ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ ​ប្រកាស​ពី​ជោគជ័យ​ដ៏​ធំ​លើ​ការ​កសាង​សេដ្ឋកិច្ច​និង​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា


រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹង​​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​០៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ក្នុង​ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹង​​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​០៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ក្នុង​ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ឆ្នាំ​២០១៨​នេះ​ ​ជាឆ្នាំ​ដែល​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​​ធំ​ ​លើ​ការ​កសាង​សេដ្ឋកិច្ច​ ​និង​ប្រជាធិបតេយ្យ ស្រប​ពេល​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ ​កំពុង​រិះគន់​ការ​បោះ​ឆ្នោត​ដោយ​មិន​មាន​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ ថា​ជាការ​បោះ​ឆ្នោត​មិន​មាន​ភាពសេរី​ ​និង​យុត្តិធម៌​។

បន្ទាប់​ពី​គណ​បក្សប្រជាជន​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ដ៏​ច្រើន​លើស​លុប​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​មិន​មាន​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ​ដែល​ជា​ប្រធាន​គណ​បក្សនេះ​ប្រកាស​ថា​ ​ឆ្នាំ​២០១៨​នេះ​ ​ជាឆ្នាំ​ដែល​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ធំ​ ​លើការ​កសាង​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ចំណតនាវា​ដឹក​អ្នក​ដំណើរ ក្នុង​ខណ្ឌ​ឬ​ស្សីកែវ រាជធានី​ភ្នំពេញ ដែល​ជាការ​ថ្លែង​លើក​ដំបូង​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់។​

លោក​ប្រកាស​ថា៖​

«ឆ្នាំ​នេះ គឺជា​ឆ្នាំ​ដែល​យើង​ទទួល​បាន​ជោគ​ជ័យធំ ទៅ​លើ​បញ្ហា​ការ​កសាង​សេដ្ឋកិច្ច ក៏​ដូច​ជាការ​កសាង​នូវ​អ្វីៗ​ផ្សេង​ទៀត រាប់​ទាំង​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ និង​ដំណើរ​ការ​សន្តិភាព​នៅ​ក្នុង​ប្រទេស​យើង»។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​នាយក​រដ្ឋ​មន្រ្តីដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​រូប​នេះ​មិន​បាន​បញ្ជាក់​ថា តើការ​ទទួល​បាន​ជោគ​ជ័យធំ​លើការ​កសាង​សេដ្ឋកិច្ច និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ ជា​ជោគ​ជ័យបែប​ណា​នោះ​ទេ។​

គណ​បក្សប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែលដឹក​នាំប្រទេស​អស់​រយៈ​ពេល​ជាង​៤០ឆ្នាំ​មក​ហើយ​នោះ ទើប​តែ​ត្រូវ​បាន​ប្រកាស​ជា​បណ្តោះ​អាសន្ន​ថា ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លុប​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ។ គណ​បក្សដែល​មាន​នាយក​រដ្ឋ​មន្រ្តីក្នុង​អំណាច​ចាស់​វស្សា​មួយ​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ឈាន​ទៅ​គ្រប់​គ្រង​រដ្ឋសភា​ជាតិ​ដោយ​ឯក​បក្ស ក្នុង​ពេល​ឆាប់ៗ​នេះ។​

លោក មាស នី អ្នក​សិក្សា​ពី​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ថា កម្ពុជា​ទទួល​បាន​ជោគ​ជ័យធំ​លើការ​កសាង​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ គឺជា​ការ​ប្រកាស​ដែល​មិន​ទាន់​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​ស្ទើរពាក់​កណ្តាល​ប្រទេស​នៅ​ឡើយ។ លោក​បន្ថែម​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ស្ថិត​ក្នុង​កម្រិត​ទាប​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ ​ខណៈ​ករណី​ជា​ច្រើន​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រឹត​បន្តឹងលើ​ប្រជា​ពលរដ្ឋ​ ​ធ្វើ​ឡើង​ដោយ​មិន​ស្រប​នឹង​ការ​អនុ​វត្តបែប​លទ្ធិ​ប្រជាធិបតេយ្យ។​

