ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបការី​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ក្នុង​តំបន់​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា


រូបឯកសារ៖ លោក Daniel J. Kritenbrink ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក។ (AP)
រូបឯកសារ៖ លោក Daniel J. Kritenbrink ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក។ (AP)

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​រូប​នោះ​នឹង​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​របស់​អាមេរិក​ទៅ​កាន់​ប្រជាជន​កម្ពុជា និង​ការ​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​សម្រាប់​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​និង​ឯករាជ្យ ហើយ​គ្រប់​សំឡេង​ត្រូវ​បាន​ឮ​និង​គោរព ហើយ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ត្រូវ​បាន​ការពារ។

លោក Daniel J. Kritenbrink ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នា​ដើម​សប្តាហ៍​ក្រោយ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​អាមេរិក​មក​កាន់​កម្ពុជា និង​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ និង​ការ​បញ្ជាក់​របស់​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា។

បន្ថែម​ពី​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា លោក Daniel J. Kritenbrink ក៏​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍ ហៅ​កាត់​ថា​អាស៊ាន រួម​មាន​សិង្ហបុរី ថៃ វៀតណាម និង​ព្រុយណេ។

ដំណើរ​ទស្សន​កិច្ច​នេះចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ២០២៤។ ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ថា​ដំណើរ​ទស្សន​កិច្ច​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​នេះ«ធ្វើ​ឡើង​ដើម្បី​លើក​ឡើង​ពី​ការ​ប្តេជ្ញា​កាន់​តែ​រឹងមាំ និង​យូរ​អង្វែង​របស់​អាមេរិក​ទៅ​កាន់​សម្ព័ន្ធ​មិត្ត​និង​ដៃ​គូ​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍»។

ក្នុង​ប្រទេស​កម្ពុជា លោក​ឧបការី​អាមេរិក​នឹង​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​«ដើម្បី​ធ្វើ​ឱ្យឆ្ពោះ​ទៅ​មុខ​នូវ​ទស្សនៈរួម​ស្តីពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី ប្រកប​ដោយ​វិបុល​ភាព មាន​សន្តិសុខ និង​មាន​ភាព​ធន់»។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​អាមេរិក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ថា៖ «លោក​ឧបការី​នឹង​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​របស់​អាមេរិក​ទៅ​កាន់​ប្រជាជន​កម្ពុជា និង​ការ​ប្រាថ្នា​របស់​ពួកគេ​សម្រាប់​ប្រទេស​ដែល​មាន​ប្រជាធិប​តេយ្យ​និង​ឯករាជ្យ ហើយ​គ្រប់​សំឡេង​ត្រូវ​បាន​ឮ​និង​គោរព ហើយ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ត្រូវ​បាន​ការពារ»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ដំណើរ​ទស្សន​កិច្ច​នេះ​កំពុង​ត្រូវ​បាន​រៀបចំ​សម្រាប់​ថ្ងៃ​ទី​២៦ និង​២៧ ខែ​កុម្ភៈ។ លោក​បន្ថែម​ថា​ការ​ធ្វើ​ទស្សន​កិច្ច​នេះ​នឹង​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ជា​ឱកាស​មួយ​សម្រាប់​ភាគី​ទាំង​ពីរ​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់​និង​អន្តរ​ជាតិ។

លោក​បញ្ជាក់​ថា​ដំណើរ​ទស្សន​កិច្ច​នេះ​«នឹង​ជា​ឱកាស​ថ្មីមួយ​ទៀត​សម្រាប់​ប្រទេស​ទាំង​ពីរ​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ ហើយ​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់​និង​អន្តរ​ជាតិ​ដែល​មាន​ផល​ប្រយោ​ជន៍​រួម​មួយ​ចំនួន»។

លោក ជុំ សុន្ទរី មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​ឧបការី​អាមេរិក​រូប​នោះ​នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឬយ៉ាងណា។

អ្នកស្រី Garcia Amparo អ្នកនាំពាក្យ​របស់​ស្ថាន​ទូត​អាមេរិកប្រចាំ​នៅ​កម្ពុជា​ក៏​មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​លោក​ឧបការី​នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ឬយ៉ាងណា។​អ្នកស្រី​គ្រាន់​តែ​បញ្ជាក់​ថា​លោក​ឧបការិ​នឹង​ជួប​ជាមួយ​មន្រ្តី​កម្ពុជា​មួយ​ចំនួន។

ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក កើត​ឡើង​នៅ​គ្រា​ដែល​សមាគម​អាស៊ាន​ព្រួយ​បារម្ភ​ទៅ​លើ​ភាព​តាន​តឹង​ភូមិសាស្រ្ត​នយោបាយ​ដែល​កាន់​តែ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់ និង​ស្រប​ពេល​ដែល​សមាគម​អាស៊ាន​មួយ​ចំនួន​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កាន់​តែ​ខិត​ទៅ​រក​ប្រទេស​ចិន។

លោក​ឧបការី​រដ្ឋមន្រ្តី Kritenbrink ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចំនួន​ពីរ​លើក​កាល​ពី​ឆ្នាំ​២០២២ គឺ​នៅ​ក្នុង​ខែ​ឧសភា និង​ក្នុង​ខែ​កក្កដា ដែល​កាល​នោះ​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរវេន​សមាគម​អាស៊ាន។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ថ្លែង​ថា​មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ដែល​មក​កម្ពុជា​តែង​តែ​លើក​ឡើង​អំពី​ការ​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

លោក​ប្រាប់​វីអូអេ​ថា៖ «កន្លងមក​នេះ យើង​ឃើញ​ថា​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន​ដែរ​ទាក់​ទង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ សូម្បី​តែ​សហគមន៍​អឺរ៉ុប ឬក៏​សហរដ្ឋអាមេរិក​ហ្នឹង​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ហើយ​ក៏​បាន​ស្នើ​ឱ្យកម្ពុជា​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ។ អញ្ចឹង​ទស្សន​កិច្ច​របស់​លោក​ឧបការី​នា​ពេល​នេះ ​ទំនង​ជា​នឹង​លើក​ឡើង​បញ្ហា​ដដែល​នេះ»។

គួរ​បញ្ជាក់​ថា​នៅ​ពេល​មក​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ប្រធានា​ធិបតី​អាមេរិក លោកJoe Biden ធ្លាប់​បាន​អំពាវនាវ​ឱ្យ​ដោះ​លែង​សកម្ម​ជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ក្នុង​នោះ​មាន​កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង​ផង​ដែរ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​៦​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់​ និង​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ទាក់​ទង​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី ​កាល​ពី​ចុង​ឆ្នាំ​២០១៩៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG