រដ្ឋសភាដែលមិនមានវត្តមានគណបក្សប្រឆាំងនៅព្រឹកថ្ងៃអង្គារទី៣១ ខែមករានេះ បានសម្រេចលុបចោលក្រុមមតិភាគតិច និងក្រុមមតិភាគច្រើន ដែលត្រូវបានបង្កើតដើម្បីចរចារកដំណោះស្រាយនយោបាយ។ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងដែលមិនបានចូលរួមប្រជុំនោះដោយលើកឡើងថា ការសម្រេចនេះធ្វើឡើងដោយមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។
ការបោះឆ្នោត ប្រព្រឹត្តទៅដោយសំឡេង៦៧លើ៦៧។ ការសម្រេចលុបចោលនេះ កើតឡើងបន្ទាប់ពីលោក ហ៊ុន សែន ដែលជាមេដឹកនាំបក្សកាន់អំណាចយល់ថា ក្រុមតំណាងរាស្រ្តមតិភាគតិចមានបំណងប្រើប្រាស់ការចរចាដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំមួយចំនួន ដែលលោកថា ជាការបំពានដល់អំណាចតុលាការ។
ការបោះឆ្នោតដកចេញប្រការ៤៨ ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដោយតំណាងរាស្ត្រគណបក្សកាន់អំណាចនៅថ្ងៃទី៣១ ខែមការនោះ មានន័យថា ជាការលុបចោលទាំងស្រុងនូវមុខតំណែងប្រធានក្រុមមតិភាគតិច ដែលមានលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ជាប្រធាន និងក្រុមមតិភាគច្រើនដែលមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់បក្សកាន់អំណាច ជាប្រធាន។
ថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើមការលុបចោលប្រការនេះបានលើកឡើងថា ការស្នើធ្វើវិសោធនកម្មប្រការ ៤៨ ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ ផ្អែកលើមូលហេតុយ៉ាងតិចចំនួន៥។ ក្នុងចំណោមមូលហេតុទាំងប្រាំនោះ លោកបានពន្យល់ថា ការបកស្រាយខុសគ្នាលើតួនាទីរបស់ប្រធានក្រុមមតិភាគតិច និងភាពមិនស្មោះត្រង់របស់គណបក្សប្រឆាំង ដែលតែងស្នើឲ្យមានការចរចាដែលទាមទារឲ្យដោះលែងអ្នកទោស ដើម្បីទទួលបានប្រយោជន៍នយោបាយ គឺជាមូលហេតុសំខាន់ជាងគេដើម្បីបិទបញ្ចប់ការចរចានេះ។
លោកមានប្រសាសន៍ថា៖
«បង្កប់ន័យ សម្រួលសភាពការណ៍នយោបាយឲ្យបានស្រួល ន័យនោះគឺន័យតែមួយគត់ គឺបញ្ហាដោះលែងអ្នកទោសព្រហ្មទណ្ឌ។ ខ្ញុំប្រកាសជាថ្មីទៀត កម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ហើយទៅជាប់ទោស»។
លោក ហ៊ុន សែន បន្ថែមថា ការរំលាយចោលនូវតួនាទីប្រធានក្រុមមតិភាគតិចនិងភាគច្រើនរដ្ឋសភា នឹងមិនប៉ះពាល់ដល់វប្បធម៌សន្ទនារវាងគណបក្សទាំងពីរឡើយ។ លោកបន្តថា ការពិភាក្សាលើបញ្ហានយោបាយ និងកិច្ចការជាតិ ត្រូវបន្តធ្វើឡើងតាមរយៈគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ។
ក្នុងសន្និសីទនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដើម្បីពន្យល់ពីមូលហេតុនៃការមិនចូលរួមប្រជុំក្នុងរដ្ឋសភា លោក សុន ឆ័យ តំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ការអនុម័តដោយឯកបក្សរបស់បក្សកាន់អំណាចដើម្បីលុបចោលតួនាទីក្រុមមតិភាគតិចក្នុងសភា គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។ លោកថា ការណ៍នោះគឺជាមូលហេតុដែលតំណាងរាស្ត្របក្សប្រឆាំងមិនព្រមចូលប្រជុំសភា ហើយអះអាងថា គណបក្សប្រឆាំងមិនចង់ក្លាយជាចំណែកនៃការសម្រេចចិត្តដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ។
លោកបញ្ជាក់ថា៖
«យើងនឹងខិតខំនៅពេលអនាគតដើម្បីធ្វើយ៉ាងម៉េចឲ្យមានការរៀបរយក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាយើងហ្នឹង គឺថា ធ្វើម៉េចឲ្យឆ្លុះបញ្ចាំងការងារឲ្យស្របតាមស្ថាប័ននៃប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សត្រឹមត្រូវឡើងវិញ។ ដូច្នេះខ្ញុំគ្រាន់តែបញ្ជាក់ថា យើងមិនអាចទទួលយកបាន ហើយនឹងខិតខំធ្វើយ៉ាងម៉េចឲ្យមានការធ្វើវិសោធនកម្ម»។
លោក មាស នី អ្នកវិភាគការអភិវឌ្ឍសង្គមប្រាប់ VOA ថា ក្រុមតំណាងរាស្រ្តមតិភាគតិច និងមតិភាគច្រើននេះបង្កើតឡើងដើម្បីឲ្យតែល្អមើលប៉ុណ្ណោះ ហើយមិនមានផលចំណេញអ្វីទាំងអស់សម្រាប់ជាតិ។ លោកបន្ថែមថា គណបក្សកាន់អំណាចប្រើប្រាស់ក្រុមមតិភាគតិច និងភាគច្រើនជាឈ្នាន់នយោបាយ។
លោកមានប្រសាសន៍ថា៖
«អ្វីដែលជាវិធីរបស់សម្តេចនាយក ខ្ញុំមិនមានការភ្ញាក់ផ្អើលទេ ព្រោះអ្វីដែលគាត់មិនពេញចិត្ត ដែលគាត់ថា មិនពេញចិត្ត គឺគាត់មិនធ្វើ គឺគាត់ត្រូវបញ្ឈប់ ត្រូវដក ត្រូវដាក់អី។ សម្រាប់ខ្ញុំគឺខ្ញុំមិនភ្ញាក់ផ្អើលទេ គឺដូចការផ្លាស់ប្តូរស្រមោលមួយ លឿនអញ្ចឹង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមក្នុងកិច្ចប្រជុំវិសាមញ្ញនោះថា ការដែលគណបក្សសង្គ្រោះជាតិមិនព្រមចូលរួមប្រជុំរដ្ឋសភា គឺជាទង្វើខ្វះការទទួលខុសត្រូវក្នុងនាមជាអ្នកតំណាងរាស្ត្រ។ លោកបានព្រមានថា ប្រសិនបើតំណាងរាស្រ្តគណបក្សប្រឆាំងនៅតែមិនចូលរួមប្រជុំរដ្ឋសភា ហើយបក្សនេះនៅតែបន្តនិយាយថា សភាកម្ពុជាជាសភាមិនគ្រប់ទឹកនោះ លោកនឹងកាត់ប្រាក់ខែអ្នកតំណាងរាស្ត្រទាំងនោះ៕