«ដូច​យើង​ឃើញ​ហើយ​ថា​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​ត្រូវ​គេរឹតបន្តឹង ​ហើយ​ដូចជា​ក្នុង​រដូវ​បោះ​ឆ្នោត​កន្លង​ទៅ​នេះ​ ​យើង​ឃើញ​ថា​មាន​គេហ​ទំព័រ​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​ត្រូវ​បាន​គេបិទ​ទៀត ដោយ​ឈរ​លើ​ប្រការ​នៃ​ការពារ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ក្នុង​ការ​បោះ​ឆ្នោត។​ ​ហើយ​រឿង​សំខាន់​មួយ​ទៀត​យើង​ឃើញ​សូម្បី​នៅ​តាម​មូលដ្ឋាន​អីហ្នឹង ការប្រជុំអី​តូច​តាច​របស់​សង្គម​ស៊ី​វិល​ ​គឺ​ជា​ញឹកញាប់​តែង​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ឃាត់​មិន​ឲ្យ​មាន​ការ​ជួប​ជុំ»។

ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​កាលពី​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​បាន​បញ្ចប់​ ​គេ​ឃើញ​ស្ថាប័ន និង​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​ដែល​ប្រកាន់​យករបប​លទ្ធិ​ប្រជាធិបតេយ្យ​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់។​ ​សហរដ្ឋ​អាមេរិក​ ​អូស្ត្រាលី កាណាដា​ ​នូវែលសេឡង់ បារាំង អាឡឺម៉ង់ និង​សហភាព​អឺរ៉ុប បាន​ចោទ​សួរ​អំពី​ភាពស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ដែល​បាន​កើត​មាន​ ​ជា​មួយ​នឹង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ី​វិល និង​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​នានា នៅ​មុន​ការ​បោះ​ឆ្នោត។

យ៉ាង​ណា​ក៏​ដោយ​គេ​ឃើញ​ថា ប្រទេស​ចិន​ដែល​ជា​ប្រទេស​កុម្មុយនីស្ត​ដឹក​នាំ​ដោយ​គណ​បក្ស​តែ​មួយ និង​មិន​មាន​ការ​បោះ​ឆ្នោត​ផង​នោះ​ ​បាន​ប្រកាស​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​បាន​អបអរ​សារទរ​គណ​បក្សកាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ក្នុង​ការ​ទទួល​បាន​ជ័យ​ជំនះ​ដ៏​ច្រើន​លើស​លុប​នេះ។​

សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ចាត់​វិធាន​ការ​រិត​បន្តឹង​ទិដ្ឋាការ​បន្ថែម​លើក​ម្ពុជា​ ​រីឯ​សហភាព​អឺរ៉ុប​បាន​ចាត់​ទុក​ថា​ ​ការ​បោះ​ឆ្នោត​នេះ​ ​«ខ្វះភាព​ដែល​អាច​ជឿទុក​ចិត្ត​បាន»។

សហភាព​អឺរ៉ុប កំពុង​តាម​ដាន​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ក្នុង​ការ​ពិចារណា​ថា​គួរ​តែដក​ ​ឬ​បន្ត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដល់​កម្ពុជា។​ ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​ ​និង​ទំនិញ​ផ្សេង​ទៀត ទៅ​សហភាព​អឺរ៉ុប​ ​តាម​កម្មវិធីពាណិជ្ជកម្ម​ ​«អ្វីៗ​ទាំង​អស់​លើកលែង​តែ​អាវុធ»​ ​ហៅ​កាត់​ថា EBA បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ផល​ចំណេញ​ប្រមាណ​ជា​៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​ហៅ​កាត់​ថា​ ​(គ.ជ.ប)​ ​តែង​ច្រាន​ចោល​ការ​រិះគន់​របស់​អន្តរជាតិ​ថា​មិន​បាន​ឆ្លុះបញ្ចាំង​ពីការ​ពិត និង​ថា​រដ្ឋាភិបាល​កម្ពុជា​ ​និង ​គ.ជ.ប​ ​បាន​អនុ​វត្តទៅ​តាម​ច្បាប់​ ​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ៕

XS
SM
MD
LG