មន្ត្រីអង្គការសហប្រជាជាតិល្បីៗ និងអ្នកជំនាញសិទ្ធិមនុស្សនានាកំពុងអំពាវនាវឱ្យសហគមន៍អន្តរជាតិបញ្ចប់ការគាំទ្ររបស់ខ្លួនចំពោះមេដឹកនាំយោធាដ៏ឃោរឃៅរបស់ប្រទេសមីយ៉ាន់ម៉ា ដែលពួកគេនិយាយថាពឹងផ្អែកលើ«យុទ្ធសាស្ត្រគ្រប់គ្រងជាប្រព័ន្ធ ធ្វើឲ្យខ្លាច និងបំភិតបំភ័យ» ដើម្បីរក្សាអំណាចកណ្តាប់ដៃដែករបស់ពួកគេ។
លោក Volker Türk ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបើកកិច្ចសន្ទនាសួរដេញដោលមួយស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា «ស្ថានភាពនៅភូមាបានក្លាយទៅជារឿងមិនអាចទទួលយកបាន» ។
លោកបានមានប្រសាសន៍ថា៖ «វាមិនអាចនឹកស្មានដល់ថា ប្រជាជនមីយ៉ាន់ម៉ាអាចស៊ូទ្រាំនឹងការរងទុក្ខបន្ថែមទៀតនោះទេ។ ប៉ុន្តែ ប្រទេសនេះបន្តធ្លាក់ចូលទៅក្នុងអំពើហិង្សា និងភាពសោកសៅកាន់តែជ្រៅ»។
របបយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។ ចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចរបស់ប្រទេសបានធ្លាក់ចុះ សំឡេងរបស់សង្គមស៊ីវិលត្រូវបានបំបិទលែងឲ្យមានសេរីភាព សំឡេងនយោបាយជំទាស់ត្រូវបំបាត់ចោល ហើយមនុស្សកាន់តែច្រើនឡើង បានកាន់អាវុធដើម្បីប្រឆាំងនឹងការវាយប្រហារដ៏ឃោរឃៅ និងឥតត្រាប្រណីរបស់យោធាលើប្រជាជន។
លោក Türk បាននិយាយថា៖ «ភូមិទាំងមូលត្រូវបានដុតបំផ្លាញ និងដុតកម្ទេចចោលទាំងស្រុង ដាក់ទណ្ឌកម្មជារួម ដល់ជនស៊ីវិល ដោយមិនផ្តល់ជម្រក បង្អត់អាហារ ទឹក និងជំនួយសង្គ្រោះជីវិត»។
លោកបានបន្តថា៖ «ចាប់តាំងពីរដ្ឋប្រហារបានចាប់ផ្តើម ពួកយោធាបានដុតបំផ្លាញផ្ទះយ៉ាងតិចចំនួន ៧០.០០០ខ្នង នៅទូទាំងប្រទេស ដែលចំនួន ៧០ ភាគរយស្ថិតនៅក្នុងតំបន់ Sagaing។ ប្រជាជនជាង ១,៥លាន នាក់ត្រូវបានជម្លៀសដោយបង្ខំ ដោយទទួលបានជំនួយមនុស្សធម៌តិចតួចបំផុត»។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា មនុស្សចំនួន ៣.៧៤៧ នាក់បានស្លាប់នៅក្នុងកណ្តាប់ដៃរបស់យោធាចាប់តាំងពីពួកគេឡើងកាន់អំណាច ហើយមនុស្សចំនួន ២៣.៧៤៧ នាក់ត្រូវបានចាប់ខ្លួន។ ក្រុមមន្ត្រីបាននិយាយថា ពួកគេជឿថា «ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួសទំនងជាមានច្រើនជាងនេះ» ។
របបយោធាបានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលណាឡើយ ដោយអះអាងថា ខ្លួនអនុវត្តប្រតិបត្តិការប្រឆាំងនឹង «ភេរវករ» ដែលចង់ធ្វើឱ្យប្រទេសមានអស្ថិរភាព។
ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Türk បានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវ «អំពើហិង្សាដែលគ្មានន័យនេះ» និងទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយចំនួន១៩.៣៧៧ នាក់ដែលត្រូវបានឃុំខ្លួននៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
លោក Türk បាននិយាយថា៖ «ខ្ញុំក៏សូមអំពាវនាវដល់ប្រទេសទាំងអស់ឱ្យបញ្ឈប់ និងទប់ស្កាត់ កុំផ្គត់ផ្គង់អាវុធដល់ពួកយោធា និងចាត់វិធានការឲ្យចំគោលដៅដើម្បីដាក់កំហិតដល់ឧត្តមសេនីយ៍យោធា កុំឲ្យអាចប្រើប្រាស់ រូបិយប័ណ្ណបរទេស ឥន្ធនៈអាកាសចរណ៍ និងមធ្យោបាយផ្សេងទៀតដែលអាចជាមធ្យោបាយឲ្យពួកគេវាយប្រហារលើប្រជាជនមីយ៉ាន់ម៉ា»។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋជាសមាជិកទាំងអស់ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ «ដើម្បីដាក់សម្ពាធជាអតិបរមាដើម្បីបញ្ចប់វិបត្តិនេះ»។
នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ហាញច្បាស់ៗនូវរូបភាពរងទុក្ខទោសនៃប្រទេសមួយ ជាប្រទេសដែលលោកបាននិយាយថា មានកុមាររាប់រយនាក់ត្រូវបានសម្លាប់ និងដាក់គុកជាអ្នកទោសនយោបាយ និងជាប្រទេសមួយដែលមានកុមារជាង ៦៦០.០០០នាក់ គ្មានទីលំនៅ ដោយសារតែជម្លោះ ហើយកុមារ ៥,៨លាននាក់ត្រូវការជំនួយមនុស្សធម៌។
លោកបាននិយាយថា ប្រជាជនមីយ៉ាន់ម៉ាត្រូវការ និងសមនឹងទទួលបានចំណាត់ការពីរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ ដើម្បីសង្គ្រោះប្រទេសរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា៖ «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានការព្រួយបារម្ភថា ឆន្ទៈនយោបាយដែលចាំបាច់ដើម្បីរក្សាសកម្មភាពនេះអាចនឹងធ្លាក់ចុះ។ រដ្ឋាភិបាលមួយចំនួនហាក់ដូចជាត្រៀមខ្លួនដើម្បីបន្តមើលរំលង ហើយនឹងទទួលយកការឡើងកាន់អំណាចដោយខុសច្បាប់នៃរបបយោធា ហើយផ្តោតការយកចិត្តទុកដាក់ និងធនធានរបស់ពួកគេនៅកន្លែងផ្សេង»។
មីយ៉ាន់ម៉ាមិនបានចូលរួមក្នុងកិច្ចសន្ទនាសួរដេញដោលនោះទេ ដោយសារអង្គការសហប្រជាជាតិមិនទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាល៕
ប្រែសម្រួលដោយលោក សុខ ខេមរា