ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន បញ្ជា​មិន​ឲ្យ​រដ្ឋមន្ត្រី​បី​រូប​ទៅ​​បំភ្លឺ​នៅ​រដ្ឋសភា


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

រដ្ឋមន្រ្តី​ទាំង​៣​រូប​​ដែល​នឹង​ត្រូវ​ក្រុម​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​កោះ​អញ្ជើញ​រួម​មាន​ លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​លោក ​អ៊ិត ​សំហេង​ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និង​លោក​ វេង ​សុខុន​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម។

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បញ្ជារដ្ឋមន្រ្តី៣រូប​ ដែល​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​គ្រោង​នឹងអញ្ជើញឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​នោះ​ មិន​ឲ្យ​ចូល​ទៅ​បំភ្លឺ​តាម​ការ​គ្រោង​ទុក​របស់​គណបក្ស​ប្រឆាំង ដោយ​លោក​ថាបក្ស​ប្រឆាំង​មិន​បាន​គោរព​ច្បាប់និង​មិន​បាន​ចូល​ប្រជុំ​សភា។

ទោះ​ជា​យ៉ាង​ណា​លោក​ សុន ឆ័យ ដែល​ជា​តំណាងរាស្រ្ត និង​ជា​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​បានលើក​ឡើង​ថា ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​អនុវត្ត​ការងារ​ក្នុង​រដ្ឋសភា។

រដ្ឋមន្រ្តី​ទាំង​៣​រូបដែល​នឹង​ត្រូវ​ក្រុម​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​កោះ​អញ្ជើញ​រួម​មាន​ លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​លោក ​អ៊ិត ​សំហេង​ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និង​លោក​ វេង ​សុខុន​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម។

លោក​ សុន​ ឆ័យ ​បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ស្នាក់ការ​កណ្តាលគណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា ​នៅ​ពេលដែល​រដ្ឋសភា​ចូល​កង​វិញ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​តួនាទី​ក្នុង​រដ្ឋសភា​នឹង​កោះ​អញ្ជើញ​រដ្ឋមន្រ្តី​ទាំង​៣​រូប​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​មួយ​ចំនួន។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះបន្ថែម​ថា តំណាងរាស្រ្ត​បក្ស​ប្រឆាំង​គ្រោង​នឹង​សួរ​លោក ​ទៀ​ បាញ់ ​ពាក់ព័ន្ធ​នឹង​កំណែ​ទម្រង់​វិស័យ​កងទ័ព ការ​ជំរុញ​ឲ្យ​កងទ័ព​បម្រើ​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ជា​ជាង​បម្រើ​បុគ្គល​មាន​អំណាច ​នីតិវិធី​នៃ​ការ​ដំឡើង​សក្តិ ប្រសិទ្ធភាព​ការងារ​របស់​មន្រ្តី និង​ការ​ចំណាយ​លើ​សម្ភារៈ​កងទ័ព​ជា​ដើម។

លោក សុន ឆ័យ បន្ថែម​ថា តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ក៏​គ្រោង​សួរ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ពាក់ព័ន្ធ​នឹង​ទីផ្សារ​កសិផល​របស់​កសិករ ការ​ដោះស្រាយ​បញ្ហា​ចំណាយ​ខ្ពស់​ក្នុង​ការ​ផលិត និង​តម្លៃ​ផលិតផល​លក់បាន​តម្លៃ​ទាប បញ្ហា​ខ្វះ​ទឹក​សម្រាប់​ធ្វើ​កសិកម្ម​ និង​ការ​នាំចូល​ជី​ផ្តាច់​មុខ ដែល​នាំ​ឲ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាកសិករ​ជា​ដើម។ ចំណែក​ក្រសួង​ការងារ ​ក្រុម​តំ​ណាងរាស្រ្ត​នឹង​សួរ​លោក​រដ្ឋមន្រ្តី អ៊ិត សំហេង ពីការធានាសុវត្ថិភាព​ដល់​ពលករ​ចំណាកស្រុក​ជា​ដើម។

បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​បង្ហាញ​ពី​គម្រោង​នៃ​ការ​កោះ​អញ្ជើញរដ្ឋមន្រ្តី​ទាំង​៣​រូប​នោះ​បាន​មួយ​ថ្ងៃ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ប្រាប់​ទៅ​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​លោក​ថា​ លោក​មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្រ្តី​ទាំង​៣​រូប​នោះ​ចូល​ទៅ​បំភ្លឺ​នៅ​សភា តាម​ការ​កោះ​ហៅ​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ។​

លោក​នាយករដ្ឋមន្ត្រី​បានប្រាប់​ទៅ​អង្គភាព​ព័ត៌មាន​ដែលស្និទ្ធ​នឹង​លោក​ថា៖«ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ទៅ​បំភ្លឺ​នៅ​សភា​ទេ អ្នក​ឯង​ត្រូវ​គោរព​ច្បាប់​ជា​មុន​សិន ចូល​ប្រជុំ​សភា​សិន បើ​អ្នក​ឯង​មិន​គោរព​ច្បាប់​ផង ឲ្យ​គេ​ចូល​បំភ្លឺ​យ៉ាង​ម៉េច? មិន​ឲ្យ​ទៅ​ទេ។ អ្នក​ឯង​ត្រូវ​គោរព​ច្បាប់​សិន»។

