លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ ជំរុញឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់វិស័យ ព្រមទាំងប្រជាពលរដ្ឋផង បន្តបង្កើនឲ្យមានចំនួនស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំគ្រប់កម្រិត។
ថ្លែងក្នុងពិធីអបអរទិវានារី អន្តរជាតិ៨ មីនា ខួបទី១០៩ នៅថ្ងៃទី០៦ ខែមីនានេះ លោក ហ៊ុន សែន លើកឡើងថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី កន្លងមករដ្ឋាភិបាលមានយន្តការច្បាប់ ផែនការសកម្មភាពជាតិ គោលនយោបាយជាតិ ព្រមទាំងមានការផ្តល់សេវាជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះ។ ក្នុងពិធីនោះ លោកបានដាក់ចេញនូវចំណុចសំខាន់មួយចំនួន ដោយក្នុងចំណុចដំបូង លោកបានជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តបង្កើនចំនួនស្រ្តីក្នុងវិស័យដឹកនាំគ្រប់កម្រិត។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «គ្រប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ត្រូវបន្តបង្កើនឲ្យមានចំនួនស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឲ្យរួមគ្នាទប់ស្កាត់និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលានូវគ្រប់ទិដ្ឋភាពនៃអំពើហិង្សាដែលទាក់ទងនឹងបញ្ហាយេនឌ័រ ជាពិសេសការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ។
កាលពីជាងពីរសប្តាហ៍មុន សមត្ថកិច្ចបានចាប់ និងឃុំខ្លួនស្រ្តីលក់អនឡាញម្នាក់ដាក់ពន្ធនាគារ ដោយចោទថាស្រ្តីរូបនោះស្លៀកពាក់ស៊ិចស៊ីហួសហេតុ បណ្តាលឲ្យផ្ទុយនឹងក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីអាជីវកម្មផ្លូវភេទ។ ការចាប់នោះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសឲ្យចាត់វិធានការលើស្រ្តីលក់អនឡាញណាដែលស្លៀកពាក់ស៊ិចស៊ីថតផ្សាយលក់ផលិតផល។ ក្រោយការចាប់ខ្លួនស្រ្តីរូបនោះ គេឃើញអង្គការការពារសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិ បានរិះគន់ចំណាត់ការនោះ ថាជាការរំលោភសិទ្ធិមនុស្ស។
អ្នកស្រី សើនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល ប្រាប់ VOAថា រដ្ឋាភិបាលតែងប្រកាសជារៀងរាល់ឆ្នាំក្នុងការជំរុញឲ្យបង្កើនចំនួនស្រ្តីក្នុងថ្នាក់ដឹកនាំ និងវិស័យនយោបាយ ប៉ុន្តែអ្នកស្រីថា ចំនួននិងអំណាចរបស់ស្រ្តីនៅតែមានកម្រិតទាបខ្លាំង បើធៀបនឹងបុរស។
«នៅក្នុងរចនាសម្ព័ន្ធដឹកនាំតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិមូលដ្ឋានហ្នឹង ភាគច្រើនជាបុរស ហើយបុរសខ្លួនឯងហ្នឹងអត់ចង់ចុះចេញពីតំណែងទេ នេះបញ្ហាធំមែនទែន។ ហើយទីពីរទាក់ទងនឹងច្បាប់ ឬគោលនយោបាយមួយចំនួន ដូចជាក្នុងវិស័យនយោបាយ អត់ទាន់មានគោលនយោបាយស្តីពីសមភាពយេនឌ័រ ហើយបើក្នុងច្បាប់បោះឆ្នោតវិញក៏អត់បានគិតពីសមធម៌ សម្រាប់ស្រ្តី និងបុរស មធ្យោបាយដាក់ឲ្យស្រ្តីហ្នឹងបុរសហ្នឹងចូលរួមឲ្យបានស្មើភាពគ្នា»។
