លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានណែនាំទៅក្រុមសហជីពទាំងអស់គួរតែបំពេញតួនាទីតាមជំនាញអាជីពរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីជួយដោះស្រាយបញ្ហានានារបស់កម្មករ កម្មការិនី ជាជាងណែនាំឱ្យកម្មករធ្វើរឿងនយោបាយ។
លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីបានជិត៣ខែ ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តីថ្លែងថា៖ «សហជីពវិជ្ជាជីវៈសូមដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួន ដើម្បីកម្មករ កម្មការិនី។ កុំយកឈ្មោះជាសហជីព តែប្រមូលបងប្អូនទៅធ្វើការងារអីផ្សេង ជាពិសេសការងារនយោបាយ វាអត់ចំណេញ។ បើធ្វើការងារតំណាងសិទ្ធិកម្មករ កម្មការិនី ដោះស្រាយបញ្ហារឿងកម្មករ កម្មការិនី កុំយកជ្រកក្រោមរូបភាពនេះ ទៅយកបងប្អូនទៅការងារអីផ្សេងខុស វានាំឱ្យបញ្ហា»។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថា តើអ្វីទៅជាសកម្មភាពនយោបាយនោះឡើយ។
កាលពីកន្លងទៅ សហជីពឯករាជ្យមួយចំនួនត្រូវបានចោទប្រកាន់ថាគាំទ្រគណបក្សជំទាស់ ហើយប្រមូលកម្មករដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ «បើចង់ធ្វើការងារតំណាងប្រធានបទអី រៀបចំឱ្យចំទៅ បើចង់ធ្វើការងារសិទ្ធិមនុស្ស រៀបចំជា NGO [អង្គការក្រៅរដ្ឋាភិបាល] ដើរតួនាទីសម្រាប់ការងារសិទ្ធិមនុស្សឱ្យចំទៅ...កុំជ្រកក្រោមរូបភាពយកដៃបងប្អូនកម្មករ កម្មការិនី អាជីព អង្គការវិជ្ជាជីវៈយកទៅធ្វើអីផ្សេងខុសជំនាញ»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អ្នកស្រីមិនទាន់ឃើញមានសកម្មភាពណាមួយរបស់សហជីពដឹកនាំកម្មករ កម្មការិនី ធ្វើរឿងពាក់ព័ន្ធនឹងនយោបាយឡើយ។ អ្នកស្រីថា បើសិនសហជីពប្រព្រឹត្តខុសទៅនឹងគោលការណ៍ណាមួយ រដ្ឋគួរណាស់តែហៅពួកគាត់មកណែនាំជាជាងការចោទប្រកាន់នានា។
អ្នកស្រីថ្លែងថា៖ «ខ្ញុំដូចជាមិនបានមើលឃើញពាក់ព័ន្ធនឹងការហៅប្រាប់ ឬក៏ណែនាំអីទេ វាមានករណីតែការចោទប្រកាន់គ្នា។ ឧទាហរណ៍ថា សហជីពនេះមិនមែនជាសហជីពឯករាជ្យ ក្រុមសហជីពនេះ ក្រុមសហជីពដែលគាំទ្រគណបក្សប្រឆាំង។ នេះកន្លងមកជាពាក្យពេចន៍ដែលខ្ញុំបានឮ និងបានមើលឃើញចំណុចទាំងអស់ហ្នឹង»។
អ្នកស្រីបញ្ជាក់បន្ថែមថា៖ «ហើយខ្ញុំគិតថា ចំណុចទាំងអស់នេះ វាមិនគួរបានឮនូវពាក្យពេចន៍ទាំងអស់នោះទេ។ បើសិនណាមើលឃើញចំណុចខ្វះខាតដូចខ្ញុំបានលើកឡើងមិញ គួរតែមានការហៅប្រាប់ ណែនាំ ឬក៏ប្រាប់អ៊ីចឹងទៅ។ ករណីដែលគ្រាន់តែលើកឡើងថា យើងចោទប្រកាន់អ៊ីចឹង។ ខ្ញុំគិតថា យើងមិនមែនជាអ្នកដឹកនាំមួយដែលច្បាស់ ឬត្រឹមត្រូវតែងផ្តល់ឱវាទ ផ្តល់ជាគំរូល្អដល់ពួកយើងទេ»។
អ្នកស្រីស្នើឱ្យរដ្ឋនិងភាគីពាក់ព័ន្ធគួរតែស្រុះស្រួលគ្នា ជួយរកដំណោះស្រាយរាល់បញ្ហាផ្សេងៗរបស់កម្មករ កម្មការិនី ដែលកំពុងជួបប្រទះ ឱ្យបានឆាប់ ប្រសើរជាងការចោទប្រកាន់ និងលាបពណ៌គ្នា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ប្រាប់វីអូអេថា សហជីពមិនមែនជាឧបករណ៍សម្រាប់ធ្វើនយោបាយ ដើម្បីបម្រើផលប្រយោជន៍ឱ្យនរណាមួយនោះទេ។ ប៉ុន្តែលោកថា សហជីពក៏មានសិទ្ធិក្នុងការគាំទ្ររាល់សកម្មភាពទាំងឡាយដែលពង្រឹងនិងពង្រីកប្រព័ន្ធសន្តិសុខល្អសម្រាប់កម្មករ ដូចជាការឡើងប្រាក់ឈ្នួល ការគោរពសិទ្ធិពេញលេញចំពោះកម្មករជាដើម។ លោកជំរុញឱ្យគ្រប់ភាគីសហជីពទាំងអស់គួរតែជាសហជីពមួយដែលឯករាជ្យ ដើម្បីការពារផលប្រយោជន៍របស់កម្មករពិតប្រាកដ។
លោកបញ្ជាក់ថា៖ «ចំពោះស្ថានភាពនៃសហជីពនៅស្រុកខ្មែរកន្លងមកយើងអាចឃើញមានសហជីពមាននិន្នាការគណបក្សកាន់អំណាច ឬគណបក្សប្រឆាំង និងឯករាជ្យហ្នឹង។ ប៉ុន្តែជាទូទៅ ខ្ញុំផ្ទាល់ខ្ញុំឯកភាពថាមិនគួរមានសហជីពទៅធ្វើរឿងនយោបាយទេ។ មិនថានយោបាយប្រឆាំង ឬនយោបាយស្របទេ។ គួរតែនៅឯករាជ្យ ដើម្បីការពារផលប្រយោជន៍កម្មករពិតប្រាកដ ទើបជាសហជីពត្រឹមត្រូវហើយស្របតាមច្បាប់អន្តរជាតិ។ អ៊ីចឹងគួរតែឱ្យស្មើភាពគ្នា កុំឱ្យអ្នកនេះធ្វើបាន អ្នកនោះធ្វើមិនបាន»។
មេដឹកនាំសហជីពរូបនេះចង់ឃើញសហជីពឯករាជ្យមានសិទ្ធិសេរីភាពពេញលេញ ដូចទៅនឹងសហជីពផ្សេងៗទៀតដែរ ខណៈលោកអះអាងថា សហជីពឯករាជ្យច្រើនតែមានការរើសអើងពីនិយោជក នៅពេលសហជីពឯករាជ្យចូលរួមធ្វើជាតំណាងឱ្យកម្មករ កម្មាការិនីនៅតាមរោងចក្រសហគ្រាស៕