រដ្ឋបាលរបស់លោក Biden កំពុងពិចារណាបញ្ជូនគ្រាប់បែកចង្កោមទៅជួយប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលជាទង្វើមួយ ដែលទំនងជានឹងធ្វើឱ្យក្រុមសិទ្ធិមនុស្សមានការខឹងសម្បារខ្លាំង។ នេះបើតាមការឱ្យដឹងរបស់ក្រុមមន្ត្រីសហរដ្ឋអាមេរិកមួយចំនួន។
គ្រាប់បែកប្រភេទនេះអាចបាញ់ចេញពីកាណុងកាំភ្លើងធំ ហើយបែកចេញទៅជាគ្រាប់តូចៗជាច្រើនបន្តទៀត ដែលអាចគ្របដណ្តប់លើផ្ទៃដ៏ធំមួយ។ គ្រាប់ប្រភេទនេះ ក៏អាចធ្វើឱ្យរងគ្រោះជាបន្តទៀត នៅក្រោយការប្រយុទ្ធគ្នាបានបញ្ចប់។ គ្រាប់បែកចង្កោមត្រូវបានហាមប្រាមមិនឱ្យប្រើប្រាស់ ដោយប្រទេសចំនួន ១២៣ នៅលើពិភពលោក ដោយសារតែឥទ្ធិពលគ្រោះថ្នាក់របស់វាដល់ជនស៊ីវិល ប៉ុន្តែសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី មិនបានហាមប្រាមលើការប្រើប្រាស់គ្រាប់ប្រភេទនេះឡើយ។
គ្រាប់បែកចង្កោមត្រូវគេរំពឹងថា ជាផ្នែកមួយនៃកញ្ចប់ជំនួយថ្មីរបស់សហរដ្ឋអាមេរិក ទៅឱ្យអ៊ុយក្រែន ដែលនឹងត្រូវប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ត្រី Patrick Ryder បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន «កំពុងស្ថិតក្រោមការពិចារណានៅឡើយ»។
អ៊ុយក្រែននិងរុស្ស៊ីបានប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសមរភូមិប្រយុទ្ធរបស់ខ្លួន។ ប៉ុន្តែរដ្ឋាភិបាលក្រុងកៀវ បានស្នើសុំរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឱ្យផ្តល់គ្រាប់បែកចង្កោមនេះមកដល់ខ្លួន ពីព្រោះកងកម្លាំងអ៊ុយក្រែននៅសល់គ្រាប់ប្រភេទនេះតិចតួចប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានស្ទាក់ស្ទើរក្នុងការផ្តល់គ្រាប់ប្រភេទនេះដល់អ៊ុយក្រែន ដោយសារតែវាមានគ្រោះថ្នាក់ខ្លាំងដល់ជនស៊ីវិល។
ប៉ុន្តែនៅពេលនេះ ក្រុមមន្ត្រីអាមេរិកត្រូវបានរាយការណ៍ដោយជឿជាក់ថា ប្រភេទគ្រាប់បែកចង្កោមនេះមានសារៈសំខាន់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ អ្នកស្រី Laura Cooper ឧបការីរងក្រសួងការពារជាតិសហរដ្ឋអាមេរិក បានផ្តល់សក្ខីកម្មកាលពីពេលថ្មីៗនេះដល់សភាអាមេរិកថា ប្រភេទគ្រាប់ទាំងនេះ នឹងជួយដល់កងកម្លាំងអ៊ុយក្រែន ក្នុងប្រយុទ្ធទប់ទល់នឹងទាហានរុស្ស៊ី៕
(ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះ ដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agent France-Presse និង Reuters)