​នី ​អ្នក​វិភាគ​ការអភិវឌ្ឍ​សង្គម​លើកឡើង​ថា​ អ្នក​នយោបាយ​តែង​ប្រើប្រាស់​ការ​វាយ​ប្រហារគ្នា​ដើម្បី​វាយ​បំបាក់​ដៃគូ​របស់​ខ្លួន​នៅ​មុន​ការ​បោះឆ្នោត។

លោក​បញ្ជាក់​ថា៖

«ពលរដ្ឋ​តែងតែ​ហៅ​រដូវ​ជិត​បោះឆ្នោត​ថា​ជា​រដូវ​ឆ្កែ​ព្រុស។ អញ្ចឹងរដូវ​ឆ្កែ​ព្រុស​នេះ​គេ​ចង់​សំដៅ​លើ​ការ​ប្រណាំង​ប្រជែង​គ្នា​រវាង​គណបក្ស​ ការ​ដៀល​ត្មិះ​គ្នា​ ដែល​ពី​ដើម​រដូវ​ឆ្កែ​ព្រុស​ មាន​ដល់​ទៅ​សម្លាប់​គ្នា​ទៀត​ តែ​ឥឡូវ​មិន​ដល់​សម្លាប់​គ្នា​បាន​ គ្រាន់​តែ​ផ្ញើ​ពាក្យ​សម្តី​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅ​មក។ ពី​ថ្ងៃ​នេះ​ទៅ​ក្នុង​រដូវ​ឆ្កែ​ព្រុស​នេះ​នឹង​មាន​រឿង​ប្លែកៗ​ជា​ច្រើន​ទៀត នេះ​ជា​វប្បធម៌​នៃអ្នក​នយោបាយ​យើង​ដែល​អត់​បាន​ផ្តល់​គំរូ​អី​ល្អ​ដល់​ក្មេង​ជំនាន់​ក្រោយទេ បើ​នៅ​តែបន្ត​ធ្វើ​បែប​ហ្នឹង»។​

លោក មាស នី បន្ថែម​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​គួរ​លើក​យក​បញ្ហា​តូចតាច​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ការពិត​ មក​និយាយជា​សាធារណៈ​នោះ​ទេ។ លោក​ថា ទង្វើ​របស់​លោក ហ៊ុន ​សែន​ បង្ហាញ​ពី​ភាព​ខ្វះ​សីលធម៌​ក្នុង​នាម​ជា​មេដឹកនាំ។​

កាល​ពី​ចុងឆ្នាំ​២០១៦ ​លោក​ កឹម ​សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា​ មាន​ស្នេហា​លួច​លាក់ជាមួយ​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់។ ​សំណុំ​រឿង​របស់​លោក​កឹម​សុខា​នេះ​បណ្តាល​ឲ្យ​មាន​មនុស្សយ៉ាង​ហោចណាស់​ប្រាំ​នាក់​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​រហូត​មក​ដល់​បច្ចុប្បន្ន។ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​លើក​ឡើង​ថា​ ការ​ចោទ​ប្រកាន់​លោក ​កឹម ​សុខា ​គឺ​ជា​រឿង​នយោបាយ៕

XS
SM
MD
LG