ចៅក្រមសាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូង នៅក្នុងករណីបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករកាលពីជិត ១០ ឆ្នាំមុន ដោយកាត់ទោសមេដឹកនាំសហជីពមួយចំនួន ដែលមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
ក្រោយការស្តាប់សាលដីកា លោក វន់ ពៅ ដែលត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំនិង ៦ ខែ ប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ ដែលមានរយៈពេលជិត ១០ ឆ្នាំមកហើយ លោកមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈសាលាឧទ្ធរណ៍តម្កល់សាលក្រមតុលាការថ្នាក់ក្រោម។ លោកបន្តថា ចៅក្រមសាលាឧទ្ធរណ៍បានទម្លាក់ចោលការពិន័យជាប្រាក់លើរូបលោកចំនួន ៨ លានរៀល។
លោកថ្លែងថា៖ «អ៊ីចឹងវាជារឿងអយុត្តិធម៌ណាស់ដែលយើងជាអ្នករងគ្រោះ គេវាយស្ទើរតែស្លាប់បាត់បង់ជីវិត ហើយនៅតែមានទោសដដែល ដែលសាលាឧទ្ធរណ៍សំអាងទៅលើរបាយការណ៍របស់សមត្ថកិច្ចតែប៉ុណ្ណោះ មិនបានយកអ្វីដែលជាការលើកឡើង អ្វីដែលជាភស្តុតាងជាក់ស្តែងដែលគេធ្វើបាបមកលើរូបយើងខ្ញុំ»។
លោក វន់ ពៅ បញ្ជាក់ថា លោកនឹងពិភាក្សាជាមួយមេធាវី ដើម្បីប្តឹងសារទុក្ខទៅតុលាការកំពូលបន្តទៀត។
លោកថ្លែងថា៖ «បើសិនជាបានយុត្តិធម៌ ឬមិនបានយុត្តិធម៌យ៉ាងណានោះ គឺយើងនឹងធ្វើទៅតាមលទ្ធភាព ទៅតាមអ្វីដែលយើងនឹងសង្ឃឹម។ បើសិនជាប្រទេសកម្ពុជាមិនផ្តល់យុត្តិធម៌ដល់យើងទេ អាហ្នឹងមានតែពលរដ្ឋឬក៏អាចជាអង្គការដៃគូ ឬក៏វិស័យការងារនៅទូទាំងពិភពលោក គិតថានឹងផ្តល់យុត្តិធម៌ដល់ខ្ញុំផងដែរ»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដែលស្ថិតក្នុងសំណុំរឿងនេះដែរ បានបង្ហោះសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោកថា តុលាការបានដាក់ទោសលោកឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ពិន័យជាប្រាក់ ៨ លានរៀល តែការអនុវត្តទោស ៥ ខែ និងសល់ប៉ុន្មានត្រូវព្យួរ។ លោកបន្ថែមថា ការសម្រេចរបស់សាលាឧទ្ធរណ៍តម្កល់សាលក្រមនេះមិនបានផ្តល់យុត្តិធម៌ដល់រូបលោកឡើយ។
លោកបញ្ជាក់ថា៖ «យើងនៅតែមិនទទួលបានយុត្តិធម៌ដដែល ដោយសាលាឧទ្ធរណ៍បានប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលគ្រាន់តែលុបចោលការពិន័យជាប្រាក់តែប៉ុណ្ណោះ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បាននៅឡើយទេ។
លោក វន់ ពៅ លោក ថេង សាវឿន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់កម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារ កាលពីឆ្នាំ ២០១៤ ដែលកាលនោះ លោក វន់ ពៅ ត្រូវបានគេវាយប្រហារបែកក្បាលនិងទ្រោមខ្លួន។ ពួកគេធ្លាប់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារមួយរយៈ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។
មនុស្សយ៉ាងតិចណាស់ ៤ នាក់ និងបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ ៣៨ នាក់ផ្សេងទៀតរងរបួសក្រោយពីការបង្ក្រាបដោយកងកម្លាំងចម្រុះដោយបានបាញ់លើកម្មករដែលកំពុងតវ៉ានៅមហាវិថីវេង ស្រេង។ អង្គការលីកាដូឲ្យដឹងថា ក្មេងប្រុសម្នាក់ឈ្មោះ ខឹម សាផាត ដែលកាលណោះមានអាយុ ១៥ ឆ្នាំ បានបាត់ខ្លួនមកទល់សព្វថ្ងៃ ដោយកុមារានោះត្រូវបានគេឃើញចុងក្រោយ ដោយមានអាការៈហូរឈាមដោយសារត្រូវគ្រាប់កាំភ្លើង៕