មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រុមមន្ត្រីរបស់លោកកុំឆ្លើយឆ្លងនឹងសារឌឺដងនយោបាយរបស់លោកសម រង្ស៊ី ដែលជាអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដើម្បីខ្ទប់មិនឲ្យមានដំណឹងពីលោក សម រង្ស៊ី ដល់សាធារណជនខ្មែរទូទៅ។
លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យក្រុមមន្ត្រីរបស់លោកកម្ចាត់ចោលបណ្តាញរបស់គណបក្សប្រឆាំងដែលនៅសេសសល់។ នេះបើយោងតាមការអធិប្បាយរបស់លោក ហ៊ុន សែន ក្នុងខ្សែអាត់សំឡេងមួយដែលបានលេចធ្លាយដល់បណ្តាញព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។
ការព្រមានខ្ទប់ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី នេះ ធ្វើឡើង នៅគ្រាដែលលោក សម រង្ស៊ី បានកំពុងធ្វើយុទ្ធនាការកៀរគរការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍ប្រទេសប្រជាធិបតេយ្យមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោក ហ៊ុន សែន។
កាលពីថ្ងៃពុធ លោក សម រង្ស៊ី ក៏បានប្រៀបប្រដូចថា រដ្ឋាភិបាលទីក្រុងភ្នំពេញគឺជាកប៉ាល់មួយដែលហៀបនឹងលិចលង់ ដោយការរំកិលមកដល់នៃទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ។
ខ្សែអាត់សំឡេងរបស់លោក ហ៊ុន សែន ដែល VOA ទទួលបាននៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោក ហ៊ុន សែន ប្រាប់ក្រុមថ្នាក់ដឹកនាំរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិនានា រួមទាំងកងកម្លាំងកងទ័ព និងកម្លាំងនគរបាល កុំឲ្យមានប្រតិកម្មតបតនឹងការអធិប្បាយរបស់លោក សម រង្ស៊ី ដែលលោក ហ៊ុន សែន យល់ថា ការប្រតិកម្មតបណាមួយនោះនឹងផ្តល់តម្លៃបន្ថែមដល់លោក សម រង្ស៊ី។
លោក ហ៊ុន សែន ក៏បញ្ជាឲ្យមានការចាប់ខ្លួនលោក សម រង្ស៊ី តាមសាលដីការបស់តុលាការ ហើយស្នើឲ្យកងកម្លាំងមានសមត្ថកិច្ចចាត់ការលើក្រុមណា ដែល «ប្រថុយប្រថាន»តដៃជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាល។
«ចាប់ពេលនេះតទៅ យើងរក្សានូវភាពស្ងាត់ស្ងៀមចំពោះមុខអាសម រង្ស៊ី កុំឲ្យចំពោះមុខ ការធ្វើសកម្មភាពកាន់តែសាហាវទៅៗរបស់អាសម រង្ស៊ី រហូតដល់ឈានមករកចាប់ខ្ញុំ អ៊ីចឹង។ យើងមិនចាំបាច់និយាយទេ ពេលមកដល់ វាយខ្នោះតែម្តង ហើយបើសិនជាតដៃគឺយើងដឹងហើយថា ការតដៃយើងត្រូវធ្វើយ៉ាងម៉េច នេះជា ជាចំណុច ដែលខ្ញុំសុំធ្វើការណែនាំ ហើយនេះគឺជាចំណុចដាច់ខាតនៃជំហររបស់យើង ដែលមិនត្រូវឱនក្បាល លក់អធិបតេយ្យដើម្បីដោះដូរជាមួយនឹងជំនួយបរទេសណាមួយនោះទេ»។
បន្ថែមលើការអធិប្បាយដែលថា កម្ពុជាមិនយកអធិបតេយ្យភាពជាតិទៅប្តូរយកជំនួយបរទេសនោះ លោក ហ៊ុន សែន ថ្លែងថា ការបាត់បង់ឋានៈអនុគ្រោះពន្ធ ក្រោមគម្រោង«អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ EBA នឹងផ្តល់ឱកាសឲ្យកម្ពុជា ពង្រឹងផ្ទៃក្នុងខ្លួន ហើយក៏ជាឱកាសសម្រាប់លោកកម្ចាត់ចោលក្រុមប្រឆាំងរបស់គណបក្សសង្គ្រោះជាតិ ដែលនៅសេសសល់ក្នុងប្រទេស។
«ទីមួយគឺប្រើប្រាស់នូវបញ្ហាប្រឈមរឿងការដកភាពអនុគ្រោះពី EU នេះទៅជាកាលានុវត្តភាពដើម្បីពង្រឹង ខិតខំធ្វើការនៅខាងក្នុងហ្នឹងមួយផ្នែក។ មួយផ្នែកទៀតគឺរឹតពួកអាប្រឆាំង ដែលនៅសេសសល់ឲ្យវារលំរលាយកាន់តែឆាប់ ព្រោះគ្មានអ្នកណានឹងត្រូវមកប្រដៅយើងបានទៀតទេ ព្រោះអ្នកឯងបានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះហើយ ដូច្នេះគឺជាឱកាសដើម្បីយើងលត់ ពួកអានៅខាងក្នុង ផ្តាច់ខ្សែសង្វាក់ ផ្តាច់ខ្សែសង្វាក់របស់វាឲ្យអស់»។
លោកបានផ្តល់ការកត់សម្គាល់ថា ការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA នោះនឹងមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ ព្រោះរយៈពេល១៨ខែទៀត កម្ពុជានឹងប្រឹងធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីទ្រទ្រង់សេដ្ឋកិច្ចខ្លាំងក្លាដែលកំពុងមាននាពេលបច្ចុប្បន្ន។
លោក ហ៊ុន សែន ក៏ស្នើឲ្យក្រុមមន្ត្រីរបស់លោកកុំធ្វើការអធិប្បាយណាមួយដែលមានលក្ខណៈវាយប្រហារលើសហភាពអឺរ៉ុប ដោយលោកបានលើកឡើងថា ការសម្រេចចាប់ផ្តើមដំណើរការនីតិវិធីដកកម្ពុជាពីឋានៈអនុគ្រោះពន្ធ EBA នោះ គឺធ្វើឡើងដោយបុគ្គលពីរនាក់ប៉ុណ្ណោះ មិនមែនដោយសំឡងឯកច្ឆន្ទក្នុងសហភាពអឺរ៉ុបនោះទេ។
លោក សម រង្ស៊ី មិនទាន់ឆ្លើយតបសំណួររបស់ VOA ដែលផ្ញើជូនលោកតាមសារអេឡិចត្រូនិក ឬ email ភ្លាមៗនៅឡើយទេ មកត្រឹមលា្ងចថ្ងៃសុក្រនេះ។
ប៉ុន្តែអ្នកស្រីមូរ សុខហ៊ួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលកាលពីឆ្នាំ២០១៧នោះ មានប្រសាសន៍ប្រាប់ VOA តាមសារឆ្លើយឆ្លងអេឡិចត្រូនិកមួយនៅថ្ងៃសុក្រនេះថា ប្រសាសន៍លោកហ៊ុន សែន បញ្ជាក់ថា លោកគ្មានភាពជាអ្នកដឹកនាំ ហើយងាកតែទៅរកការប្រើហិង្សា ដែលផ្ទុយពីការចង់បានរបស់សហគមន៍អឺរ៉ុប។
អ្នកស្រីមូរ សុខហួរ ចោទសួរថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយទៅហើយ ហេតុអ្វីបានជាលោក ហ៊ុន សែន នៅតែចង់រំលាយគណបក្សនេះទៀត?
