ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បង្ហាញ​ជំហរ​មិន​ច្បាស់​លាស់​លើ​ការ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត


រូបឯកសារ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ ទទួលបាន​លេខ៧ ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦ នៅរាជធានី​ភ្នំពេញ នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)
រូបឯកសារ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ ទទួលបាន​លេខ៧ ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦ នៅរាជធានី​ភ្នំពេញ នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​ថា «‍យើង​ពុំ​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​លើ​ស្ថិតិ​នៃ​អ្នក​បោះឆ្នោត​ ដែល​មាន​ចំនួន​៨២.៨៩% និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ថា​ត្រឹមត្រូវ​ទាំងស្រុង​ឬ​យ៉ាង​ណា​ទេ»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ បាន​អះអាង​ថា ខ្លួន​បាន​ដឹង​ជា​មុន​ថា ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ «មិន​គោរព​តាម​និយាម​ សេរី និង​យុត្តិធម៌​ ទាំង​ស្រុង​ទេ» ប៉ុន្តែ​ គណបក្ស​នេះ មិន​បាន​បង្ហាញ​ជំហរ​ច្បាស់​លាស់​ទេ​អំពី​ការទទួលស្គាល់​លទ្ធផលនៃ​ការ​បោះឆ្នោត​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​នេះ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា។

សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា «‍យើង​ពុំ​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​លើ​ស្ថិតិ​នៃ​អ្នក​បោះឆ្នោត​ ដែល​មាន​ចំនួន​៨២.៨៩% និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ថា​ត្រឹមត្រូវ​ទាំងស្រុង​ឬ​យ៉ាង​ណា​ទេ»។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា ឆ្នាំ២០១៨។
សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា ឆ្នាំ២០១៨។

ប្រតិកម្ម​របស់​គណបក្ស​នេះ ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាសដែល​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី។

ការ​ចេញ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​នេះ ក៏​កើត​ឡើង​ក្រោយ​ពី​សហគមន៍​អន្តរជាតិ​រួម​មាន​សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី ព្រមទាំង​សហភាព​អឺរ៉ុប​ផង បានចេញ​សេចក្ដីថ្លែងការណ៍​របស់​ពួកគេ​រៀងៗ​ខ្លួន​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​បន្តបន្ទាប់ ដោយ​បាន​ហៅ​ការ​បោះឆ្នោត​នេះ​ថា «‍ខ្វះ​ភាព​គួរ​ឱ្យ​ជឿជាក់​បាន»។

លទ្ធផល​បឋម​បង្ហាញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជាង​៨​លាន​៣​សែន​នាក់ មាន​ជិត​៧​លាន​នាក់​ឬ​ស្មើ​នឹង​៨២.៨៩% បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។ ក្នុង​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ជាង​៤​លាន​៨​សែន​ឬ​ជិត​៧៧% ខណៈគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួល​បាន​តែ​ជាង​៧​ម៉ឺន​សំឡេង​ឬ​ជាង​១%​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែល​អ្នក​វិភាគ​ខ្លះ​ចាត់​ទុក​ថា ជា​គណបក្ស​តែ​មួយ​គត់​ដែលមិន​ស្ថិត​ក្រោម​ឥទ្ធិពល​ឬ​រង​សម្ពាធ​ណាមួយ​ពីគណបក្ស​កាន់​អំណាច​នោះ បាន​ដាក់​ភ្នាក់ងារគណបក្ស​របស់​ខ្លួន​ចំនួន​៣៧៥​នាក់ ដើម្បី​សង្កេតការណ៍​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្សប្រជាធិបតេយ្យ​ដដែលនេះ​បាន​លើកឡើង​ថា «គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​មិន​អាច​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​គ្រប់គ្រាន់ ហើយ​ពុំ​មាន​អ្នក​សង្កេតការណ៍​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​អាច​ជឿ​ជាក់​បាន។‍»

ប៉ុន្តែ គ.ជ.ប កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ប្រកាស​ថា ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​តំណាង​ប្រទេស​ចំនួន​៦​រួម​មាន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ឥណ្ឌា​និង​រុស្សី បាន​វាយតម្លៃ​ថា ការ​បោះឆ្នោត​នេះ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌។

ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​២០​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ មាន​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់ ដែល​បាន​ដាក់​ភ្នាក់ងារ​របស់​ខ្លួន​នៅ​គ្រប់​ទាំង​២២៩៦៧​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស ដើម្បី​សង្កេតការណ៍​បោះ​ឆ្នោត​នេះ។

​ការ​បោះឆ្នោត​ដែល​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រជែង​ដ៏​សំខាន់​ជាមួយ​គណបក្ស​កាន់អំណាច​នេះ​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរ​ជាតិ ដោយសារ​តែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​និង​ព្រឹត្តិការណ៍​មួយ​ចំនួន​មុន​ការ​បោះឆ្នោត ដូចជា​ការរំលាយ​គណបក្ស​ប្រឆាំង​និង​ការ​ចាប់​មេដឹកនាំ​របស់​គណបក្ស​នេះ​ដាក់​ពន្ធនាគារ​ ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាននិង​ការ​គំរាមកំហែងអង្គការ​សង្គម​ស៊ីវិល​ ការ​បំភិតបំភ័យ​អ្នក​បោះឆ្នោត ​ហើយ​និង​ការ​ប្រើប្រាស់​រូបភាព​ផ្សេងៗ​នៃ​‍«ការ​ទិញ​សន្លឹក​ឆ្នោត»​ជាដើម ។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ អះអាង​ថា ទោះបីជា​ខ្លួន បាន​ដឹង​ជាមុន​អំពី​ហេតុការណ៍​ទាំង​នេះ​ក៏​ដោយ ក៏​ខ្លួន​នៅ​តែ​សម្រេច​ចិត្ត​ចូលរួម​ការ​បោះឆ្នោត​នេះ ដើម្បី​«‍បណ្ដុះ​និង​សាប​ព្រោះ​វប្បធម៌​នយោបាយ​ថ្មី និង​ផ្ដល់​ឱកាស​ថ្មី ជូន​ដល់​ពលរដ្ឋ​ខ្មែរ»។

ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ​ គណបក្ស​នយោបាយ​ដែល​ទើប​នឹង​ចូល​រួម​ក្នុង​សង្វៀន​នយោបាយ​មួយនេះ ជៀសវាង​មិន​បញ្ជាក់​ឱ្យ​បាន​ច្បាស់ថា​តើ​ខ្លួន​ព្រម​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ឬ​អត់​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG