លោក កឹម សុខា មេដឹកនាំនយោបាយជំទាស់ បានលើកឡើងនៅក្នុងសវនាការ កាលពីថ្ងៃទី១៥ ខែមិថុនាថា គិតចាប់តាំងពីមានព្រឹត្តិការណ៍៩ វិច្ឆិកា ឆ្នាំ២០១៩ នោះមក ទំនាក់ទំនងរវាងលោក និងលោក សម រង្ស៊ី បានដល់ទីបញ្ចប់ ហើយថា កឹម សុខា និង សម រង្ស៊ី មិនមែនជាមនុស្សតែមួយដូចមុននោះទេ។ ការប្រកាសនេះត្រូវបានថតជាសំឡេង ដែលជាធម្មតាតុលាការមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ថតសំឡេងនៅក្នុងបន្ទប់សវនាការឡើយ។
ការផ្តាច់សម្ពន្ធភាពដែលប្រកាសដោយលោក កឹម សុខា នាំឱ្យអ្នកវិភាគលើកឡើងថាកម្លាំងជំទាស់កាន់តែខ្សោយ ហើយការប្រកាសបែកសម្ពន្ធភាព គឺជាការសម្លាប់ជីវិតនយោបាយរបស់ខ្លួន។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សេង សារី ចាត់ទុកភាពប្រេះឆានៃសម្ពន្ធភាពរបស់អ្នកនយោបាយជើងចាស់ទាំងពីររូបនេះ គឺជាការហែកកម្លាំងបក្សប្រឆាំង ក៏ដូចជាអ្នកប្រជាធិបតេយ្យទៅជាចម្រៀកៗ ហើយជាការបញ្ចប់ជីវិតនយោបាយរបស់លោក កឹម សុខា ផងដែរ។
លោកថ្លែងថា៖ «សម្រាប់ទស្សនៈខ្ញុំ លោក កឹម សុខា បានកំពុងតែធ្វើអត្តឃាតនយោបាយខ្លួនឯង ហើយវាក៏ជាសញ្ញាបែកបាក់នៃអ្នកប្រជាធិបតេយ្យដ៏ធំមួយ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនបារម្ភច្រើនថាកម្លាំងប្រជាធិបតេយ្យនឹងបាត់បង់ទេ ដោយសារតែលោក កឹម សុខា មិនមានកម្លាំងនយោបាយទេ ហើយមន្ត្រីនៅជុំវិញគាត់ ក៏មិនមានមន្ត្រីណាដែលឃើញថាមានភាពលេចធ្លោ មានប្រជាប្រិយភាពខ្លាំងនៅជុំវិញលោក កឹម សុខា ដែរ»។
លោក បណ្ឌិត សេង សារី កត់សម្គាល់ថាការផ្តាច់ចំណងទំនាក់ទំនងនៃអ្នកនយោបាយទាំងពីររូបនេះបង្ហាញថាការចងសម្ព័ន្ធមិត្តនយោបាយរវាងអ្នកនយោបាយ គឺមិនគង់វង្សយូរអង្វែងនោះទេ ខណៈពួកគេតែងតែក្បត់គ្នានៅពេលចុងក្រោយ។
ទោះជាយ៉ាងណា អ្នកវិភាគរូបនេះបង្ហាញការយល់ឃើញពាក់ព័ន្ធជាមួយការបោះថ្នាក់ជាតិនាឆ្នាំ២០២៣ខាងមុខនេះថា លោក កឹម សុខា អាចនឹងត្រូវបានតុលាការទម្លាក់ចោលការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ ហើយបើកផ្លូវឱ្យមានសិទ្ធិធ្វើនយោបាយ ដើម្បីចូលរួមការបោះឆ្នោតវិញ ដែលលោកថាជាយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាច ដើម្បីធ្វើឱ្យកម្លាំងអ្នកប្រជាធិបតេយ្យកាន់តែខ្ចាត់ខ្ចាយ។
លោកនិយាយថា៖«ជាសេណារីយ៉ូនយោបាយរបស់គណបក្សកាន់អំណាច លោក កឹម សុខា ត្រូវបានគណបក្សកាន់អំណាច មើលគាត់ថាជាឧបករណ៍មួយនៅក្នុងការបំបែកអ្នកប្រជាធិបតេយ្យ។ អ៊ីចឹងហើយសម្រាប់ខ្ញុំជាសេណារីយ៉ូទេ។ ៣ទៅ៦ខែ យើងចាំសង្កេតមើលទាំងអស់គ្នាថាតើសេណារីយ៉ូ ខ្ញុំត្រូវឬមិនត្រូវ។ ពីឥឡូវទៅ ពី៣ទៅ៦ខែចុងក្រោយនេះ លោក កឹម សុខា នឹងត្រូវបានដោះលែង ហើយនឹងចាប់ផ្តើមរៀបចំដំណើរការគណបក្សសិទ្ធិមនុស្ស»។
គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូលកម្ពុជា កាលពីចុងឆ្នាំ២០១៧ ក្រោយមានសំឡេងប្រកៀកប្រកិតខ្លាំងនឹងគណបក្សកាន់អំណាច ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។ គណបក្សប្រឆាំងនេះកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សដឹកនាំដោយលោក កឹម សុខា និងគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី កាលពីឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសកាលពីចុងឆ្នាំ២០២១ថាការបែកសម្ពន្ធភាពរវាងមេដឹកនាំបក្សជំទាស់ ជារឿងរបស់ពួកគេ ហើយបក្សកាន់អំណាចក៏មិនបានបំបែកពួកគេឡើយ។
ការប្រកាសរបស់លោក កឹម សុខា កាលពីពេលថ្មីៗ មិនមែនលើកដំបូងឡើយ។ កាលពីចុងឆ្នាំ២០២១ លោក កឹម សុខា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកជាអក្សរថាលោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពនានា ដែលលោកថា«មិនមានការអនុញ្ញាត ឬការគាំទ្រ» ពីរូបលោកឡើយ។ លោកបន្ថែមថាលោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួមដោយទៅបង្កើតចលនានយោបាយផ្សេងៗ។
ប្រធានអង្គការវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ លោក អ៊ូ វីរៈ មើលឃើញថាការបែកគ្នានេះ ដោយសារតែលោក កឹម សុខា ទទួលរងនូវសម្ពាធច្រើន ដូចជាការចាប់ខ្លួន និងរងបទចោទក្នុងរឿងក្តីក្តាំរបស់លោក។ លោកមើលឃើញថាអ្នកនយោបាយចាស់វស្សាទាំងពីររូបនេះ ជាមនុស្សផ្សេងគ្នាស្រាប់ទៅហើយ គឺតាំងពីមុនចងសម្ព័ន្ធភាពគ្នាបង្កើតទៅជាគណបក្សសង្គ្រោះជាតិមកម៉្លេះ។ ដូច្នេះលោកថា ការបែកបាក់គ្នានេះ មិនមានអ្វីចម្លែកនោះទេ។
លោកថ្លែងថា៖ «ជាដំណើរការមួយដែលយើងទាយទុកដឹងយូរហើយ ដោយសារគាត់រងសម្ពាធខ្លាំង រួមទាំងការចាប់ខ្លួនលោក កឹម សុខា តុលាការផ្តន្ទាទោសលោក សម រង្ស៊ី គាត់ត្រូវនៅក្រៅប្រទេស។ សុទ្ធតែជារឿងមួយដែលធ្វើឱ្យការបង្រួបបង្រួមពិបាកមែនទែន ដោយសារតែរងសម្ពាធទាំងហ្នឹង»។
បើតាមលោក អ៊ូ វីរៈ លទ្ធភាពនៃការមានសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក កឹម សុខា និងអាចចូលរួមការបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខ មានតិចតួចនៅឡើយ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៦ ខែមិថុនា លោក សម រង្ស៊ី បានអះអាងថា លោក និងលោក កឹម សុខា គឺនៅតែជាមនុស្សតែមួយ ហើយការលើកឡើងរបស់លោក កឹម សុខា ពីការបញ្ចប់នៃសម្ពន្ធភាពរបស់ពួកគេទាំងពីរ មិនមែនកើតចេញពីសុទ្ធចិត្តឡើយ។
លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) លើកឡើងថាវាមិនមានអ្វីចម្លែកនោះទេចំពោះការប្រកាសរបស់លោក កឹម សុខា ខណៈពួកគេបានបែកបាក់គ្នាយូរណាស់ហើយ ដោយគ្រាន់តែមិនមានការប្រកាសជាសាធារណៈពីភាគីណាមួយប៉ុណ្ណោះ។ លោកបន្ថែមថាការបែកបាក់នេះមិនមែនជាការបញ្ចប់ជីវិតនយោបាយរបស់លោក កឹម សុខា នោះទេ ប៉ុន្តែជាការធ្វើឱ្យកម្លាំងអ្នកប្រជាធិបតេយ្យចុះខ្សោយ ហើយជាផលចំណេញមួយរបស់បក្សកាន់អំណាច។
លោកបញ្ជាក់ថា៖ «ឯកឧត្តម កឹម សុខា នៅតែមានគេហៅថាជីវិតនយោបាយរបស់គាត់នៅក្នុងការធ្វើនយោបាយបាន នៅតែមានអ្នកគាំទ្រ ប៉ុន្តែគ្រាន់តែការធ្វើនយោបាយ ដែលមិនមានការបង្រួបបង្រួមរវាង ឯកឧត្តម កឹម សុខា និង សម រង្ស៊ី ធ្វើឱ្យកម្លាំងនយោបាយរបស់ពួកគាត់បែកខ្ញែកគ្នាខ្លាំង ធ្វើឱ្យកម្លាំងរបស់គាត់ចុះខ្សោយ ប៉ុន្តែនៅតែមានអ្នកគាំទ្ររបស់គាត់អ៊ីចឹង»។
អ្នកស្រាវជ្រាវរូបនេះបង្ហាញនូវក្តីសង្ឃឹមតិចចំពោះវត្តមានរបស់លោក កឹម សុខា នៅក្នុងការចូលរួមបោះឆ្នោតនាឆ្នាំ២០២៣។ លោកបន្តថាលទ្ធភាពរបស់លោក កឹម សុខា អាចមានសេរីភាព ដើម្បីធ្វើនយោបាយវិញ លុះត្រាតែគណបក្សប្រឆាំង ពោលគឺគណបក្សភ្លើងទៀន មានប្រជាប្រិយភាពខ្លាំង ហើយលោក កឹម សុខា ទៅបង្កើតគណបក្សណាមួយថ្មី ដើម្បីបំបែកសំឡេងបក្សប្រឆាំង។
លោក វណ្ណ ប៊ុនណា បញ្ជាក់ថាប្រជាពលរដ្ឋដែលគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី ប្រាកដជាមានភាពអាក់អន់ស្រពន់ចិត្ត ហើយមិនចង់ឃើញការបែកបាក់នេះទេ ខណៈពួកគេចង់ឃើញការរួបរួមមេបក្សប្រឆាំងទាំងពីរ ដើម្បីអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបាន៕