កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួននាយទាហានជើងទឹកជាន់ខ្ពស់មួយរូប នៃមូលដ្ឋានសមុទ្ររាមក្នុងខេត្តព្រះសីហនុនិងគូកន ទាក់ទិននឹងការជាប់ពាក់ព័ន្ធរបស់លោកក្នុងហេតុការណ៍ប្រទូស្ដរ៉ាយហិង្សារហូត ផ្ទុះអាវុធនៅកន្លែងកម្សាន្តមួយនៅកោះរ៉ុង កាលពីពាក់កណ្ដាលខែឧសភា។ នេះបើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកនាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា នគរបាលកំពុងតាមចាប់ខ្លួនលោកឧត្ដមនាវីទោ ហាស់ សុទ្ធា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក និងបុគ្គលពីររូបទៀត ពាក់ព័ន្ធនឹងករណីវាយតប់រហូតមានផ្ទុះអាវុធជាមួយជនជាតិចិនមួយក្រុម។
នៅពេលសួរថាការតាមចាប់នេះមានដីកាពីតុលាការខេត្តព្រះសីហនុបង្គាប់ឱ្យចាប់ខ្លួន ឬយ៉ាងណា លោក ឆាយ គឹមខឿន បានប្រាប់ VOA យ៉ាងដូច្នេះថា៖ «ករណីនេះបញ្ជូនទៅតុលាការហើយតើ!ហើយបីនាក់ទៀត កំពុងរត់គេចខ្លួន។ យើងកំពុងតាមចាប់»។
លោកវរសេនីយ៍ទោ ហេង គីមអាន អធិការនគរបាលក្រុងកោះរ៉ុង បានបញ្ជាក់ថា ករណីជម្លោះហិង្សាខាងលើ បានកើតឡើងកាលពីថ្ងៃទី១៤ ខែឧសភា នៅឆ្នេរឋានសួគ៌ ភាគខាងលិចនៃកោះរ៉ុង ក្បែរទីលំហែម៉ាហ្វីយ៉ា។ ជម្លោះនេះមានការប្រតាយប្រតប់គ្នារហូតដល់ផ្ទុះអាវុធ។ ប៉ុន្តែលោកបានបដិសេធមិនអត្ថាធិប្បាយបន្ថែមលើបញ្ហានេះនោះទេ។
ទីលំហែខាងលើជាកម្មសិទ្ធិរបស់ឧកញ៉ា ទៀ វិចិត្រ កូនប្រុសបង្កើតលោកនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដែលជាប្អូនប្រុសរបស់លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។
លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា មានជនពាក់ព័ន្ធទាំងអស់ ១៩ នាក់ ដែលត្រូវបានបញ្ជូនឈ្មោះមកសាលាដំបូងខេត្ត ក្នុងនោះជនជាតិចិន ១៦នាក់។ លោកបញ្ជាក់ថា ពួកគេត្រូវបានចោទប្រកាន់ពី «បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» និង «បទប្រើប្រាស់អាវុធជាតិផ្ទុះ»។
យ៉ាងណាក៏ដោយ មន្រ្តីតុលាការខេត្តព្រះសីហនុរូបនោះ បានបដិសេធមិនផ្ដល់ព័ត៌មានថា បានចោទប្រកាន់ពីថ្ងៃណា ដោយព្រះរាជអាជ្ញារងរូបណានោះទេ ហើយលោកក៏បដិសេធមិននិយាយចំឈ្មោះថា លោក ហាស់ សុទ្ធា ដែលជាមេបញ្ជាការរងមូលដ្ឋានសមុទ្ររាមនៃកងទ័ពជើងទឹក បានជាប់ពាក់ព័ន្ធនឹងករណីនេះឬអត់។
«ប៉ុន្តែគ្រាន់តែថា សំណុំរឿងនេះ វាមានការស្មុគស្មាញគ្នាច្រើន ហើយយើងត្រូវការស្រាវជ្រាវ។ អ៊ីចឹងខ្ញុំអត់អាចផ្ដល់ថា ចំណាត់ការហ្នឹងយ៉ាងម៉េចអីយ៉ាងម៉េចទេ»។
ប៉ុន្តែលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុប្រាប់ VOA នៅថ្ងៃសុក្រនេះថា នគរបាលខេត្តមិនទាន់បានទទួលដីកាបញ្ជាឱ្យចាប់ខ្លួន ឬនាំខ្លួនទាក់ទិននឹងករណីនោះនៅឡើយទេ។
«សូមអធ្យាស្រ័យ ខ្ញុំអត់ទាន់មានទទួលមានអ្វីទេ ព្រោះនៅក្នុងដៃចៅក្រមស៊ើប [សួរ] កំពុងអនុវត្តនីតិវិធី។ ខ្ញុំរង់ចាំតែអនុវត្តតាមនីតិវិធី និងអធិបញ្ជារបស់ចៅក្រមនិងព្រះរាជអាជ្ញា»។
លោកបន្តថា ជនជាតិចិនទាំង ១៦ នាក់ កំពុងស្ថិតក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូង ហើយកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្ត ក្បែរតំបន់ក្បាលឆាយ។ ប៉ុន្តែលោកថា អ្នកពាក់ព័ន្ធ ៣ នាក់ទៀត ដែលជាជនជាតិខ្មែរ បានចាកចេញពីកន្លែងកើតហេតុ មុនសមត្ថកិច្ចទៅដល់។ លោកថា ភាគីជម្លោះមានរបួសទាំងសង។
«ពេលនោះមានរបួសសងខាង ហើយខាងភាគីខ្មែរដូចជាមានការដឹកជញ្ជូនទៅមន្ទីរពេទ្យ»។
មិនមានព័ត៌មានអំពីមនុស្សស្លាប់នៅក្នុងជម្លោះប្រើអាវុធនេះទេ។
ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ២៨ ខែឧសភា ទីបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម បានបដិសេធថា ពុំមានការចេញដីកាតាមចាប់ខ្លួនលោក ហាស់ សុទ្ធា ហើយនាយទាហានជើងទឹកផ្កាយពីររូបនេះ ក៏មិនបានរត់គេចខ្លួននោះដែរ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់នោះទេ ថា លោក ហាស់ សុទ្ធា កំពុងបំពេញតួនាទីធម្មតា ឬក៏កំពុងស្ថិតនៅទីណានោះទេ។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា៖ «មេបញ្ជាការមូលដ្ឋានសមុទ្រកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានជ្រាបនូវអង្គហេតុ ព្រមទាំងបានធ្វើការត្រួតពិនិត្យ វាយតម្លៃយ៉ាងល្អិតល្អន់រួចហើយ ចំពោះករណីហិង្សាមកលើលោក ហាស់ សុទ្ធា និងមិត្តភក្ដិ»។
សេចក្ដីថ្លែងការណ៍បន្ថែមថា៖ «អង្គភាពបានត្រៀមចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបញ្ជូនលោក ហាស់ សុទ្ធា ចូលខ្លួនទៅបំភ្លឺ តាមការកោះហៅរបស់កងកម្លាំងសមត្ថកិច្ចនិងស្ថាប័នតុលាការ»។
លោកឧត្ដមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានទ័ពសមុទ្ររាម បដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ។ VOA ក៏មិនទាន់អាចទាក់ទងលោក ហាស់ សុទ្ធា ដើម្បីសុំការបំភ្លឺបានដែរ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ជំរុញឲ្យតុលាការស៊ើបអង្កេតឲ្យបានម៉ត់ចត់លើករណីនេះ ហើយសមត្ថកិច្ចត្រូវតាមចាប់ខ្លួនអ្នកដែលប្រព្រឹត្តខុស ដោយមិនផ្អឹបសំណុំរឿងទុក។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បានបន្តថា កន្លងទៅ លោកសង្កេតឃើញថា ទាល់តែមានការបញ្ជាឬថ្លែងរបស់នាយករដ្ឋមន្រ្តី ទើបសមត្ថកិច្ចនិងតុលាការមានចំណាត់ការចំពោះករណីដែលអ្នកមានអំណាច ឬសែស្រឡាយរបស់អ្នកមានអំណាចជាប់ពាក់ព័ន្ធ ឲ្យពួកគេមកទទួលខុសត្រូវចំពោះមុខច្បាប់៕