ក្នុងជំនួបរវាងលោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ភាគីទាំងពីរបានពិភាក្សាអំពីការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស៊ីជម្រៅ និងដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម។
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Daniel J. Kritenbrink មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងរដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ សីហា។
ទស្សនកិច្ចរបស់លោក លោក Daniel J. Kritenbrink នៅកម្ពុជានេះធ្វើឡើង ខណៈលោកបំពេញទស្សនកិច្ចនៅប្រទេសផ្សេងទៀតដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ហៅកាត់ថា អាស៊ាន រួមមានសិង្ហបុរី ថៃ វៀតណាម និងព្រុយណេ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ឲ្យដឹងថា ក្នុងជំនួបរវាងភាគីកម្ពុជា និងអាមេរិកកាលពីថ្ងៃចន្ទ ភាគីទាំងពីរបានជជែកអំពីកិច្ចសហប្រតិបត្តិការដែលកំពុងតែមាន ដូចជាការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន កម្មវិធីជំនួយបរទេស ការរុករកឈ្លើយសឹក និងយុទ្ធជនអាមេរិកាំងបាត់ខ្លួនក្នុងសង្គ្រាម និងការពង្រឹងការអនុវត្តច្បាប់។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ជំនួបនោះក៏បានពិនិត្យទៅលើវិស័យនានាសម្រាប់វឌ្ឍនភាពនាពេលខាងមុខនៅប្រទេសកម្ពុជា ដូចជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ការបង្កើតលទ្ធភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងភាពសេរី ព្រមទាំងបញ្ហាសន្តិសុខតំបន់។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «នៅក្នុងកិច្ចពិភាក្សាគ្នានោះ លោកឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកបានថ្លែងបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់គេ ក្នុងការចង់ឲ្យប្រទេសរបស់គេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ ដែលក្នុងនោះសំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ»។
មន្ត្រីកិច្ចការសាធារណៈ និងមន្រ្តីព័ត៌មានប្រចាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Wesley Holzer បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមពាក់ព័ន្ធនឹងជំនួបរវាងភាគីទាំងពីរ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេតាមសារអេឡិចត្រូនិចតេឡេក្រាមយ៉ាងខ្លីថា លោកមិនមានព័ត៌មានអ្វីពាក់ព័ន្ធនឹងដំណើរទស្សកិច្ចរបស់ឧបការីរូបនេះទេ។
បើតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅចំពោះមុខឧបការីអាមេរិកអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា៖ «ក្នុងជំនួបនេះ សម្តេចធិបតី និងឯកឧត្តម Daniel J. Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតលើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជន និងប្រជាជន ព្រមទាំងវិស័យការពារជាតិ និងសន្តិសុខជាដើម»។
លោកឧបការីរដ្ឋមន្រ្តី Kritenbrink ធ្លាប់មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួនពីរលើកកាលពីឆ្នាំ ២០២២ គឺនៅក្នុងខែឧសភា និងក្នុងខែកក្កដា ដែលកាលណោះកម្ពុជាធ្វើជាប្រធានប្តូរវេនសមាគមអាស៊ាន។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ដំណើរទស្សនកិច្ចរបស់ឧបការីអាមេរិកនេះ គឺដើម្បីពិភាក្សាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យ។
លោកបន្ថែមថា ខណៈអាមេរិកបង្ហាញពីឆន្ទៈក្នុងការសហការជាមួយរដ្ឋាភិបាលអាណត្តិថ្មី រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏គួរតែព្យាយាមដោះស្រាយកង្វល់របស់អាមេរិកផងដែរ។
លោកថ្លែងថា៖ «ខ្ញុំគិតថា បើសិនជារដ្ឋាភិបាលកម្ពុជាបើកលំហនយោបាយ ជំរុញការគោរពសិទ្ធិមនុស្ស ហើយនឹងជំរុញការគ្រប់គ្រងប្រកបដោយនីតិរដ្ឋ ខ្ញុំគិតថា សហរដ្ឋអាមេរិកអាចនឹងស្តារទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជាឡើងវិញ ដោយសារតែយើងឃើញថា សហរដ្ឋអាមេរិកមើលឃើញពីសក្តានុពលរបស់កម្ពុជាដែរ»។
បើតាមលោក សេង វណ្ណលី ប្រសិនបើអាមេរិកដាក់កម្ពុជាឱ្យនៅឯកោ នោះកម្ពុជានឹងកាន់តែងាកខ្លាំងទៅរកចិន។
លោកបញ្ជាក់ថា៖ «បើសិនជាសហរដ្ឋអាមេរិកគាត់ដាក់កម្ពុជាឱ្យនៅឯកោ ឬ isolate កម្ពុជា វានឹងរុញកម្ពុជាឱ្យកាន់តែជិតដិតជាមួយចិន។ បញ្ហាត្រង់ហ្នឹងហើយបានជាសហរដ្ឋអាមេរិកគាត់ព្យាយាម ពេលដែលគាត់ជួបជាមួយប្រមុខដឹកនាំ គាត់តែងតែលើកឡើងថា ធ្វើម៉េចដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលកម្ពុជាគួរតែធ្វើអីចេះ ធ្វើអីចុះ ជាពិសេសគឺបើកលំហនយោបាយ និងសិទ្ធិសេរីភាពតែម្តង»។
ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកធាក់ថយក្រោយខ្លាំង បន្ទាប់ពីការរំលាយអតីតគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា កាលពីឆ្នាំ ២០១៧ និងមានការធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យជាច្រើន។
សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក រ៉ូ វណ្ណៈ លើកឡើងថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត គឺស្ថិតនៅក្នុងគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី ដែលអាចបើកផ្លូវងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម។ លោកថា សហរដ្ឋអាមេរិកហាក់បន្ទន់ជំហរបន្តិចនៅក្នុងការសហការជាមួយរដ្ឋាភិបាលអាណត្តិថ្មី បើទោះបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅតែជាក្តីបារម្ភ។
លោកថ្លែងថា៖ «វាជាជំហរទន់មួយនៅក្នុងគោលដៅដើម្បីអូសទាញយ៉ាងណាកុំឱ្យកម្ពុជាចេះតែឃ្លាតឆ្ងាយពេកទៅរកប្រទេសចិនដែលជាប្រទេសមួយ ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាដៃគូប្រកួតប្រជែងអំណាចពិភពលោកជាមួយខ្លួន។ ប៉ុន្តែនៅក្នុងក្របខណ្ឌទ្វេភាគី បើទោះបីជាការបន្ទន់ឥរិយាបថយ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែមានរបៀបវារៈនយោបាយរបស់ខ្លួន គឺប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតែជារបៀបវារៈនៅក្នុងតុជជែកវែកញែកដដែល»។
នៅពេលសួរថា តើទំនាក់ទំនងកម្ពុជានិងអាមេរិកបច្ចុប្បន្នមានលក្ខណៈយ៉ាងម៉េចដែរ លោក រ៉ូ វណ្ណៈ អះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនថយក្រោយ ហើយក៏មិនល្អខ្លាំងដែរ និងថារដ្ឋាភិបាលទាំងពីរមានជំហរទន់ភ្លន់ និងមានឆន្ទៈធ្វើការជាមួយគ្នា៕
វេទិកាបញ្ចេញមតិ