អតីតឧត្ដមសេនីយ៍ម្នាក់ ដែលធ្លាប់ជានាយរងសេនាធិការបញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវព្រះរាជអាជ្ញាសម្រេចចោទប្រកាន់នៅសប្តាហ៍នេះ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនក្នុងជម្លោះដីធ្លីហិង្សាមួយ។
អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចោទប្រកាន់ លោក គុយ ស៊ុន អតីតនាយរងសេនាធិការបញ្ជាការដ្ឋានអង្គរក្ស ពីបទ «ហិង្សាដោយចេតនា» និង «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។ នេះបើតាម លោក លឹម ប៊ុនហេង អ្នកនាំពាក្យសាលាដំបូងខេត្តប្រាប់ VOA។
លោកលឹម ប៊ុនហេង បន្ថែមថា គូកនលោក គុយ ស៊ុន ចំនួនបីរូបទៀតក៏ត្រូវចោទប្រកាន់ដែរដោយមានពីរនាក់ត្រូវចោទពីបទ «ហិង្សាដោយចេតនា» និងម្នាក់ត្រូវចោទពីបទគំរាមសម្លាប់។
អ្នកនាំពាក្យរូបនេះមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះទេ។ រីឯមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក ហេង ប៊ុនទី ក៏មិនផ្ដល់បទសម្ភាសនោះដែរ នៅពេលវីអូអេហៅទូរស័ព្ទទៅសួរ។
បើយោងតាមកំណត់ហេតុកងរាជអាវុធហត្ថខេត្តដែលវីអូអេទទួលបាន ការឃាត់ខ្លួនលោក គុយ ស៊ុន និងគូកនទាំង៣រូប កាលពីថ្ងៃទី០២ ខែកុម្ភៈ កន្លងទៅ កើតឡើងអំឡុងពេលមានការប៉ះទង្គិចគ្នាទាក់ទិននឹងការចុះអនុវត្តសាលដីកាមួយលើជម្លោះដីធ្លីនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលឱ្យសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ បានលើកឡើងថា លោក គុយ ស៊ុន ធ្លាប់មានប្រវត្តិចម្រូងចម្រាសក្នុងជម្លោះដីធ្លីក្នុងខេត្តដ៏មមាញឹកនេះ ហើយលោកក៏ធ្លាប់ជាប់ពន្ធនាគារផងដែរ។
លោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ប្រាប់ VOAនៅថ្ងៃសុក្រនេះថា លោក គុយ ស៊ុន ធ្លាប់សុំរូបលោកឲ្យអន្តរាគមន៍លើជម្លោះដីធ្លីផងដែរ។
នាយឧត្ដមសេនីយ៍រូបនេះនិយាយថា៖ «អង្គរក្សពិតប្រាកដត្រូវតែធ្វើការងារនៅកន្លែង ការពារសន្ដិសុខជូនថ្នាក់ដឹកនាំ អត់មានទៅរកស៊ីដីទេ។ អាហ្នឹង (លោក គុយ ស៊ុន) ទើបចេញពីគុកតើ យកចេញពីគុក ធ្លាប់ទៅជួយម្ដង ប៉ុន្មានខែ អត់បានប្រាំមួយខែផង យើងមានដីមានធ្លី មានច្បាប់ទម្លាប់ យើងម៉េចក៏មិនរាយការណ៍ជូនទៅអាជ្ញាធរក្រុង ខេត្ត ឃុំ ថ្នាក់ជាតិដូចខ្ញុំ ខ្ញុំដោះស្រាយតែរឿងបណ្ដឹងគ្រប់មុខសញ្ញាតើ មករាយការណ៍អីឱ្យខ្ញុំ»។
លោក ហ៊ីង ប៊ុនហៀង បញ្ជាក់ថាលោក គុយ ស៊ុន ត្រូវបញ្ចប់តួនាទីនៅបញ្ជាការដ្ឋានអង្គរក្សតាំងតែពីឆ្នាំ ២០១៩ មកម្ល៉េះ ពេលលោកជាប់ពន្ធនាគារលើកមុន។
លោកប្រាប់វីអូអេថា៖ «ក្នុងនាមជាមេបញ្ជាការ ខ្ញុំដូចជាឪពុកទីពីរ ជាមេបញ្ជាការជាឪពុក ជាម្ដាយទីពីរបានត្រូវ ហើយបើខ្លួនឯងដើររកស៊ីដី និងព្រៃឈើ អាហ្នឹងអត់ទេ អនុវត្តច្បាប់»។
របាយការណ៍ដែលវីអូអេទទួលបានបង្ហាញថាលោក គុយ ស៊ុន និងភរិយាឈ្មោះលោកស្រី ស៊ុយ គឹមហ៊ា កាលពីឆ្នាំ ២០១៨ ធ្លាប់ត្រូវបានក្រសួងបរិស្ថានគាំទ្រឱ្យរៀបចំរមណីយដ្ឋានធម្មជាតិ នៅចំណុចតាបិន ភូមិស្នាច់ដែង ឃុំរាម ស្រុកព្រៃនប់ ក្បែរតំបន់ឧទ្យានជាតិរាម។
លោកស្រី ស៊ុយ គឹមហ៊ា កាលពីដំណាច់ខែកញ្ញា ឆ្នាំ ២០២០ នេះ ក៏ទើបទទួលបានអនុក្រឹត្យផ្ដល់កម្មសិទ្ធិលើដីកាត់ឆ្វៀលពីគំរបព្រៃឈើទំហំ ៧,៩៥ ហិកតា នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ផងដែរ។
លោកស្រី ជៀប សុធារី មន្ត្រីអង្គការអាដហុក បារម្ភអំពីកំណើននៃការកាត់ឆ្វៀលដីរបស់រដ្ឋនៅខេត្តព្រះសីហនុ ជូនអ្នកមានអំណាច ដែលករណីខ្លះនាំឱ្យមានបញ្ហាជម្លោះជាញឹកញយ រវាងពលរដ្ឋជាមួយអ្នកមានអំណាច និងរវាងអ្នកមានអំណាចជាមួយអ្នកមានអំណាច។
មន្ត្រីអង្គការអាដហុកប្រចាំខេត្តព្រះសីហនុរូបនេះមានប្រសាសន៍ថា៖ «ខ្ញុំចាប់អារម្មណ៍ថា គ្រាន់តែចូលឆ្នាំ ២០២១ ភ្លាម រដ្ឋាភិបាលបានធ្វើការសម្រេចកាត់ឆ្វៀលដីរបស់រដ្ឋ ដីឯកជនរបស់រដ្ឋមួយចំនួន ឬក៏ដីដែលស្ថិតនៅក្នុងតំបន់គម្របព្រៃមួយចំនួនឱ្យទៅសមត្ថកិច្ចជាកម្លាំងប្រដាប់អាវុធ ឬក៏ជាមន្ត្រីរាជការដែលយើងឃើញជាបន្តបន្ទាប់»។
លោកស្រី សុធារី ស្នើឱ្យមានការគ្រប់គ្រងដីធ្លីដោយតម្លាភាព និងសមភាព ដើម្បីធានាថាពលរដ្ឋទាំងអ្នកមានទាំងអ្នកក្រនានាអាចរស់នៅបានក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ៕