«ចុះក្រែងថា គណបក្សប្រឆាំងក្រែងស្លាប់អស់ហើយអ្ហេ! ក្រែងថា តុលាការកំពូលបានរំលាយអស់ហើយអ្ហេ! ក្រែងថា ប្រធានគណបក្សប្រឆាំងលោក កឹម សុខា នៅពន្ធនាគារ ហើយយើងខ្ញុំនិរទេសខ្លួនបាត់អស់ហើយអ្ហេ! ចុះនៅខ្លាចគណបក្សប្រឆាំងធ្វើអី ឬមួយក៏សម្តេច លោក ហ៊ុន សែន អត់មានសមត្ថភាពទាល់តែសោះនៅក្នុងការដោះស្រាយប្រទេសជាតិ»។
អនុប្រធានគណបក្សប្រឆាំងរូបនេះបានកត់សម្គាល់ទៀតថា កម្ពុជាមិនអាចមើលស្រាលឥទ្ធិពលឋានៈអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុបបានទេ។
«ខ្ញុំសុំបញ្ជាក់ថា លោក ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបើសិនជាអត់មាន EBA ក៏មិនស្លាប់ដែរ។ ណ្ហើយកម្ពុជាមិនស្លាប់ ប៉ុន្តែរស់ដោយត្រដរ។ ពេលណាកម្ពុជារស់ដោយត្រដរ ដោយសារបាត់បង់អ្វីដែលជាការលើករបស់សហភាពអឺរ៉ុបនេះគឺជាការបាត់បង់នូវធនធានដ៏សំខាន់ណាស់គឺសេដ្ឋកិច្ច។ បើសិនជាកម្ពុជាយើងរស់ដោយត្រដរ កម្មកររបស់យើងដែលកំពុងតែធ្វើការងារនេះយកប្រាក់ ដែលមានបំណុល វ័ណ្ឌកនេះ តើមានអ្វី ភោគផលអីទៅលក់ទីផ្សារណា ដើម្បីសងបំណុលនោះវិញ? សម្តីអ្នកដឹកនាំគឺជាសម្តីសម្រាប់លើកស្ទួយជីវិតរស់នៅ ប្រជាពលរដ្ឋ មិនមែននិយាយអំពីការសម្លាប់ប្រជាពលរដ្ឋរបៀបនេះទេ»។
ដោយមិនបានថ្លែងដល់រឿងនយោបាយនោះ លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា Central បានលើកឡើងជាថ្មីដែរថា កម្ពុជាអាចនឹងបាត់បង់ភាពទាក់ទាញវិនិយោគិនបរទេស ប្រសិនបើប្រទេសនេះមិនអាចរក្សាបានឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
លោកថា កម្ពុជាអាចនឹងចាញ់ប្រៀបប្រទេសវៀតណាមក្នុងការទាក់ទាញអ្នកវិនិយោគនៅពេលខាងមុខផងដែរ ប្រសិនបើប្រទេសកុម្មុយនីស្តមួយនេះទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ដូចអ្វីដែលកម្ពុជាកំពុងតែទទួលបាននោះ។
«ហេតុដូច្នេះ ខ្ញុំនៅតែយល់ថា កម្ពុជាយើងគឺនៅត្រូវ នៅត្រូវការប្រព័ន្ធអនុគ្រោះពន្ធហ្នឹងនៅឡើយទេ ហើយទម្រាំនឹងយើងរៀបចំខ្លួនបាននៅ បួនប្រាំ បួនដប់ឆ្នាំអីទៀត អាហ្នឹងគឺរឿងផ្សេង។ ប៉ុន្តែឥឡូវនេះ យើងមាន EBA ដោយមិនមានបង់ពន្ធបង់អីផង យើងនៅជាលំដាប់ប្រទេសដែលក្រីក្រជាងគេនៅក្នុងតំបន់អាស៊ាន ចុះទម្រាំតែយើងអត់មានប្រព័ន្ធអនុគ្រោះពន្ធ?»
សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា យល់ថា ការអធិប្បាយរបស់លោក ហ៊ុន សែន អាចនឹងដាក់បន្ទុកបន្ថែមឲ្យសហភាពអឺរ៉ុបពន្លឿនយុទ្ធនាការដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធ ហើយសហភាពអឺរ៉ុបក៏នឹងប្រមូលកម្លាំងសម្ព័ន្ធមិត្តខ្លួនមកគាបសង្កត់កម្ពុជាបន្ថែមទៀតផង។
«EU ហ្នឹងអាចមានមូលហេតុកាន់តែច្រើនឡើង ឬក៏ភ័ស្តុតាងកាន់តែច្រើនឡើងក្នុងការសម្រេចចិត្តជាចុងក្រោយ ហើយជួនកាលវានឹងអាចធ្វើឲ្យទៅជាចលករមួយដែលធ្វើ mobilize [ប្រមូលកម្លាំង] ប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិក ក្នុងការសម្លឹងមកនៅក្នុងប្រទេសខ្មែរ ដោយសារតែស្ថានភាព វាកាន់តែអាក្រក់ទៅៗ។ អានេះបើតាមប្រសាសន៍។ បើសិនជាការប្រសាសន៍ហ្នឹង វាជារឿងពិតដែលត្រូវធ្វើមែននោះ ខ្ញុំមានការព្រួយបារម្ភថា វាហាក់ដូចជាកាន់តែធ្វើឲ្យអន្តរជាតិហ្នឹង គេមើលមកប្រទេសកម្ពុជាកាន់តែនៅក្នុងផ្លូវអវិជ្ជមាន»។
ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ មិនផ្តល់ការអធិប្បាយលម្អិតអំពីខ្សែអាត់សំឡេងបែកធ្លាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ លោកអះអាងថា សម័យកាលនេះ ការកែច្នៃសំឡេងអាចនឹងធ្វើទៅរួច។
«ខ្ញុំមិនធ្វើការវាយតម្លៃទៅលើរឿងបែកធ្លាយហ្នឹងទេ ព្រោះឥឡូវហ្នឹង គេអាចប្រតិដ្ឋ គេអាចធ្វើអីបានស្រេចតែចិត្ត។ យើងសុំរក្សាសិទ្ធិមិនវាយតម្លៃទៅលើការបែកធ្លាយនោះទេ បាទ»។
កាលពីថ្ងៃច័ន្ទកន្លងទៅ សហគមន៍អឺរ៉ុបចាប់ផ្តើមដំណើរការជាផ្លូវការដែលអាចឈានទៅដកហូតជាបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ដំណើរការនេះធ្វើឡើង បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋសមាជិក ប៉ុន្តែការដកហូតពិតប្រាកដនឹងធ្វើឡើងនៅខែសីហាឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់សហភាពអឺរ៉ុប។
ការណ៍នេះដោយសារតែសហភាពអឺរ៉ុបទុកពេលមួយឆ្នាំដើម្បីតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ និងជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងសរសេររបាយការណ៍។ ការដកហូតនិងរយៈពេលដកហូតបណ្តោះអាសន្ននឹងចាប់ផ្តើមក្នុងរយៈពេល៦ខែបន្ទាប់ពីនេះ។
អ្នកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«សូមបញ្ជាក់ឱ្យបានច្បាស់ថា ចំណាត់ការនៅថ្ងៃនេះគឺមិនមែនជាសេចក្តីសម្រេចចុងក្រោយ ឬក៏ជាដំណាក់កាលចុងក្រោយដែរ។ ប៉ុន្តែទ្រនិចនាឡិកាកំពុងតែចាប់ផ្តើមដំណើរការជាផ្លូវការ ហើយយើងត្រូវការឃើញសកម្មភាពពិតប្រាកដក្នុងពេលឆាប់ៗនេះ»។
ស្របពេលជាមួយគ្នានោះ អ្នកស្រី Federica Mogherini អនុប្រធានសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស ក៏បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដដែល ដោយកត់សម្គាល់ពីការបន្តធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា បើទោះបីជាអ្នកស្រីបានទទួលស្គាល់ការវិវត្តនយោបាយខ្លះដែលមានការដោះលែងមន្ត្រីបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានក៏ដោយ។
អ្នកស្រីបានថ្លែងជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ប៉ុន្តែបើគ្មានចំណាត់ការជាក់លាក់ពីរដ្ឋាភិបាលកម្ពុជាទេ ស្ថានការណ៍ជាក់ស្តែងធ្វើឱ្យមានបញ្ហាដល់កម្ពុជាក្នុងការទទួលបានឋានៈអនុគ្រោះពន្ធ EBA។ ក្នុងនាមជាសហភាពអឺរ៉ុប យើងប្តូរផ្តាច់នឹងដៃគូកម្ពុជារបស់យើង ដើម្បីជួយដល់ពលរដ្ឋកម្ពុជា។ ការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសនេះស្ថិតនៅក្នុងចំណុចកណ្តាលនៃភាពជាដៃគូនេះ»។
ភ្លាមៗ ក្រោយការចេញសេចក្តីប្រកាសនេះ មន្ត្រីនាំពាក្យវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាមួយរូបគឺលោក សួស យ៉ារ៉ា បានប្រតិកម្មធ្ងន់ៗនៅលើគណនីហ្វេសប៊ុករបស់លោក។
លោកបានសរសេរវាយប្រហារចំៗទៅលើអ្នកស្រី Cecilia Malmstrom និង អ្នកស្រី Federica Mogherini ក្នុងន័យដើមថា៖
«ជនឆ្វេងនិយមអឺរ៉ុប Mogherini និង Malmstrom កំពុងឃុបឃិតគ្នាប្រព្រឹត្តបទល្មើសប្រឆាំងប្រជាជនក្រីក្រនៅកម្ពុជា - សហគមន៍អឺរ៉ុបត្រូវគិតឡើងវិញករណី EBA»។
យ៉ាងណាក៏ដោយក្នុងសារសំឡេងបែកធ្លាយរបស់លោក ហ៊ុន សែន ដែលអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាមួយចំនួនបានស្តាប់ឮដែរនោះ លោកហ៊ុន សែនបានអំពាវនាវដល់ក្រុមមន្រ្តីលោកកុំបង្កអរិភាពជាមួយប្រទេសរដ្ឋសមាជិកណាមួយនៅក្នុងសហភាពអឺរ៉ុប ហើយថា កម្ពុជានឹងពង្រឹងខ្លួនឯងដើម្បីរកស៊ីជាមួយសហភាពអឺរ៉ុប ទោះបីជាត្រូវបង់ពន្ធក៏ដោយចុះ។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយបាននាំផលិតផលចូលគិតជាទឹកប្រាក់ចំនួនជាង៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកដោយមិនបង់ពន្ធ ហើយធ្វើឱ្យកម្ពុជាចំណេញប្រាក់ពន្ធប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបគឺមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្មនិងកង់។
ប៉ុន្តែយុទ្ធនាការរបស់រដ្ឋាភិបាលបង្ក្រាបលើអង្គការសង្គមស៊ីវិល បណ្តាញព័ត៌មានឯករាជ្យ និងគណបក្សប្រឆាំង នៅមុនការបោះឆ្នោតជាតិខែកក្កដាឆ្នាំមុន បានធ្វើឱ្យសហភាពអឺរ៉ុបនិងសហគមន៍អន្តរជាតិស្នើឱ្យកម្ពុជាកែប្រែស្ថានការណ៍ឱ្យបានល្អឡើងវិញ បើមិនដូច្នោះទេ អាចប្រឈមនឹងទណ្ឌកម្មផ្សេងៗទៀត៕