កំណើនសេដ្ឋកិច្ចដែលបន្តលូតលាស់បានក្លាយជាមោទនភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអះអាងថា លោកជាអ្នកប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការមកជា សេដ្ឋកិច្ចទីផ្សារនិងបានបង្អាប់ដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសថា មិនបានរួមចំណែកក្នុងការជួយកម្ពុជាឲ្យបើកទីផ្សារទទួលលំហូរវិនិយោគទុនពីបរទេសនោះទេ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ង់មួយកន្លែងដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងខេត្តកំពត លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម បានប្រាប់ក្រុមមន្ត្រី និងអ្នកចូលរួមក្នុងពិធីនោះថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មិនបានបើកផ្លូវឲ្យកម្ពុជា មានសេដ្ឋកិច្ចទីផ្សារនោះឡើយ ដូច្នេះកំណើនសេដ្ឋកិច្ចដែលបានកំពុងកើតមាននៅក្នុងប្រទេសបច្ចុប្បន្ន គឺផ្តើមចេញពីប្រថុយប្រថានរបស់លោកក្នុងការនាំយកសេដ្ឋកិច្ចទីផ្សារមកអនុវត្តនៅកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «នៅក្នុងពេលប្រទេសជាច្រើនធ្វើសេដ្ឋកិច្ចផែនការ ក៏ប៉ុន្តែបែរជាខ្ញុំនេះ បានដឹកនាំអនុវត្តនូវសេដ្ឋកិច្ចទីផ្សារទៅវិញ នេះជារឿងមិនធម្មតា ហើយដែលអាចចាត់ទុកថា សំណាងមួយក្នុងសំណាង ក្នុងចំណោមមួយពាន់សំណាងទៅចុះ»។
លោកបានថ្លែងបន្តថា៖ «សូមកុំភាន់ច្រឡំ នៅពេល[...]ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្នកនាំសេដ្ឋកិច្ចផ្សារមកឲ្យកម្ពុជាឲ្យសោះ។ សូមកុំនិយាយអាធុនហ្នឹង ការនិយាយខុស»។
លោកបានបន្ថែមថា ចាប់ពីពាក់កណ្តាលទសវត្សរ៍៨០មក ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើសេរីភាវូបនីយកម្ម ដែលជាចលករនាំឲ្យមានការរស់រានឡើងវិញនៃវិស័យឯកជន។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាដោយភាគីដែលមានជម្លោះជាមួយគ្នានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានភាគីបួន បានយល់ព្រមបញ្ចប់សង្គ្រាមស៊ីវិលដែលបានហែកហួរប្រទេសអស់ជាង២០ឆ្នាំហើយងាកមកកសាងប្រទេសតាមលទ្ធិប្រជាធិបតេយ្យដោយមានការគោរពសិទ្ធិមនុស្សនិងមានប្រព័ន្ធសេដ្ឋកិច្ចបើកចំហ។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ យល់ថា សេដ្ឋកិច្ចទីផ្សារដែលកំពុងអនុវត្តនៅកម្ពុជា មានទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានកំណត់ឲ្យប្រទេសកម្ពុជា អនុវត្តសេដ្ឋកិច្ចទីផ្សារសេរី។ លោកថា ការវិវត្តនានា បានផ្តើមចេញពីខ្លឹមសារនៃកិច្ចព្រមព្រៀង ដែលបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាសព្វថ្ងៃ។
«អ្វីៗទៀតដែលកើតឡើងក្រោយពីសន្និសីទទីក្រុងប៉ារីស ទោះបីជារដ្ឋាភិបាលហ្នឹងធ្វើអីក៏ដោយ ក៏វានៅក្នុង នៅក្នុងលទ្ធផលនៃសន្និសីទទីក្រុងប៉ារីសដែរ ព្រោះអីរដ្ឋធម្មនុញ្ញក៏ចម្លងចេញពីស្អីដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀង ហើយរដ្ឋាភិបាលក៏បានទទួលស្គាល់នូវទំនាក់ទំនងរវាងរដ្ឋធម្មនុញ្ញ ហើយនិងសន្និសីទទីក្រុងប៉ារីសដែរបាទ។ អ្វីដែលយើងព្រួយ ព្រួយខ្លាចក្រែងលោនាំគ្នាកែយូរៗទៅវាបាត់អាខ្លឹមសារសន្និសីទប៉ារីសទាំងអស់ អានោះជាការព្រួយបារម្ភរបស់យើង»។
រដ្ឋធម្មនុញ្ញកម្ពុជា ដែលលោក ហ៊ុន សែន បានលើកឡើងដដែលជាដដែលកាលពីពេលមុនមកនោះថា មានធាតុផ្សំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានកំណត់ឲ្យកម្ពុជាបើកទីផ្សាររបស់ខ្លួន។
មាត្រា ៥៦ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា បានចែងថា៖ «ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី។ ការរៀបចំ និងការប្រព្រឹត្តទៅនៃសេដ្ឋកិច្ចនេះនឹងមានកំណត់ក្នុងច្បាប់»។
អ្នកវិភាគនយោបាយលោក មាស នី ថ្លែងបន្តថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនគួរណាត្រូវបានគេមើលរំលងនោះឡើយ ព្រោះថា ចម្បាំងបង្ហូរឈាមក្នុងស្រុកនឹងមិនអាចបញ្ចប់បានទេ ប្រសិនបើមិនមានកិច្ចព្រមព្រៀងមានលក្ខណៈប្រវត្តិសាស្ត្រមួយនេះ។ លោកបន្តថា បើគ្មានកិច្ចព្រមព្រៀងនេះទេ ដំណើរអភិវឌ្ឍប្រទេសកម្ពុជាទាំងខាងសេដ្ឋកិច្ច និងសង្គមនៅពេលបច្ចុប្បន្នក៏មិនអាចកើតឡើងផងដែរ។
លោកបានថ្លែងអំពីដំណើរបញ្ចប់សង្គ្រាមយ៉ាងដូច្នេះ៖
«សង្គ្រាមនៅពេលនោះ គឺប្រាកដជាមិនមានចាញ់ ហើយក៏មិនមានឈ្នះដែរ គឺនៅបន្តបង្ហូរឈាមគ្នារហូតនឹងបាទ ហើយចឹងមិនអាចគណបក្សនយោបាយណាមួយអះអាងមិនទទួលស្គាល់ សន្និសីទទីក្រុងបានទេ បើសិនជាគ្មានសន្និសីទទីក្រុងប៉ារីស ក៏គ្មានសន្តិភាពដល់រាល់ថ្ងៃហ្នឹងដែរបាទ។ យើងនឹងនៅតែបន្តប្រកាប់ប្រចាក់គ្នាតាមកម្លាំងប្រដាប់អាវុធហ្នឹង ទាល់ដល់រាល់ថ្ងៃហ្នឹងបាទ»។
ប្រទេសកុម្មុយនិស្តចិន ដែលបានអនុវត្តសេដ្ឋកិច្ចផែនការ នៅក្រោមការដឹកនាំរបស់មេដឹកនាំកុម្មុយនិស្តចិន លោកម៉ៅ សេទុង (Mao Tse-Tung) បានប្តូរជាសេដ្ឋកិច្ចទីផ្សារ គឺនៅគ្រាដែលលោក តេង សៀវភីង(Deng Xiaoping) បានឡើងមកដឹកនាំប្រទេសចិនជំនួសលោក ម៉ៅ សេទុង ដែលបានស្លាប់នៅឆ្នាំ១៩៧៧។
នៅឆ្នាំ១៩៧៨ លោក តេង បានផ្តើមឲ្យប្រទេសចិន ផ្លាស់ប្តូររបបសេដ្ឋកិច្ចខ្លួនទៅរកសេដ្ឋកិច្ចទីផ្សារ។ នៅឆ្នាំ១៩៩៧ លោក តេង បានលាចាកពីប្រទេសចិន ដែលបានក្លាយជាប្រទេសដ៏រុងរឿងមួយក្នុងសវត្សរ៍ទី២០ ប៉ុន្តែរបបផ្តាច់ការឯកបក្សរបស់ចិនបានបន្តនៅរឹងមាំមកដល់ពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមឯកសារផ្សេងៗស្តីប្រវត្តិនៃការប្រែប្រួលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ចិន។
ធនាគារពិភពលោក បានប្រកាសឲ្យដឹងកាលពីខែវិចិ្ឆកា ឆ្នាំ២០១៧ថា ទស្សនវិស័យទៅមុខរបស់សេដ្ឋកិច្ចកម្ពុជានៅតែមានភាពវិជ្ជមាន។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ទុកថា នឹងមានសន្ទុះរឹងប៉ឹង ក្នុងកម្រិត ៦,៩ ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែពិពិធកម្មក្នុងការនាំចេញ ការរក្សាស្ថានភាពល្អនៃការហូរចូលវិនិយោគផ្ទាល់មកពីខាងក្រៅ និងការប្រមើលទុកថា ស្ថានភាពសេដ្ឋកិច្ចសាកលនឹងមានភាពកាន់តែប្រសើរ។
ក៏ប៉ុន្តែក្រុមសេដ្ឋវិទូធនាគារពិភពលោក បានព្រមានថា លទ្ធភាពនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ចប្រទេសចិន និងភាពមិនប្រាកដប្រជាពាក់ព័ន្ធជាមួយការបោះឆ្នោតអាចបង្កហានិភ័យដល់ទស្សនវិស័យសម្រាប់កំណើននេះដែរ៕