ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន ម៉ាណែត​ ព្រមាន​ប្រើ​កម្លាំង​ទ័ព​លើ​ប្រទេស​ដែល​ចង់​ឈ្លាន​ពានកម្ពុជា


រូបថតចេញផ្សាយដោយរដ្ឋសភាកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បង្ហាញពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកដៃឡើងក្នុងជំនួបនៅអគាររដ្ឋសភា ក្នុងរាជធានីភ្នំពេញ។
រូបថតចេញផ្សាយដោយរដ្ឋសភាកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បង្ហាញពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកដៃឡើងក្នុងជំនួបនៅអគាររដ្ឋសភា ក្នុងរាជធានីភ្នំពេញ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ កាលពី​ថ្ងៃ​ពុធ​ បាន​ព្រមានប្រើប្រាស់​កម្លាំង​ការពារ​អធិប​តេយ្យភាពកម្ពុជា​ បើភាគី​ថៃ​ឈ្លាន​ពាន​កម្ពុជា​។ ការ​ថ្លែង​របស់លោក​ហ៊ុន ម៉ាណែត​បែបនេះ ​ធ្វើឡើងក្នុងពិធី​ចែកសញ្ញាបត្រមួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ នា​ថ្ងៃទី​ ១៩​ ខែ​កុម្ភៈ​ ឆ្នាំ ​២០២៥។

លោក​នាយក​រដ្ឋមន្ត្រីរូបនេះ​ថ្លែង​ថា៖ «កម្ពុជាក៏រក្សា​សិទ្ធិ​នៅក្នុងការការពារ​ខ្លួន​គ្រប់​មធ្យោ​បាយ ​រួមទាំងការ​ប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិន​ជាប្រទេស​ណាមួយ​ហ៊ាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធមក​ឈ្លាន​ពាន​កម្ពុជា»។

លោក​ ហ៊ុន ម៉ាណែត​ ទទូច​កុំ​ឲ្យ​អ្នក​ជាតិ​និយមយក​នយោបាយមក​ឡូក​ឡំ​ជាមួយ​ការងារ​បច្ចេក​ទេស​ ដែល​លោក​ថា​អាចរុញស្ថាន​ការណ៍​ឲ្យកាន់តែ​ស្មុគស្មាញថែម​ទៀត។

លោក​បញ្ជាក់ថា​៖ «ហើយ​ខ្ញុំសុំយក​ឱកាស​នេះ​បញ្ជូន​សារទៅ​អ្នក​នយោបាយ​ទាំង​អស់​ទាំងខ្មែរ​ ទាំង​ថៃ​ សុំកុំយករឿងនយោបាយ​មកលូក​លាន់​នឹង​កិច្ចការងារ​បច្ចេកទេស​ឲ្យសោះ ព្រោះអ្នក​នយោបាយ​អត់ដឹង​កិច្ច​ការងារ​បច្ចេកទេស​ ជាងអ្នក​ភូមិសាស្ត្រ​ទេ​ ទុក​ឲ្យអ្នក​បច្ចេកទេស​គេធ្វើ​ការ​ ដោះ​ស្រាយ​តាម​ការងារ​បច្ចេកទេស​ រឿងព្រំ​ដែន​វាទាក់ទង​នឹងបញ្ហា​បច្ចេកទេស​និង​ច្បាប់​អន្តរជាតិ​ ឲ្យ​គេ​ប្រើមូលដ្ឋាន​ហ្នឹង​ដើម្បី​ដោះស្រាយ​។​ យើងកុំ​ទៅលោត​ហេហា​ នាំ​ឲ្យវាយ​គ្នា»។

បើ​តាម​លោក​ ហ៊ុន ម៉ាណែត​ ការវាយ​គ្នា​រវាងភាគី​ថៃនិងកម្ពុជា​ មិន​ចំណេញ​អ្វី​ឡើយ​ ហើយនាំឲ្យប្រជាជាតិ​ទាំងពី​រមើល​មុខ​គ្នាមិន​ចំ។

កាលពី​ពេល​ថ្មី​ៗនេះ​ មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​រវាងកងទ័ពកម្ពុជា​និង​កងទ័ព​ថៃ​នៅប្រាសាទ​តាមាន់​ធំ​ ក្រោយទាហាន​កម្ពុជា​ច្រៀងបទភ្លេង​ជាតិ​នៅបរិវេណ​ប្រាសាទ​ ប៉ុន្តែ​ត្រូវ​បាន​ភាគី​ថៃហាម​ឃាត់​មិន​ឲ្យច្រៀង ដោយថា ​នៅលើទឹកដី​ថៃ​ជាពិសេសនោះ​មានការ​គំរាម​ប្រើប្រាស់អាវុធ​ទៀតផង។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក​ រ៉ុង ឈុន ប្រាប់វីអូអេថា​ កម្ពុជា​ត្រូវ​តែ​ការពារ​បូរណ​ភាព​ទឹកដី​ និង​អធិបតេយ្យភាពជាតិ​យ៉ាងយក​ចិត្តទុកដាក់ខ្ពស់​បំផុត ក្នុងករណី​ភាគីអ្នកជិត​ខាង​រំលោភ​បំពាន។

លោក​ថ្លែង​ថា​៖ «អាហ្នឹង​វាត្រូវ​តែចេញ​ការពារ ការធានា​នូវអ្វី​ដែល​ជារបស់ខ្មែរយើង»។

បើ​តាម​លោក ​រ៉ុង​ ឈុន​ អ្នក​នយោបាយកម្ពុជាគួរតែតម្កល់ផលប្រយោជន៍​ជាតិ​ជាធំ​ ហើយ​ផ្សះផ្សាគ្នា​ ជាពិសេស​នោះលោក​ថា​គួរតែ​ដោះលែង​អ្នកនយោបាយ​ប្រឆាំង​ឲ្យមាន​សេរីភាព​ដើម្បី​ឲ្យពួកគេ​អាច​បម្រើជាតិ​បាន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG