នៅក្រោយការដោះលែងអ្នកទោសជាទ្រង់ទ្រាយធំរបស់របបសឹកមីយ៉ាន់ម៉ា ឬភូមាបេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាលោក ប្រាក់ សុខុន នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ានម៉ាជាលើកទី៣ដើម្បីស្វែករកដំណោះស្រាយបន្ថែមឈានទៅបញ្ចប់ជម្លោះក៏ដូចជាវិបត្តិនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ។
ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទឬក៏របៀបវារៈជាក់លាក់ពីក្រសួងការបរទេសកម្ពុជានៅឡើយទេពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចលើកទី៣របស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់ក្រុមឧត្តមសេនីយ៍កំពូលៗនោះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ដំណើរទស្សនកិច្ចនេះជាភារកិច្ចចុងក្រោយរបស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធគិតពិចារណាឡើងវិញទៅលើកិច្ចព្រមព្រៀងផ្សេងៗដែលបានធ្វើឡើងកន្លងមក។
បើតាមលោក ឯម សុវណ្ណារ៉ា ការដោះលែងអ្នកទោសដោយរបបសឹកភូមា កើតមានឡើង ដោយសារតែមានសម្ពាធពីអន្តរជាតិដែលចង់ឱ្យមានដំណោះស្រាយពន្លត់ភ្លើងជម្លោះរវាងក្រុមយោធា និង ភាគីពាក់ព័ន្ធឯទៀត និងថារបបសឹកនោះនឹងប្រឈមភាពឯកា បើសិននៅតែគឃ្លើនបំពានលើកិច្ចព្រមព្រៀងមុនៗដូចជាកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចដែលមានគោលដៅចម្បងមួយគឺបញ្ចប់អំពើហិង្សា។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ អះអាងថា ឥណ្ឌូណេស៊ី ដែលនឹងធ្វើជាប្រធានប្តូរវេនរបស់ប្លុកអាស៊ាន ដែលមាន១០ប្រទេសនាឆ្នាំក្រោយនឹងអាចចាត់វិធានការខ្លាំងនិងក្តៅទៅលើរបបសឹកភូមា ជាជាងកម្ពុជា។
លោកថ្លែងថា៖ «ទស្សនៈខ្ញុំយល់ថា ឥណ្ឌូណេស៊ី សិង្ហបុរី និងម៉ាឡេស៊ីនឹងលើកវិធានការតឹងរ៉ឹង មិនសូវជាយោគយល់ដូចកម្ពុជាទេ។ អាចមានវិធានការប្រឈមខ្លាំងជាមួយនឹងរដ្ឋាភិបាលភូមាច្រើន។ ដូច្នេះហើយបានមានការបន្ទន់ឥរិយាបទរបស់រដ្ឋាភិបាលយោធាក្នុងការដោះលែងអ្នកទោសនយោបាយឬក៏សកម្មជននយោបាយក៏ដូចជាចំណុចមួយល្អនៅក្នុងការឈានទៅរកចំណុចឯកឆន្ទទាំង៥ចំណុច»។
លោកបន្ថែមថា គំនិតផ្តួចផ្តើមផ្សេងទៀតដែលចង់ដកភូមាចេញពីសមាជិករបស់អាស៊ានអាចធ្វើឱ្យយោធាមីយ៉ាន់ម៉ា ពិចារណាឡើងវិញដែរ។ ក្រៅពីនេះ លោកថា មធ្យោបាយបន្ថែមដែលអាចបំបែកភាពទ័លច្រកក្នុងវិបត្តិមីយ៉ាន់ម៉ាបាននោះ គឺ អាស៊ាននិងសហគមន៍អន្តរជាតិ ត្រូវធ្វើទំនាក់ទំនងឲ្យបានច្រើនថែមទៀតជាមួយរដ្ឋាភិបាលស្រមោលរបស់ភូមា។
វិបត្តិនៅមីយ៉ាន់ម៉ាបានផ្ទុះឡើងក្រោយក្រុមមេដឹកនាំយោធាកំពូលៗបានធ្វើរដ្ឋប្រហារដណ្តើមអំណាច ដោយទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi (អោង សានស៊ូជី) កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយជំទាស់ សកម្មជន និងអំពើហិង្សាលើអ្នកដែលប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ាបានកើតឡើង និងមិនទាន់មានតម្រុយនៃភាពធូរស្រាលនៅឡើយ។
លោក វណ្ណ ប៊ុនណា សហស្ថាបនិក The Thinker Cambodia ដែលជាវេទិកាវិភាគគោលនយោបាយ និងជាអ្នកវិភាគមួយរូប រំពឹងថា នឹងមានការសម្រេចបានលទ្ធផលតិចតួចពីបេសកកម្មលើកទី៣របស់ប្រេសិតពិសេសប្រធានប្តូរវេនអាស៊ាន ប៉ុន្តែអាចមានការបើកផ្លូវពីរបបសឹកភូមាឱ្យជួបជាមួយមន្ត្រីរបស់អ្នកស្រី Aung San Suu Kyi មេដឹកនាំសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)។
លោក វណ្ណ ប៊ុនណា លើកឡើងទៀតថា ដំណើរទស្សនកិច្ចនេះមិនអាចបន្ធូរបន្ថយ ភាពតានតឹងបានទេ ប៉ុន្តែវាគឺជាការផ្តល់សម្បទាននយោបាយរបស់មេដឹកនាំរបបសឹក ខណៈឥណ្ឌូណេស៊ីនឹងក្លាយជាប្រធានប្តូរវេនអាស៊ាននាឆ្នាំក្រោយ ដែលលោក អះអាង ថា នឹងប្រើប្រាស់យុទ្ធសាស្ត្រការទូតបែបសកម្ម ដើម្បីដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ក្រោមហេតុផលបារម្ភអំពីផលប៉ះពាល់លើសន្តិសុខនិងស្ថិរភាពក្នុងតំបន់។
លោកបន្ថែមថា៖ «អាស៊ានត្រូវធានាថា អ្វីដែលបានព្រមព្រៀងគ្នាជាមួយរបបសឹកភូមាទាក់ទងនឹងការឯកភាព៥ចំណុចហ្នឹង គឺត្រូវអនុវត្តអាហ្នឹងឱ្យបានពេញលេញសិន ហើយចាំរុញទៅរកយន្តការណាផ្សេងទៀត។ ប្រសិនជាអនុវត្តអាហ្នឹងមិនទាន់បានពេញលេញ វាពិបាកក្នុងការដោះស្រាយវិបត្តិនៅភូមាណាស់»។
លោកបន្តថា៖ «ប្រសិនជារបបសឹកភូមានៅតែរឹងទទឹងមិនព្រមអនុវត្តទៅតាមអ្វីដែលជាការព្រមព្រៀង ខ្ញុំគិតថា អាស៊ាន បើទោះបីជាមានការប៉ះពាល់សម្រាប់ខ្លួនមែន គួរប្រើប្រាស់មធ្យោបាយផ្សេង ដែលមានលក្ខខណ្ឌចាប់បង្ខំច្រើនជាងឬក៏ដាក់សម្ពាធទាំងការពិចារណាអំពីការព្យួរសមាជិកភាព ឬក៏មិនអញ្ជើញតំណាងណាមួយសោះរបស់របបសឹកភូមាចូលរួមកិច្ចប្រជុំអាស៊ាន»។
ដោយឡែកអ្នកវិភាគនយោបាយ លោក សេង សារី លើកឡើងថា ស្ថានភាពក្នុងប្រទេសភូមាមិនទាន់ធ្លាក់ជ្រៅឈានដល់ការមានសង្គ្រាមស៊ីវិលនៅឡើយ។ ប៉ុន្តែលោកថា នៅពេលដែលឥណ្ឌូណេស៊ីដែលនឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយប្រកាសទទួលស្គាល់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជីនោះ ភូមានឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ហើយអាស៊ាននឹងត្រូវបែកបាក់ដោយសារប្រទេសនៅក្បែរភូមា ដូចជាប្រទេសថៃជាដើម មានការកើនឡើងនូវជនភៀសខ្លួន ហើយក៏នឹងមានបញ្ហាដោយសារចលនាតស៊ូផ្សេងៗពីប្រទេសភូមាផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១៨ខែវិច្ឆិកា ប្រេសិតពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាលោកប្រាក់ សុខុន បានទទួលស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ។ លោក ប្រាក់ សុខុន ចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា ជាកាយវិការដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគី ពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។
សេចក្តីប្រកាសព័ត៌មានបន្ថែមតាមន័យដើមថា៖ «ក្នុងបំណងបន្តកិច្ចប្រឹងប្រែងដែលបានធ្វើតាំងតែពីដើមអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតី និងមាគ៌ាប្រជាធិបតេយ្យឡើងវិញនោះ ប្រេសិតនឹងធ្វើដំណើរទស្សនកិច្ចលើកទី៣ ដូចបានគ្រោងទុកកន្លងមកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសង្ឃឹមថា នឹងអាចសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតលើអាទិភាពចំនួនបីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចគឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលដល់ការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្តសម្រាប់កិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាប័ន្ន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកជុំ សុន្ទរីបានទេគិតត្រឹមរសៀលថ្ងៃសុក្រនេះ៕