ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​សុំ​ឱ្យ​អ.ស.ប​ជួយ​សម្រប​សម្រួល​បញ្ចប់​វិបត្តិ​នយោបាយ


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក លោក​ សុរិយា​ ប្រាសាទ​ស៊ូប៊ែឌី​ (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​​នៅ​មុន​ពេល​ជំនួប​នៅ​វិមាន​សន្តិភាព​​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៤។ ជំនួប​នេះ​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ​របស់​លោក​ស៊ូប៊ែឌី​នៅ​ប្រទេស​កម្ពុជា។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក លោក​ សុរិយា​ ប្រាសាទ​ស៊ូប៊ែឌី​ (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​​នៅ​មុន​ពេល​ជំនួប​នៅ​វិមាន​សន្តិភាព​​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៤។ ជំនួប​នេះ​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ​របស់​លោក​ស៊ូប៊ែឌី​នៅ​ប្រទេស​កម្ពុជា។
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ស្នើ​សុំ​ឱ្យលោក​ សុរិយា​ ប្រាសាទ​ស៊ូប៊ែឌី​ (Surya Subedi) ឱ្យ​ដើរ​តួនាទី​ជាអ្នក​សម្រប​សម្រួល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ឱ្យចូល​រួម​ប្រជុំ​សភា​ក្នុង​គោល​បំណង​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​នយោបាយ​ដែល​កំពុង​ជាប់​គាំង​នាពេល​បច្ចុប្បន្ន​នេះ។​

ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ជំនួប​ដ៏​កម្រ​មួយ​រវាង​លោក​ សុរិយា​ ប្រាសាទ​ស៊ូប៊ែឌី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ប្រមាណ​ជាង​១០​នាក់ផ្សេង​ទៀត​នៅ​វិមាន​សន្តិភាព។​

លោក​ ឱម យ៉ិនទៀង​ ប្រធាន​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​និង​ជាអ្នក​នាំពាក្យ​នៃ​កិច្ច​ប្រជុំ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ស្នើ​ដល់លោក​ស៊ូប៊ែឌី​ទៅ​និយាយ​ប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យចូល​រួម​ប្រជុំ​សភា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង។​

ឱម យ៉ិនទៀង ​បាន​បន្ថែម​ថា៖​ «ដំណោះ​ស្រាយ​ភាព​ទាល់​ច្រក​នៅ​កន្លែង​ណា​គឺ​ចូល​សភា ​ហើយ​អ្វី​ដែល​លោក​ សុរិយា​ប្រាសាទ​ សូប៊ែឌី ​សុំ​ឱ្យសម្តេច​ថា​«ចង់​ឱ្យ​គាត់​ជួយ​អ្វី?» ​គឺ​សម្តេច​បាន​ប្រសាសន៍​ថា​សុំ​ឱ្យ​លោកជួយ​ប្រាប់​ទៅ​ខាង​នោះ​ឱ្យ​ចូល​សភា​ទៅ​ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​អ្វី​ក៏​ដោយ»។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខាបាន​បន្ត​បែរ​ខ្នង​ដាក់​គ្នា​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ដែល​បង្ក​ឱ្យភាព​ជាប់​គាំង​ផ្នែក​នយោបាយ​បាន​អូស​បន្លាយ​អស់​ជាង៦​ខែ​មក​ហើយ​មក​ដល់​ពេល​នេះ។​

គណបក្ស​សង្គ្រោះជាតិ​បាន​បន្ត​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​សភា​តាំង​ពី​ដំបូង​និង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ថា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ជាច្រើន​លើក​ដើម្បី​ទាម​ទារ​ឱ្យបោះ​ឆ្នោត​ឡើង​វិញ​និង​ទម្លាក់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ពី​មុខ​តំណែង។ ​ការ​ទាមទារ​នេះ​នៅ​ពេល​ចុងក្រោយ​ត្រូវ​បានកង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​កាល​ពីរ​សប្តាហ៍​មុន។​

មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​គឺ​លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា​ រួម​ទាំង​លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ទើបតែ​បាន​ចូល​បំភ្លឺ​តុលាការ​កាល​ពី​ថ្ងៃ​អង្គារពី​បទ «ញុះញង់​ដែល​នាំ​ឱ្យមាន​អំពើ​ហិង្សា»​ នៅ​ក្នុង​សំណុំ​រឿង​បាញ់​កម្មករ​កាល​ពី​ថ្ងៃ​ទី​៣​ខែមករា​កន្លង​ទៅ​នេះ។​

យ៉ាង​តិច​មាន​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​ប្រមាណ​៥​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​បាន​រង​របួស ​ព្រមទាំង​ចាប់​ខ្លួន​២៣​នាក់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ម៣​ខេត្ត​កំពង់ចាម​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិតទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាល​ពី​ដើ​ខែ​មករា​នេះ។​

លោក​ ឱម យ៉ិនទៀង​បាន​បញ្ជាក់​ថានៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​លោក​ ស៊ូប៊ែឌី​បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​គួរ​ចៀស​វាង​ការ​ប្រើ​ប្រាស់​អាវុធ​ដើម្បី​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ។​

លោក​និយាយ​ថា៖​ «លោក​សុរិយា​ សូប៊ែឌី​គ្រាន់​គាត់​ថា​សុំ​ឱ្យឃើញ​ថា​ពេល​ចាំ​បាច់​ហើយ​សម​ស្រប​សមាមាត្រ​ហើយ​មាន​វិធានការ​ផ្សេងៗ​ច្រើន​ទៀត​មុន​នឹង​យក​វិធានការ​នេះ​មក​ប្រើ»។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​យើង​ស្វាគមន៍​នូវ​តួនាទី​របស់​អង្កការ​សហប្រជាជាតិ​ដើម្បី​សម្រប​សម្រួល​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ក៏ប៉ុន្តែ​ការ​ចូល​រួម​ប្រជុំ​រដ្ឋសភា​បាន​លុះ​ត្រា​តែ​មាន​ការ​ធានា​ឱ្យមាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បី​ឈាន​ទៅ​រក​ការ​ឆ្នោត​ឡើង​វិញ​បាន។

លោក​សម​រង្ស៊ី​បន្ថែម​ថា៖ «បើ​សិន​មាន​ការ​ធានា​ថា​ការ​បោះ​ឆ្នោត​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ហើយ​មាន​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​គឺ​ធ្វើ​ទៅ​យ៉ាង​ត្រឹម​ត្រូវ។​ក្នុង​ន័យ​ហ្នឹង​គឺ​យើង​អាច​ចូល​រួម។ ​ចូល​រួម​ទៅ​កែ​ច្បាប់​ អាច​កែ​រហូត​ដល់​រដ្ឋធម្មនុញ្ញ​ក៏ប៉ុន្តែ​ដើម្បី​រៀប​ចំផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ឡើង​វិញ»។​

ជំនួប​ដ៏កម្រ​ជាង​៣ម៉ោង​កន្លះ​រវាង​លោក​សុរិយា​ ប្រាសាទ​ស៊ូប៊ែឌី​ជាមួយ​នឹង​លោក​នាយក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​កើត​ឡើង​ក្រោយ​ពី​ក្រុម​មាន​សមត្ថកិច្ច​បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​និង​ក្រុម​បាតុករ​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​តវ៉ា​ឱ្យបោះ​ឆ្នោត​ឡើង​វិញ​និង​ឱ្យលោក​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ូប៊ែឌី​ចំនួន​ពីរ​លើក​មុន​មក​កាន់​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មិន​អនុញ្ញាត​ឱ្យលោក​ចូល​ជួប​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG