ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយ ស្តីពី«ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដោយបានចាត់តាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាប្រធាននៅក្នុងការដឹកនាំរដ្ឋមន្ត្រីនៃក្រសួងស្ថាប័ននានានិងមន្ត្រីពាក់ព័ន្ធដើម្បីអនុវត្តកម្មវិធីនេះ។
ការបង្កើតគណៈកម្មាធិការជាតិនេះ កើតឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ បានវាយតម្លៃថា ទំនាស់ដីធ្លី និងកត្តាខ្លះទៀតដូចជាការទន្ទ្រានដីរដ្ឋនៅតែជាបញ្ហាស្មុគស្មាញនិងរ៉ាំរ៉ៃនៅកម្ពុជា ដែលតម្រូវឱ្យរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ដោះស្រាយ ដើម្បីឈានទៅបញ្ចប់រាល់វិវាទដីធ្លីនៅទូទាំងប្រទេស។
អ្នកតាមដានយល់ថា កម្មវិធីនេះគឺជាការវិវឌ្ឍវិជ្ជមានមួយសម្រាប់ប្រជាពលរដ្ឋ ក៏ប៉ុន្តែមានការចោទសួរថា ហេតុអ្វីរដ្ឋាភិបាលមិនប្រើយន្តការដែលមានស្រាប់ បែរជាបង្កើតថ្មីមកដោះស្រាយវិបត្តិមួយចំនួនដែលពាក់ព័ន្ធនឹងការកាប់ដីធ្លីរបស់ពលរដ្ឋ និងការអភិរក្សធនធានធម្មជាតិ។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ប្រាប់វីអូអេថា ការបង្កើតយន្តការបន្ថែមទៀតនេះនឹងបង្កឱ្យមានស្ថានភាពស្មុគស្មាញនៅក្នុងការជំរុញឱ្យមានការអភិរក្ស ការការពារធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះទៅវិញ។
លោកយល់ថា រដ្ឋាភិបាលគួរប្រើក្របខណ្ឌគោលនយោបាយដែលមានស្រាប់ ជាជាងការបង្កើតថ្មី និងថា ស្ថាប័នពាក់ព័ន្ធគួរតែមើលអំពីលទ្ធភាពនៅក្នុងការបំពាក់បំប៉នពង្រឹងសមត្ថភាពក្រុមការងារ អាជ្ញាធរ ឬមន្រ្តីជំនាញដែលមានស្រាប់ ដើម្បីអាចបំពេញចន្លោះប្រហោងនៃក្របខណ្ឌគោលនយោបាយទាំងនោះ។
លោកថ្លែងថា៖ «បើកាលណាយើងព្យាយាមបង្កើតយន្តការថ្មីៗ ឬក៏ក្រុមការងារថ្មីៗ ទៅអនុវត្តបន្ថែមទៀត ខ្ញុំមានការព្រួយបារម្ភ ត្រង់ថា ទី ១ នឹងបង្កើនភាពស្មុគស្មាញនៅក្នុងនីតិវិធី ទី ២ មិនត្រឹមតែមិនសម្រួលទៅលើការអនុវត្តទេ ប៉ុន្តែវាអាចទំនងជាធ្វើឱ្យប៉ះពាល់ ឬធ្វើឱ្យមានការស្មុគស្មាញនៅក្នុងការអនុវត្តក្របខណ្ឌក្រុមការងារផ្សេងៗ ឬក៏ពេលខ្លះអាចមានវិវាទសមត្ថកិច្ចដែលអាចបង្កភាពស្មុគស្មាញ ហើយអាជ្ញាធរដែលមានស្រាប់ នឹងបាត់បង់អំពីឧត្ដមានុភាពរបស់ខ្លួននៅក្នុងការអនុវត្តគោលនយោបាយផ្សេងៗ រួមមានគោលនយោបាយស្ដីអំពីដីសម្បទានសង្គមកិច្ច ច្បាប់ ឬក៏ក្រុមអ្នកការពារអភិរក្សធនធានធម្មជាតិជាដើម»។
បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិដែលទើបតែបង្កើតឡើងនោះ នឹងដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ដែលជាយន្តការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ គ្មានទីលំនៅសម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា លោកគាំទ្រចំពោះការបង្កើតគណៈកម្មាធិការនេះ ក៏ប៉ុន្តែលោកជំរុញឱ្យរដ្ឋមានយន្តការបន្ថែមទៀតក្នុងការទប់ស្កាត់បទល្មើសព្រៃឈើធំៗ និងត្រូវធានាថា ប្រជាពលរដ្ឋក្រីក្រទទួលបានដីសម្បទានសង្គមកិច្ចពិតប្រាកដ។
លោកថ្លែងថា៖ «បើយើងមើលទៅលើការបែងចែកដីដូចទាក់ទងដីសម្បទានសង្គមកិច្ច និងសម្បទានដីសេដ្ឋកិច្ចហ្នឹង ក៏ត្រូវតែគិតដែរថា ការផ្ដល់ដីសម្បទានដីសេដ្ឋកិច្ចកន្លងទៅក៏ វានៅជុំវិញព្រៃ [ដូចជា]ព្រៃឡង់ ព្រៃអីហ្នឹង អាហ្នឹងត្រូវគិតគូរឱ្យបានច្បាស់ លាស់ឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ទៅដល់ព្រៃឈើ។ ហើយទី ២ ការបែងចែកដីសម្បទានសង្គមកិច្ចហ្នឹងក៏ ត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ផងដែរ ដើម្បីធ្វើម៉េចការបែងចែកដីហ្នឹងគឺធានាថា ប្រជាពលរដ្ឋទទួលបាន ហើយមានចីរភាព ហើយធានាក្នុងកិច្ចការពារព្រៃឈើ»។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន កត់សម្គាល់ថា ជាទូទៅ រដ្ឋាភិបាលចូលចិត្តបង្កើតយន្តការជាន់គ្នាដដែលៗ ដូចជាយន្តការនៃការការពារព្រៃឈើជាដើម។
លោកបន្ថែមថា ការបង្កើតគណៈកម្មាធិការជាតិដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ជាប្រធាន មិនទាន់ឃើញថាវាមានភាពចាំបាច់នៅឡើយទេ ព្រោះគណៈកម្មាការដែលធ្លាប់មានកន្លងមក សុទ្ធតែមានលទ្ធភាពក្នុងការរៀបចំកិច្ចការទាំងនោះ។
ក៏ប៉ុន្តែ លោកបានដាក់ការសង្ស័យថា នៅពេលលោកនាយករដ្ឋមន្ត្រីធ្វើជាប្រធានគណៈកម្មាធិការជាតិនេះ គឺទំនងជាការអនុវត្តការងាររបស់គណៈកម្មការការពារព្រៃឈើដែលធ្លាប់ធ្វើពីមុន ហាក់មិនសូវមានប្រសិទ្ធិភាព ឬតម្លាភាព និងមានអំពើពុករលួយ។ ការណ៍នេះបានបើកផ្លូវឱ្យមានបទល្មើសព្រៃឈើដែលពិបាកសម្រាប់មន្ត្រីជំនាញក្នុងការទប់ស្កាត់។
លោកប្រាប់វីអូអេថា៖ «ខ្ញុំចង់ឃើញការបែងចែកហ្នឹងឱ្យមានតម្លាភាព [គឺ]មានតម្លាភាពហ្នឹងឱ្យបានទៅដល់អ្នកក្រីក្រពិតប្រាកដ ឱ្យមានជំរក មានដីប្រកបកសិកម្មពិតប្រាកដនោះ។ កុំឱ្យបានទៅដល់ត្រឹមដៃឈ្មួញ ឬដៃមន្ត្រី ឬជនខិលខូចមួយចំនួនដែលកេងប្រវ័ញ្ចពីយន្តការហ្នឹង»។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន រដ្ឋាភិបាលគួរគិតគូរឱ្យបានហ្មត់ចត់ ជុំវិញកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដីព្រៃអភិរក្ស ហើយធានាថា ប្រជាពលរដ្ឋខ្មែរដែលមិនមានលំនៅឋាន និងខ្វះដីប្រកបការងារកសិកម្មអាចទទួលបានផលពីកម្មវិធីនេះពិតប្រាកដ។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ត្រូវមានភារកិច្ច កំណត់និងដាក់ចេញនូវគោលនយោបាយ ព្រមទាំងពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច និងពិនិត្យ សម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដីនេះ និងមានភារកិច្ចសំខាន់ៗមួយចំនួនទៀត៕
វេទិកាបញ្ចេញមតិ