ក្រុមតំណាងសហគមន៍អូរខ្សាច់ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លើកឡើងពីក្តីបារម្ភចំពោះវិធានការរបស់តុលាការ ដែលកាលពីសប្តាហ៍មុន បានសម្រេចឃុំខ្លួនសកម្មជនដីធ្លីមួយរូប តាមអំណាចសាលដីការបស់តុលាការកំពូល។
សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែមករា បានសម្រេចឃុំខ្លួនអ្នកស្រី អេង វ៉ាន់ រស់នៅភូមិ៤ ឃុំអូរត្រេះ បន្ទាប់ពីតំណាងការពារដីធ្លីរូបនេះ ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលខេត្ត នៅក្នុងរឿងជម្លោះដីធ្លីជាមួយអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានមួយរូប។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើងទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួននៃអំណាចសាលដីកាព្រហ្មទណ្ឌរបស់តុលាការកំពូល ដែលបានចោទតំណាងនោះថាបាន «ប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» គឺលោក ប៉ុន សារឿន ដែលមន្រ្តីសិទ្ធិមនុស្សអះអាងថា ធ្លាប់ជាអតីតជំទប់ទី១ នៃសង្កាត់លេខ១ ក្រុងព្រះសីហនុ និងជាអតីតអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
អ្នកស្រី ឡុច ទូច អាយុ៦២ឆ្នាំ តំណាងដែលធ្លាប់ជាប់ពន្ធនាគារពីរដងមកហើយ ក្នុងតវ៉ាប្រឆាំងការរំលោភសិទ្ធិកាន់កាប់ដីធ្លីបារម្ភថា អ្នកស្រីនឹងត្រូវគេចាប់ខ្លួនម្តងទៀត។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្លួនខ្ញុំលើសឈាមផងខ្លួន ខ្ញុំកើតរោគបេះដូងរុំខ្លាញ់ ហើយទៅជាស្ទះម្តងៗផង។ ហើយណាមួយ ឃើញប្តីខ្ញុំពិការ ចឹងខ្ញុំបារម្ភថា បន្ទាប់មកខ្ញុំខ្លាចអារម្មណ៍ខ្លាចថា គេចាប់ខ្ញុំតទៅទៀត។ ខ្ញុំមិនដឹងរស់នៅមានន័យអីទៀតទេ។ សព្វថ្ងៃនេះ ខ្ញុំឃើញគេរំលោភបំពានថាឯកសាររបស់ខ្ញុំនោះ ដាក់នោះ ដាក់ពេកហើយ ហើយមេធាវីជួយសរសេរ។ មេធាវីខ្ញុំបើជាប់រាប់មកតាំងពីឆ្នាំ២០០៨ហ្នឹង ហើយរហូតមកដល់បច្ចុប្បន្នហ្នឹង មេធាវីខ្ញុំចូលបាន ២០ នាក់ហើយ»។
អ្នកស្រីថា ការចាប់ខ្លួនអ្នកស្រី អេង វ៉ាន់ ជាទង្វើរំលោភសិទ្ធិម្ចាស់ដី។ អ្នកស្រីចោទលោក ប៉ុន សារឿន ថាបានកុហកអាជ្ញាធរថា «មានផ្ទះមានរបង» ដែលតាមការពិត គឺលោកមិនបានដាំ សូម្បីតែដើមឈើមួយដើមលើដីទំនាស់នោះ ពោលគឺមានតែពលរដ្ឋដូចជាអ្នកស្រី អេង វ៉ាន់ ដែលបានដំាដុះនៅទីនោះ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំគឺថាចាប់មួយដងពីរដងចឹងហើយ ក៏ខ្ញុំនៅតែតវ៉ា ទោះបីថាងាប់ជីវិតខ្ញុំស្លាប់ ក៏ខ្ញុំនៅតែតវ៉ា ដីហ្នឹងឲ្យបានមកវិញដែរ ព្រោះថាជាដីទ្រព្យរបស់ខ្ញុំទ្រព្យរបស់ អេង វ៉ាន់ ហើយទ្រព្យរបស់ប្រជាពលរដ្ឋ។ ខ្ញុំត្រូវតែតស៊ូខ្ញុំត្រូវតែដើរតស៊ូ។ បើគាត់មិនលែងអ្នកស្រី អេង វ៉ាន់ ទេ ពួកខ្ញុំនឹងធ្វើ តស៊ូទៅតុលាការដំបូងហើយ បើដំបូងអត់ដោះស្រាយទេ ខ្ញុំទៅកំពូល»។
អ្នកស្រី ឡុច ទូច និងអ្នកស្រី អេង វ៉ាន់ កំពុងមានទំនាស់ដីធ្លីជាមួយលោក ប៉ុន សារឿន លើផ្ទៃដីសរុបប្រមាណ ៧,៥ ហិកតា ក្នុងផ្ទៃដីចំនួន ៣២ ហិកតា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពលរដ្ឋចំនួនជាង ៣០ គ្រួសារ។ អ្នកស្រីអះអាងថា ពលរដ្ឋបានចូលមកកាន់កាប់ដីនេះ តាំងពីឆ្នាំ ១៩៩២ មក។
លោក ញិល ភាព អ្នកសម្របសម្រួលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ទាំងអ្នកស្រី ឡុច ទូច និង អេង វ៉ាន់ រងការប្តឹងផ្តល់ពីលោក ប៉ុន សារឿន និងបុគ្គលម្នាក់ទៀតគឺលោក សុខ ងួន ដែលមានងារជាឧកញ៉ាតាំងពីឆ្នាំ ២០០៨ មក គឺក្រោយពេលអ្នកស្រី ឡុច ទូច និងអ្នកស្រី អេង វ៉ាន់ និងពលរដ្ឋជាច្រើនគ្រួសារទៀត បានចូលទៅកាប់ឆ្ការដីព្រៃ ដើម្បីបង្កបង្កើនផលក្នុងអំឡុងឆ្នាំ១៩៩២។
លោកលើកឡើងថា ការចាប់ខ្លួនអ្នកស្រី អេង វ៉ាន់ កើតមានឡើង ក្រោយសាលាដំបូងខេត្តព្រះសីហនុចេញបញ្ជាឲ្យអ្នកស្រី អេង វ៉ាន់ និងពលរដ្ឋផ្សេងទៀតដែលចាញ់ក្តីលោក ប៉ុន សារឿន និងលោកសុខងួនចាកចេញពីផ្ទះសម្បែងពីរដងមកហើយ គិតចាប់តាំងពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០។ ប៉ុន្តែក្រុមប្រជាពលរដ្ឋមិនចាកចេញ និងថែមទាំងរារាំងមិនឲ្យភាគីលោក ប៉ុន សារឿន យកគ្រឿងចក្រទៅឈូសឆាយដី។
លោកមានប្រសាសន៍ថា៖ «គាត់ជាមនុស្សដែលជាប្រជាពលរដ្ឋដែលស្លូតត្រង់ ជាអ្នកកាន់កាប់ដែលត្រឹមត្រូវ ហើយគាត់បានបាត់បង់ដីធ្លី ដោយសារការចោទប្រកាន់ ដោយសារការលាបពណ៌ក្នុងហេតុផលផ្សេងៗ ដោយសារតែគាត់ហ្នឹងមានភាពសកម្មនៅក្នុងការងារទាមទារបញ្ហាសិទ្ធិដីធ្លីរបស់ពួកគាត់ ក៏ដូចជាសមាជិករបស់ពួកគាត់ហ្នឹង»។
លោកបន្ថែមថា៖ «ប៉ុន្តែយើងក៏បដិសេធចោលនូវមន្ត្រីរដ្ឋាភិបាល ឬក៏ថា្នក់ដឹកនាំអាជ្ញាធរ ឬក៏រដ្ឋ អាជ្ញាធរថ្នាក់ខេត្ត ឬក៏ថ្នាក់ជាតិណាថា ឲ្យតែអ្នកណាមានបណ្ណកម្មសិទ្ធិ អ្នកហ្នឹងជាម្ចាស់ដី គឺអត់ត្រូវទេ ព្រោះអីបណ្ណកម្មសិទ្ធិយើងឃើញថា ធ្វើនៅកន្លែងណា ក៏បានដែរហ្នឹង។ ហើយសំខាន់ គឺអ្នកដែលរស់នៅកាន់កាប់ អាស្រ័យផលជាក់ស្តែង»។
លោក ញិល ភាព កត់សម្គាល់ថាពលរដ្ឋប្រមាណ ៣២ គ្រួសារ ដែលរស់នៅលើដីទំហំ ៣២ ហិកតា នោះ កំពុងស្ថិតក្នុងវិវាទជាមួយអ្នកមានទ្រព្យធូរធារផ្សេងទៀត ដូចជាឧកញ៉ាជាដើម ដែលសុទ្ធតែអះអាងថា មានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ បើទោះពួកគេមិនធ្លាប់រស់នៅក្នុងសហគមន៍អូរខ្សាច់ក៏ដោយ។
មាត្រា ៣០ នៃច្បាប់ភូមិបាលបានចែងថា៖ «បុគ្គលទាំងឡាយដែលបានអាស្រ័យផលនៃភោគៈដោយសន្តិវិធីនិងមិនមានការជំទាស់ ចាប់ពី៥ឆ្នាំយ៉ាងតិច គិតមកដល់ការបរិច្ឆេទនៃការប្រកាសឲ្យប្រើច្បាប់នេះលើអចលនវត្ថុ ដែលមានលក្ខណៈត្រឹមត្រូវតាមច្បាប់ ក្នុងការកាន់កាប់ជាឯកជន មានសិទ្ធិសើ្នសុំបណ្ណកម្មសិទ្ធិសា្ថពរ»។
ក្នុងវិវាទដីធ្លីក្នុងសហគមន៍អូរខ្សាច់នេះលោក ប៉ុន សារឿន និងគូកនលោកបានប្តឹងពលរដ្ឋ ៤ នាក់គឺមានអ្នកស្រី អេង វ៉ាន់ អ្នកស្រី ឡុច ទូច ស្វាមីអ្នកស្រីឡុចទូច គឺលោក កៅ ហ៊ួ និងអ្នកស្រី ឃឹម មុំ។ ការប្តឹងផ្តល់ផ្តើមចេញពីការទាមទារធ្វើជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់ ដោយសារលោក ប៉ុន សារឿន អះអាងថា លោកបានទិញដីពីប្តីអ្នកស្រីអេង វ៉ាន់ គឺលោក ឡុញ តាញ ដែលបានស្លាប់មុនកាលបរិច្ឆេទនៃការទិញដូរនោះ។
ក្រោយដាក់ពាក្យបណ្តឹងរបស់លោកប៉ុន សារឿន និងលោក សុខ ងួន កាលពីឆ្នាំ ២០០៨ សាលាដំបូងខេត្តព្រះសីហនុ បានចេញសាលក្រមចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដោយសម្រេចផ្តន្ទាទោសពលរដ្ឋខាងលើទាំង ៤ នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១០ ខែ និងសងជួសជុលការខូចខាតទៅឈ្មោះ ប៉ុន សារឿន ក្នុងម្នាក់ៗ ២ លានរៀល។
ក្រោយមកក្រុមពលរដ្ឋប្តឹងឧទ្ធរណ៍និងតុលាការកំពូលជំទាស់ការសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ប៉ុន្តែតុលាការកំពូល កាលពីឆ្នាំ២០១៤ បន្តរក្សាសាលក្រមរបស់តុលាការខេត្តព្រះសីហនុទុកជាបានការ។
នៅមុនការចាប់ខ្លួន អ្នកស្រី អេង វ៉ាន់ត្រូវគេឃើញក្នុងឃ្លីបវីដេអូមួយចំនួនដែលបង្ហាញថា អ្នកស្រីកំពុងប្រឈមមុខជាមួយកម្លាំងនគរបាលមួយចំនួននៅលំនៅឋានអ្នកស្រី ក្នុងដីដែលមានជម្លោះជាមួយលោក ប៉ុន សារឿន និងលោកសុខ ងួន។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក ប៉ុន សារឿន និងលោក សុខ ងួន បានទេនៅថ្ងៃអង្គារនេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុលោក លឹម ប៊ុនហេង ប្រាប់ VOA តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម (Telegram) ថា ការឃុំខ្លួនអ្នកស្រី អេង វ៉ាន់ ជាផ្នែកមួយនៃការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនតាមអំណាចសាលដីការបស់តុលាការកំពូល។
លោកបន្ថែមថា៖ «បច្ចុប្បន្នទណ្ឌិតឈ្មោះ អេង វ៉ាន់ ត្រូវបានបញ្ជូនទៅពន្ធនាគារដើម្បីអនុវត្តទោស»។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា សំណុំរឿងនេះបានបញ្ចប់រួចទៅហើយតាមនីតិវិធីរបស់តុលាការ តាំងពីសាលាដំបូងរហូតដល់តុលាការកំពូល។
ប៉ុន្តែលោកស្រីថា ក្នុងដំណាក់កាលដែលក្រុមប្រជាពលរដ្ឋត្រូវតម្រូវឲ្យចាកចេញពីផ្ទះសម្បែងតាមអំណាចសាលដីកាតុលាការកំពូលនោះ ក្រុមអង្គការសង្គមស៊ីវិលនឹងសិក្សាខាងច្បាប់បន្ថែមទៀត ដើម្បីជួយពួកគាត់ ព្រោះមានភាពមិនច្បាស់លាស់មួយចំនួន ក្នុងការទិញដូរដីនៅទីតាំងមានទំនាស់នោះ៕