លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានជួបជាមួយលោក Xi Jinping ប្រធានាធិបតីចិននៅទីក្រុងប៉េកាំង ដោយភាគីទាំងពីរបានបញ្ជាក់ពីការគាំទ្រគ្នាទៅវិញទៅមក ហើយសន្យាបន្តកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
លោក ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ក្រោយលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់កម្ពុជា កាលពីថ្ងៃទី ២៣ ខែសីហាកន្លងទៅ។
លោក Xi ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរដ្ឋចិនថា បើទោះមានការផ្លាស់ប្តូរស្ថានភាពតំបន់និងអន្តរជាតិ ចិនជានិច្ចកាលនៅតែជា «មិត្តដ៏ទុកចិត្តបំផុតរបស់កម្ពុជា» និង «អ្នកគាំទ្រដែលមិនផ្លាស់ប្តូរ»។ លោកថ្លែងបន្ថែមថា ចិនត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការជាមួយកម្ពុជា ដើម្បីការពារតាមគោលការណ៍យុត្តិធម៌អន្តរជាតិ សិទ្ធិស្របច្បាប់ និងប្រយោជន៍នៃការអភិវឌ្ឍប្រទេស។ ប្រធានាធិបតីចិនក៏បានសន្យាថានឹងជួយកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងវិស័យឧស្សាហកម្ម និងកសិកម្ម។
បើតាមវីដេអូដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត នៅក្នុងជំនួបនោះ ប្រធានាធិបតីចិនបានប្រាប់ភាគីកម្ពុជាថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ។
លោក Xi បានគូសបញ្ជាក់ថា ចំណងទាក់ទងរវាងកម្ពុជា និងចិន ប្រៀបដូចជាដើមឈើមួយដើមដែលធំ ហើយបានចាក់ឬសយ៉ាងជ្រៅនិងរឹងមាំ។
លោក ហ៊ុន ម៉ាណែត បានសន្យាថានឹងពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហការផ្នែកសន្តិសុខ ដើម្បីបង្រ្កាបការបោកបញ្ឆោតតាមអនឡាញ ដែលតែងតែពាក់ព័ន្ធនឹងជនជាតិចិន។ មេដឹកនាំកម្ពុជាបន្តថា កម្ពុជានឹងបន្តអនុវត្តគោលនយោបាយប្រកបដោយមេត្រីភាពជាមួយប្រទេសចិន។ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការបន្តប្រកាន់ខ្ជាប់ខ្ជួនគោលនយោបាយចិនមួយផងដែរ។
នាយករដ្ឋមន្រ្តីខ្មែរក៏ជំរុញឲ្យចិនបន្តអភិវឌ្ឍលើវិស័យថាមពល សន្តិសុខស្បៀង និងជំរុញការវិនិយោគបន្ថែមនៅកម្ពុជា។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏ស្នើភាគីចិនបន្តធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា ក្នុងនោះមានការនាំចូលអង្ករនិងផលិតផលកសិកម្មផ្សេងទៀតរបស់កម្ពុជា។ នេះបើតាមការផ្សាយនៅលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។
គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន លោក ហ៊ុន ម៉ាណែត ក៏បានជួបនាយករដ្ឋមន្រ្តីចិន លោក Li Qiang ហើយបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ៕