អ្នកស្រីបន្ថែមថា នៅពេលដែលរដ្ឋាភិបាលមួយមានចំនួនស្រ្តីក្នុងការដឹកនាំច្រើន នោះនឹងជំរុញដល់ការអភិវឌ្ឍគ្រប់វិស័យមានការរីកចម្រើនលឿន ដោយសារស្រ្តីយល់ដឹងពីតម្រូវការរបស់ស្រ្តី និងកុមារ ព្រមទាំងក្រុមជនងាយរងគ្រោះបានល្អជាងបុរស។
ក្នុងចំណោមប្រជាជនកម្ពុជាជាង ១៦លាននាក់ ចំនួនស្រ្តីមានប្រមាណ ៥២ភាគរយ។ តែចំនួនស្រ្តីនៅក្នុងតំណែងដឹកនាំគ្រប់លំដាប់ថ្នាក់ នៅទាបនៅឡើយ។ ក្នុងចំណោមសមាជិករដ្ឋសភា សរុបទាំង ១២៥មកពីគណបក្សប្រជាជនកម្ពុជា មានតែស្រ្តី២៥នាក់តែប៉ុណ្ណោះ គឺស្មើនឹង២០ភាគរយ។ សមាជិកព្រឹទ្ធសភាស្រ្តីមានប្រមាណ ១៨ភាគរយ។ សម្រាប់តំណែងមន្រ្តីរដ្ឋាភិបាល ទាំងគ្រប់កម្រិតភាគច្រើនគ្រប់ដណ្តប់ដោយបុរស។
ក្នុងចំណោមក្រុមប្រឹក្សាឃុំសង្កាត់ ១១៥៧២នាក់ ស្រ្តីមានចំនួន ២៣២៣នាក់គឺស្មើនឹងប្រមាណ២០ភាគរយ។ នៅក្នុងចំណោមឃុំសង្កាត់ទូទាំងប្រទេសសរុប ១៦៤៦ឃុំសង្កាត់ មានឃុំសង្កាត់ជាង ៣០០មិនមានក្រុមប្រឹក្សាស្រ្តីសូម្បីតែម្នាក់។
កាលពីចុងឆ្នាំ ២០១៧ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រមូលយកអាសនៈឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិចំនួនជាង ៥ពាន់ ដែលក្នុងនោះមានស្រ្តីចំនួន ៥៥៣នាក់ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំនេះត្រូវបានតុលាការកំពូលរំលាយ។ គណបក្សសង្គ្រោះជាតិនាពេលនោះ ក៏មានស្រ្តីជាតំណាងរាស្រ្តចំនួន ៧នាក់ផងដែរ។
នៅថ្ងៃសុក្រនេះដែរ អង្គការចំនួនបួន រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) NGO-CEDAW មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការDCA បានចេញសេចក្តីថ្លែងការណ៍រួមមួយសម្រាប់ឱកាសនៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ដោយអំពាវនាវឲ្យរដ្ឋាភិបាលផ្តល់អាទិភាពលើសិទ្ធិស្រ្តី។
អង្គការទាំងបួនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមនោះថា សូមទទូចឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពលើសិទ្ធិស្រ្តី តាមរយៈការចាត់វិធានការបន្ទាន់និងជាក់លាក់ ក្នុងការអនុវត្តអនុសាសន៍ដែលប្រទេសកម្ពុជាបានទទួលយក ក្នុងអំឡុងពេលកិច្ចប្រជុំនៃការពិនិត្យជាសកលតាមកាលកំណត់ (UPR) និងអនុសាសន៍របស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកលើអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្រ្តីភេទ (ស៊ី-ដ)។
ពួកគេក៏បានស្នើឲ្យរដ្ឋាភិបាលអនុវត្តអនុសាសន៍ជាក់លាក់ដូចជា ពង្រឹងក្របខណ្ឌច្បាប់ដោយអនុម័តច្បាប់ប្រឆាំងការរើសអើង ធ្វើវិសោធនកម្មច្បាប់ស្តីពីកាទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ធ្វើការវាយតម្លៃផលប៉ះពាល់យេនឌ័ររាល់ពេលអនុម័ត ឬកែច្បាប់ មានថវិកាសម្រាប់ឆ្លើយតបនឹងយេនឌ័រ និងយន្តការជាតិសម្រាប់លើកកម្ពស់ស្រ្តី ផ្តល់សេរីភាពក្នុងការបញ្ចេញមតិសម្រាប់សង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្សជាស្រ្តី និងបញ្ចូលការអប់រំពាក់ព័ន្ធនឹងការជំរុញឲ្យក្មេងស្រីទទួលបានការអប់រំ៕