លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្កោលទោសចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដែលកំពុងបង្កការព្រួយបារម្ភក្នុងប្រទេសជប៉ុន។
លោក ហ៊ុន សែន បានលើកឡើងបែបនេះក្នុងពេលជួបពិភាក្សាទ្វេភាគីជាមួយសមភាគីរបស់លោក គឺលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្រ្តីប្រទេសគុយបា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក ហ៊ុន សែន បានប្រាប់សមភាគីរបស់លោកថា លោក«សោកស្តាយ»ចំពោះការបាញ់មីស៊ីល និង«ថ្កោលទោស»ចំពោះការបាញ់នេះ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េគឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏បានថ្កោលទោសខ្លាំងក្លាលើការបាញ់មីស៊ីលនេះដែរ ហើយបានចាត់ទុកថា វាជាសកម្មភាព«ហួសហេតុ»។ ការបាញ់នេះបានជំរុញឱ្យរដ្ឋាភិបាលជប៉ុនជម្លៀសពលរដ្ឋមួយចំនួននៅក្នុងខេត្ត Hokkaido និងខេត្ត Aomori នៅភាគខាងជើងប្រទេស កាលពីព្រឹកថ្ងៃអង្គារ៕