កាល​ពី​ថ្ងៃ​អង្គា​រដ្ឋសភា​ដែល​មិន​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ បាន​សម្រេច​លុប​ចោលតំណែង​ក្រុម​មតិ​ភាគ​តិច​ និង​ក្រុម​មតិ​ភាគ​ច្រើន​ ដែល​ត្រូវ​បាន​បង្កើតដើម្បី​ចរចា​រក​ដំណោះស្រាយ​នយោបាយ។ ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​មិន​បាន​ចូល​រួម​ប្រជុំលើក​ឡើង​ថា​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​ និង​មិន​អាច​ទទួល​យក​បាន។

លោក ​សុន ឆ័យ ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ និង​ជា​ប្រធាន​គណៈកម្មាធិការ​មួយ​រូប​នៃ​រដ្ឋសភា​ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ពុធ នេះ​ថា ​ការ​អាក់ខាន​មិន​ចូល​រួម​ប្រជុំ​សភា​របស់​ក្រុម​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​កន្លង​មក​ មិន​មែនជា​ទង្វើ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ លោក​បន្ថែម​ថា តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ​នៅ​តែមាន​សិទ្ធិ​កោះ​អញ្ជើញរដ្ឋមន្រ្តី​មក​បំភ្លឺ​ពី​បញ្ហា​ផ្សេងៗ​ដើម្បី​ធានា​ថា ​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន​ មាន​ប្រសិទ្ធភាព។​

លោក​មាន​ប្រសាសន៍​ថា៖«កាល​ពី​ម្សិលមិញ​យើង​មិន​ចូល​ប្រជុំ​ហ្នឹង​គឺ​ដោយសារយើង​មិន​ចង់​ចូល​រួម​ធ្វើ​ឲ្យ​សភា​ទន់​ខ្សោយ ព្រោះ​រដ្ឋសភា​មាន​យន្តការ​ក្នុង​ការ​បំពេញ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព តាម​រយៈ​ប្រការ​៤៨ ហើយ​មាន​ការ​កែប្រែ​ឲ្យ​បាត់​បង់​សកម្មភាព​ត្រឹមត្រូវ​របស់​រដ្ឋសភា​ហ្នឹង យើង​មិន​អាច​ចូល​រួម​បាន​ទេ។ ប៉ុន្តែ​ការ​សួរ​ដេញ​ដោល​រដ្ឋមន្រ្តី​ជា​កាតព្វកិច្ច ហើយ​នាយករដ្ឋមន្រ្តី​មាន​កាតព្វកិច្ច​ក្នុង​ការ​បញ្ជូន​រដ្ឋមន្រ្តី​ហ្នឹង​ឲ្យ​មក​បំភ្លឺ»។

លោក ​ឡេង ​ប៉េងឡុង ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ ប្រាប់​ VOA​ ថា ​រដ្ឋសភា​កំពុង​ពិចារណា​លើ​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន។​ លោក​ថា រដ្ឋសភា​នឹង​ចេញ​សេចក្តី​ជូន​ដំណឹង​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា​រូប​នេះបញ្ជាក់ថា៖«រឿង​នេះ​គឺ​មាន​សិទ្ធិ​ហ្នឹង​ហើយ ប៉ុន្តែ​គាត់​ធ្វើ​ពហិការ គាត់​មិន​មក​ធ្វើ​ការ​ធម្មតា​ ដូច្នេះ​ហើយ​វា​មិន​មាន​តុល្យភាព​រវាង​គណបក្ស​ទាំង​ពីរ​នេះ​ វា​មិន​ស្មើ​គ្នា។​ អញ្ចឹង​ម្នាក់​គិត​តែ​ពី​ចំណេញ​នយោបាយ​ ម្នាក់​ទៀត​គឺ​ថាចាំ​តែ​រង​អញ្ចឹង​ទៅ វា​មិន​មាន​សមធម៌ ហើយ​យើង​ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​សមធម៌​ហ្នឹង​ គិតគូរ​យ៉ាង​ណា​ឲ្យ​បាន​សមរម្យ»។

កន្លង​មក​តំណាងរាស្រ្តគណបក្ស​ប្រឆាំង​ បាន​កោះ​អញ្ជើញ​រដ្ឋមន្រ្តី​មួយ​ចំនួន​ឲ្យ​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋសភា​ អំពី​បញ្ហា​និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​សង្គម។ ទោះ​ជា​យ៉ាង​ណាក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា​ ភាគ​ច្រើន​ចម្លើយ​ពី​រដ្ឋមន្រ្តី​ទាំង​នោះ​ ​មិន​មាន​ភាព​ច្បាស់លាស់​ ​មិន​ក្បោះក្បាយ​ និង​មិន​អាច​ទទួល​យក​បាន៕

XS
SM
MD
LG