ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ធ្វើ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី​ដើម្បី​បង្កើន​ទំនាក់ទំនង


នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Anwar Ibrahim ថតរូបជាមួយគ្នា ក្នុងអំឡុងពិធីទទួលស្វាគមន៍លោក ហ៊ុន ម៉ា​ណែត នៅ​ទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (Vincent Thian/Pool via REUTERS)
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Anwar Ibrahim ថតរូបជាមួយគ្នា ក្នុងអំឡុងពិធីទទួលស្វាគមន៍លោក ហ៊ុន ម៉ា​ណែត នៅ​ទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (Vincent Thian/Pool via REUTERS)

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​នៅ​ថ្ងៃ​អង្គារ​នេះ​ បានធ្វើ​ទស្សន​កិច្ច​ផ្លូវការ​នៅប្រទេសម៉ាឡេស៊ី​ ដោយ​បាន​ជួប​នាយក​រដ្ឋមន្រ្ដី​ម៉ាឡេស៊ី​ ដើម្បី​បង្កើន​ទំនាក់​ទំនងរវាង​ប្រទេស​ទាំងពីរ។​

សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​នៅ​ថ្ងៃទី ​២៧​ ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤​ បញ្ជាក់​ថា ​លោក​ ហ៊ុន ម៉ាណែត​ និង​នាយក​រដ្ឋមន្រ្ដី​ម៉ាឡេស៊ី ​លោក​អាន់វ៉ា​ អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​ផ្លាស់​ប្តូរ​យោបល់ពី​ការ​ពង្រឹង ​និង​ពង្រីកកិច្ច​សហ​ប្រតិបត្តិការ​ រួម​មាន​វិស័យនយោបាយ ​ការពារ​ជាតិ ​សន្ដិសុខ​ ពាណិជ្ជ​កម្ម ​ទេសចរណ៍ ​ការងារ ​ឧស្សាហ​កម្ម​អាហារ​ហាឡាល់​ ទូរ​គមនាគមន៍ ​និង​បច្ចេក​វិទ្យា​ព័ត៌មាន​ ​បច្ចេក​វិទ្យា​ឌីជីថល​ និង​សន្ដិសុខ​ថាមពល។ ​

សារ​ដដែល​បន្ថែម​ថា ​ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ពង្រីកជើង​យន្តហោះ​ផ្ទាល់​ពី​ម៉ាឡេស៊ី​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗនៅកម្ពុជា​ និង​បាន​ឯកភាព​បន្ត​ជំរុញកិច្ច​សហ​ប្រតិបត្តិ​ការក្នុង​ក្រប​ខ​ណ្ឌ​វិស័យ​ការពារ​ជាតិ​ និង​សន្ដិសុខ ​រួម​មាន​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​ការ​កសាង​សមត្ថភាព ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ​និងការ​ធ្វើ​លំហាត់​រួមគ្នា។​ ចំណែកវិស័យ​សន្តិ​សុខ​ថាមពល​ ភាគី​ទាំងពីរ​បាន​ឯកភាព​ក្នុង​ការ​គាំទ្រ​ការ​សម្រប​សម្រួលគម្រោង​ខ្សែ​បញ្ជូន​ថាមពល​ក្រោម​សមុទ្រ​ (ឡាវ-កម្ពុជា-សិង្ហបុរី) ​ដោយ​ឆ្លង​កាត់​បាត​សមុទ្រ​របស់​ប្រទេស​ម៉ាឡេស៊ី។​

សារ​ដដែល​បន្ថែម​ថា៖ ​«ថ្នាក់​ដឹកនាំ​ទាំង​ពីរ​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​ ទំនាក់​ទំនង​រវាង​កម្ពុជា-ម៉ាឡេស៊ី​នឹង​កាន់​តែ​រឹងមាំ ​និង​អាច​ឈាន​ដល់​កម្រិត​ទំនាក់​ទំនង​ខ្ពស់​បន្ថែម​ទៀត»។​

អ្នក​តាម​ដាន​នយោបាយ​អន្តរជាតិ ​លោក ​សេង វណ្ណលី ​យល់​ថា ​ទំនាក់​ទំនង​កម្ពុជា​ និង​ម៉ាឡេស៊ី​ កាល​ពី​អតីត​នាយក​រដ្ឋមន្រ្ដី​ខ្មែរ​លោក ​ហ៊ុន សែន​ នៅ​ដឹក​នាំ ​ហាក់​មិន​សូវ​មាន​ទំនាក់​ទំនង​ ឬ​ជំនួប​អ្វី​ច្រើន​ឡើយ។​ លោក​បន្ថែម​ថា ​ដំណើរ​ទស្សនកិច្ចរបស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ លើក​នេះ​អាច​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី ​និង​ជា​ឱកាស​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​នានា។​

គួរ​បញ្ជាក់​ថា​ លោក ​ហ៊ុន ម៉ាណែត​ នឹង​ចូល​គាល់​ព្រះ​មហា​ក្សត្រនៃ​ប្រទេស​ម៉ាឡេស៊ី ​ព្រះចៅ ស៊ុលតង់​ អ៊ីប្រាហ៊ីម (Sultan Ibrahim) ទី១៧ ​និង​ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធ​សភា​ ប្រធាន​រដ្ឋ​សភា​ម៉ាឡេស៊ី​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG