វ៉ាស៊ីនតោន — ភាពយន្តឯកសារដែលមានចំណងជើងថា «Where the Roots Lie» ដែលផ្ដោតលើក្រុមស្គរនារីកម្ពុជា កំពុងត្រូវបានផលិតឡើងដោយផលិតករអាមេរិកាំងពីររូប គឺអ្នកនាង Katy Harliss និងអ្នកនាង Tori La Desmaក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជា និងបង្ហាញឲ្យពិភពលោកឃើញថា ស្ត្រីកម្ពុជាក៏អាចលេងស្គរដូចបុរសដែរ។
ភាពយន្តឯកសារដែលមានចំណងជើងថា «Where the Roots Lie» ពិពណ៌នាអំពីក្រុមស្គរនារីកម្ពុជាដែលមានឈ្មោះថា «មេធា» ជាក្រុមស្គរកម្ពុជាដំបូង និងតែមួយក្នុងពេលបច្ចុប្បន្ន ដែលមានសមាជិកសុទ្ធសឹងតែជានារី។
អត្ថន័យនៃចំណងជើងរបស់ភាពយន្តឯកសារ «Where the Roots Lie» នេះត្រូវបានអ្នកនាង Katy សហផលិតករនៃភាពយន្តឯកសារនេះ បង្ហើបឲ្យដឹងថា៖ « វាជាគំនិតមួយ Tori និងខ្ញុំបានគិតឃើញ នៅដែលយើងទៅលេងប្រទេសកម្ពុជា។ ចំណងជើងនេះតំណាងឲ្យឫសគល់នៃអ្វីមួយ ហើយនៅពេលដែលយើងគិតពីសិល្បៈ សិល្បៈជាភាសាសកលមួយ ដូច្នេះវាមានការផ្សាភ្ជាប់គ្នាតាមរយៈសិល្បៈ ដែលកើតឡើងក្នុងចំណោមមនុស្សនៅតាមកន្លែងផ្សេងគ្នា និងមានវប្បធម៌ផ្សេងគ្នា។ ប៉ុន្តែមានអ្វីមួយអំពីអ្នក ដែលអ្នកដឹងថារឿងនោះវាកើតចេញពីណា នឹងដឹងថាឫសគល់នៃរឿងទាំងនោះមានន័យយ៉ាងណាសម្រាប់យើងក្នុងបរិបទវប្បធម៌ ផ្ទាល់ខ្លួន ឬប្រវត្តិសាស្ត្រជាដើម»។
លោក សុង សេង នាយកមជ្ឈមណ្ឌលបេតិកភណ្ឌ និងជាអ្នកគ្រប់គ្រងក្រុម «មេធា» ក្នុងដំណើរការផលិតភាពយន្តឯកសារនេះបានប្រាប់វីអូអេថា៖ ក្រុមស្គរនារីនេះត្រូវបានបង្កើតឡើងដោយអ្នកនាង សាំង ស្រីពេជ្រ និងអ្នកនាង ម៉ែន ម៉ៅ ក្នុងឆ្នាំ ២០១៧ និងមានសមាជិកប្រាំពីរ ដែលសុទ្ធតែជានារី។ លោកថាពាក្យថា«មេធា» សំដៅទៅលើ បញ្ញា ឬគតិបណ្ឌិតដែលត្រូវបានគេយកមកប្រើ ដើម្បីទម្លុះរាល់ឧបសគ្គទាំងឡាយ។
លោក សុង សេង បញ្ជាក់ថា មូលហេតុនៃការបង្កើតក្រុមស្គរនេះឡើង គឺដោយសារតែនៅប្រទេសកម្ពុជាមិនទាន់មានក្រុមស្គរឆៃយ៉ាំនារី ហើយក្រុមស្គរនារីនេះក៏បង្កើតឡើងមិនមែន ដើម្បីតែប្រគំបទភ្លេងដែលមានស្រាប់នោះទេ ក្រុមនេះក៏ចង់បង្កើតអ្វីដែលថ្មីផងដែរ។
លើសពីនេះទៅទៀត ការបង្កើតក្រុមនេះឡើងក៏ដើម្បីបំពេញតាមការស្រឡាញ់ចូលចិត្តផ្ទាល់ខ្លួនរបស់សមាជិកក្រុមនីមួយៗ។ ម៉្យាងទៀតលោក សុង សេង ក៏បានបញ្ជាក់ថាសមាជិកក្រុម «មេធា» មួយចំនួន ចង់បន្តវេនពីអ្នកជំនាន់មុនរបស់ពួកគេពីព្រោះសមាជិកខ្លះនៃក្រុមស្គរនេះជាប់សែស្រឡាយសិល្បករជំនាន់មុន។
អ្នកនាង សាំង ស្រីពេជ្រ ដែលជាសហស្ថាបនិកនៃក្រុម «មេធា» បាននិយាយថា៖ «ការបង្កើតក្រុមរបស់ខ្ញុំនេះ ទីមួយគឺសម្រាប់ខ្លួនឯង ទីពីរគឺខ្ញុំអត់ចង់ទុកឲ្យខ្លួនឯងទំនេរ ខ្ញុំចង់បង្កើតអ្វីថ្មីមួយសម្រាប់ខ្លួនឯង ហើយទុកដល់សិស្សកូនចៅជំនាន់ក្រោយ ហើយទីបីគឺយើងបង្កើតឡើងគឺដើម្បីលើកកម្លាំងចិត្តឲ្យស្ដ្រីដូចគ្នា ថាអ្វីដែលពួកគាត់គិតរាល់គឺគាត់អាចសាកល្បងធ្វើបាន ថាវានឹងទៅរួចបើសិនជាយើងសាកល្បង ហើយនឹងយើងធ្វើវា»។
យោងតាមសហផលិតករស្ត្រីជនជាតិអាមេរិកាំងទាំងពីរនេះ មានមូលហេតុសំខាន់ជាច្រើនដែលធ្វើឲ្យអ្នកនាងទាំងពីរសម្រេចចិត្ត ធ្វើដំណើរទៅមករាប់ពាន់គីឡូម៉ែត្ររវាងទីក្រុង Los Angeles សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាដើម្បីផលិតភាពយន្តឯកសារអំពីក្រុមស្គរនារីនេះ។
លើកកម្ពស់យេនឌ័រនៅក្នុងវិស័យសិល្បៈកម្ពុជា
មូលហេតុសំខាន់ដំបូងគឺដោយសារ «មេធា» គឺជាក្រុមស្គរនារីដំបូង និងតែមួយនៅក្នុងប្រទេសកម្ពុជា ដែលហានតស៊ូជម្នះវិសមភាពយេនឌ័រក្នុងសិល្បៈវាយស្គរ ក៏ដូចជាហ៊ានធ្វើអ្វីដែលខ្លួនស្រឡាញ់ ទោះជាត្រូវរងសម្ពាធពីទំនៀមទម្លាប់សង្គម ដើម្បីប្រកបអាជីពជាអ្នកវាយស្គរនេះ។
អ្នកនាង Tori សហផលិតករភាពយន្តឯកសារ «Where the Roots Lie» បានឲ្យដឹងថា៖ «ពួកគាត់តស៊ូជម្នះបញ្ហាយេនឌ័រ និងគំនាបវប្បធម៌ តាមរយៈការលេងឧបករណ៍ភ្លេងដែលជាទូទៅជាឧបករណ៍ភ្លេងរបស់បុរស។ ក្រុមនេះមានបំណងពង្រឹងអំណាចដល់ស្ត្រី តាមរយៈការបង្ហាញថា ស្ត្រីមិនចាំបាច់ធ្វើតែការងារសម្រាប់ស្ត្រី ដើម្បីប្រកបរបរចិញ្ចឹមជីវិតនោះទេ»។
ចំណែកសហផលិតករម្នាក់ទៀតអ្នកនាង Katy បានលើកឡើងថា៖ «ស្គរគឺជាអ្វីដែលប្រមូលផ្ដុំពួកគេ។ ពួកគេចង់រៀនរបៀបលេង និងសម្ដែង បំផុសគំនិតរបស់ស្ត្រីផ្សេងទៀតនៅក្នុងប្រទេសរបស់ពួកគេ និងស្ត្រីនៅប្រទេសផ្សេងទៀត ក៏ដូចជាបង្ហាញថាពួកអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ ទោះពីបីជាសង្គមសន្មតថាឧបករណ៍ភ្លេងនេះមិនស័ក្ដិសមសម្រាប់ស្ត្រី។ ពួកគេបានបង្ហាញថាការសន្មតនេះគឺមិនត្រឹមត្រូវ ហើយពួកគេពិតជាមានទេពកោសល្យ [វាយស្គរ]។ សំឡេងស្គររបស់ពួកគេគឺប្រកបដោយថាមពល»។
ចែករំលែកគំរូនៃភាពក្លាហានរបស់ស្ត្រីទៅកាន់ពិភពលោក
នៅក្នុងឈុតសំខាន់ៗនៃភាពយន្តឯកសារនេះបង្ហាញថា ដោយសារការស្រលាញ់ចូលចិត្តលេងស្គរ សមាជិកក្រុមស្គរនារីត្រូវទ្រាំទ្រតស៊ូប្រើកម្លាំងកាយខ្លាំង ដើម្បីលេងស្គរដែលមានទំហំធំ។
អ្នកនាង ម៉ែន ម៉ៅ សហស្ថាបនិកនៃក្រុម«មេធា» បានឲ្យដឹងថា៖ «ផលវិបាកមានច្រើន ចូលចិត្តខាងស្គរ ដែលវាធំៗ ហើយវាប្រើកម្លាំងទៀត»។
ចំណែកអ្នកនាង ស្រីពេជ្រ វិញបានលើកឡើងថា៖ «ដំបូងឡើយគឺ ខ្ញុំវ៉ៃមួតយកតែម្ដង។ វាហើមដៃ ហើយទីពីរទៀតគឺ យើងអាចប្រើកម្លាំងស្ពាយឧបករណ៍ហ្នឹងយូរពេលដែលយើងហាត់រៀន។ វាពិបាកមែន ហើយយើងត្រូវហាត់រៀនឧបករណ៍ហ្នឹងជាចង្វាក់ហើយ យើងត្រូវរាំតាមចង្វាក់ដែលយើងវ៉ៃនឹងទៀត។ អញ្ចឹងវាខុសពីអ្វី ដែលយើងជាសិល្បកររាំឲ្យត្រូវនឹងភ្លេង មកជាសិល្បករវ៉ៃភ្លេងផង រាំឲ្យត្រូវនឹងភ្លេងដែលយើងវ៉ៃផង។
មិនតែប៉ុណ្ណោះក្រុមស្គរនារីនេះក៏ត្រូវតស៊ូខាងកម្លាំងចិត្ត ដើម្បីទប់ទល់នឹងការរិះគន់របស់សមាជិកគ្រួសារ និងមជ្ឈដ្ឋានខាងក្រៅផងដែរ។
អ្នកនាង ជឹង ភ័ក្ត្រ សមាជិកម្នាក់នៃក្រុម «មេធា»បានលើកឡើងថា «ស្វាមីខ្ញុំថាក្រុមស្គរហ្នឹងអត់ប្រយោជន៍»។
ចំណែកអ្នកនាង ស្រីពេជ្រ បាននិយាយថា៖ «សម្រាប់ខាងគ្រួសារខ្ញុំ គឺអត់មានបញ្ហាទេប៉ុន្តែអ្វីដែលរាងលំបាកបន្តិចគឺខាងមជ្ឈដ្ឋានខាងក្រៅ ជាពិសេសគឺសិល្បករគ្នាឯង ដែលគាត់ជាបុរស ដែលគាត់ថា ស្រីហ្នឹងទៅលេងស្គរអញ្ចឹងវាមិនសមនឹងរូបរាងយើងទេ ហើយនិយាយរួមទៅគាត់អាចនិយាយថា «វាមិនដែលបានប៉ុន្មានទេស»។ គាត់និយាយអញ្ចឹងម៉ងឲ្យយើង»។
ប៉ុន្តែសម្រាប់ផលិតករភាពយន្តឯកសារនេះវិញ សេចក្ដីក្លាហាន គំនិតច្នៃប្រឌិត ការខិតខំតស៊ូមិនចុះញ៉មនឹងសំពាធពីគ្រួសារ និងមជ្ឈដ្ឋានខាងក្រៅ របស់សមាជិកក្រុម «មេធា» នេះគឺជារឿងគួរឲ្យកោតសរសើរ។
អ្នកនាង Katy បានលើកឡើងថា៖ «សាររបស់ពួកគេ ថាមពលរបស់ពួកគេ និងសេចក្ដី ក្លាហានរបស់ពួកគេ គឺជាអ្វីដែលយើងចង់ចែករំលែក»។
ម្យ៉ាងទៀតផលិតករទាំងពីររូបក៏បានបញ្ជាក់ថា ការផលិតភាពយន្តឯកសារអំពីក្រុមស្គរនារីនេះក៏ស៊ីសង្វាក់គ្នាទៅនឹងគោលបំណងចម្បងមួយទៀតរបស់ពួកគេ គឺដំណើរស្វែងរកភាពច្នៃប្រឌិតក្នុងវិស័យសិល្បៈ ដែលជះផលវិជ្ជមានដល់សង្គម។
អ្នកនាង Katy ក៏បានលើកឡើងថា៖ «យើងទាំងពីរធ្វើដំណើរក្រៅប្រទេសច្រើន។ យើងបានធ្វើរឿងមនុស្សធម៌ជាច្រើន។ ខ្ញុំបានសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យ ដូច្នេះបំណងរបស់ខ្ញុំក្នុងការផលិតភាពយន្តឯកសារអំពីអ្វីដែលមានឥទ្ធិពល និងសំខាន់ [សម្រាប់សង្គម] គឺជាអ្វីដែលច្របាច់បញ្ចូលពិភពរបស់យើង ជាមួយនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការបញ្ចេញបញ្ចេញមតិ ទៅក្នុងការផលិតភាពយន្តឯកសារ ក៏ដូចបង្ហាញ [ពិភពលោក] នូវអ្វីដែលសំខាន់សម្រាប់យើង»។
ផលិតករភាពយន្តឯកសារនេះ ក៏បានលើកឡើងថា ពួកគាត់ទទួលបានការបំផុសគំនិតផលិតភាពយន្តឯកសារនេះ ដោយសារអាជីពជាសិល្បការិនី និងជាអ្នកផលិតភាពយន្ត ជាផ្នែកដ៏ធំមួយនៃជីវិតរបស់ពួកគាត់។ អាជីពនេះបានធ្វើឲ្យស្ត្រីអាមេរិកាំងទាំងពីររូបនេះជួបប្រទះនឹងរឿងជាច្រើន ហើយក្រោយពីបានទៅទស្សនាប្រទេសកម្ពុជា ពួកគេគាត់បានសង្កេតឃើញថាសិល្បៈនៅក្នុងប្រទេសដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍មួយនេះមានភាពសម្បូរបែប និងរស់រវើក។ បទពិសោធន៍នេះក៏បំផុសគំនិតបង្កើតស្នាដៃផលិតភាពយន្តឯកសារឡើង ដែលអាចផ្សារភ្ជាប់ទៅនឹងអ្វីដែលពួកគាត់ទាំងពីហៅថា «ថាមពលនៃការព្យាបាលតាមរយៈសិល្បៈ»។
ក្រៅពីផលិតករពីរនាក់ដែលជាជនជាតិអាមេរិកាំង ក្រុមការងារដែលចូលរួមផលិតភាពយន្តឯកសារ «Where the Roots Lie» នេះ សុទ្ធសឹងតែជាជនជាតិខ្មែរ។ ភាពយន្តឯកសារនេះគ្រោងនឹងបញ្ចប់ការថត នៅចុងឆ្នាំ២០២០ ហើយផលិតករមានគម្រោងបញ្ចាំងភាពយន្តឯកសារនេះក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។
អ្នកនាង Katy បានបញ្ជាក់ក្ដីរំពឹងរបស់អ្នកនាងពីភាពយន្តឯកសារនេះថា៖ «ខ្ញុំគិតថា ក្ដីរំពឹងធំបំផុត ដែលខ្ញុំនិង Tori យល់ដូចគ្នានោះគឺថា យើងនឹងផលិតភាពយន្តឯងសារ ដែលពិតជាក់ស្ដែង ស្មោះត្រង់ និងមានឥទ្ធិពល ដែលអាចបំផុសគំនិតមនុស្សឲ្យគិត ធ្វើសកម្មភាព និងអាចបង្រៀនគេអំពីអ្វីមួយ និងដើម្បីបង្ហាញថាពួកគេអាចសម្រេចបាននូវការងារដែលពួកគេដាក់ចិត្តដាក់កាយធ្វើ ដូចជាពួកខ្ញុំសម្រេចផលិតភាពយន្តឯកសារនៅក្នុងប្រទេសកម្ពុជា ឬក្រុម «មេធា» ដែលជាក្រុមស្គរនារី ដែលចង់បំផុសគំនិតស្ត្រីដទៃទៀត ធ្វើនូវអ្វីដែលស្ដាប់មើលទៅដូចជាទៅមិនរួច»៕