មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់អាស៊ាន និងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ និងទី១៦ ខែកុម្ភៈខាងមុខនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អាស៊ានទាំង១០ រួមទាំងគណៈប្រតិភូរបស់ខ្លួន នឹងជួបជាមួយនឹងតំណាងក្រុមហ៊ុនធំៗរបស់អាមេរិក នៅទីក្រុង San Francisco នៅក្នុងសន្និសីទសាធារណៈមួយ។
លោក Alexander Feldman ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន បានប្រាប់ VOA ថា សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពលខាងពាណិជ្ជកម្មរបស់អាស៊ានទៅកាន់សហគមន៍អ្នកធ្វើជំនួញរបស់សហរដ្ឋអាមេរិក។
លោកថា៖«គោលបំណងសំខាន់នៃសន្និសីទនេះគឺ ដើម្បីលើកកម្ពស់ការពិភាក្សានៅសហរដ្ឋអាមេរិកអំពីសារៈសំខាន់របស់អាស៊ាន ឱកាសធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកនៅអាស៊ាន និងអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន»។
ក្រៅពីរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អាស៊ាន លោក Feldman បានឲ្យដឹងផងដែរថា លោក Jokowi Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Tony Fernandes អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងចូលរួមជាភ្ញៀវកិត្តិយស។ បន្ថែមលើនេះ លោក Michael Froman អ្នកតំណាងពាណិជ្ជកម្មរបស់អាមេរិក និងជាសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតីប៉ារ៉ាក់ អូបាម៉ា ក៏នឹងមានវត្តមាននៅសន្និសីទនោះផងដែរ។
សន្និសីទស្តីពី អាថ៌កំបំាងបំផុតរបស់អាស៊ី៖ សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន (US-ASEAN Business Council)។
លោក Feldman បានបញ្ជាក់ថា សន្និសីទនេះនឹងផ្តល់ជាវេទិកាដ៏ល្អបំផុតមួយដល់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អាស៊ាន និងក្រុមហ៊ុនធំៗរបស់អាមេរិក ផ្តោតលើតថភាព និងលទ្ធភាពក្នុងការរឹតចំណងភាពជាដៃគូពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអាស៊ាន។
លោកបញ្ជាក់ថា៖«យើងនឹងពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានជាមួយនឹងប្រទេសក្នុងពិភពលោក រួមទាំងជាមួយនឹងសហរដ្ឋអាមេរិកដែរ។ និយាយទៅ យើងនឹងពិភាក្សាអំពីភាពជាដៃគូសមត្ថភាពសេដ្ឋកិច្ចក្នុងតំបន់ ឬ (RCEP) និងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ (TPP) ជាដើម»។
ក្នុងសមាគមអាស៊ាន ប្រទេសចំនួន៤បានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលក្នុងនោះរួមមាន ប្រទេសវៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងព្រុយណេ។ ក៏ប៉ុន្តែ លោក Feldman បានបញ្ចាក់ថា ប្រទេសមួយចំនួនទៀតរបស់អាស៊ានដូចជា ប្រទេសថៃ ភីលីពីន និងឥណ្ឌូនេស៊ី ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលជាសមាជិក TPP ដែរ។ ហើយលោកសង្ឃឹមថា ប្រទេសទាំងនេះនឹងបញ្ជាក់គោលជំហររបស់ខ្លួននៅក្នុងសន្និសីទនេះ។
ជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងគណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមក្នុងសន្និសីទនេះ ដោយសង្ឃឹមថា នឹងចាប់យកឱកាសពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនធំៗអាមេរិក។
កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានចូលជាធរមាន ដើម្បីពង្រឹងសក្តានុពលនៃភាពជាដៃគូខាងសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាភាពជាដៃគូសេដ្ឋកិច្ចក្នុងសកលលោក។ ក៏ប៉ុន្តែ លោក Feldman បានឲ្យដឹងថា អាស៊ានចាំបាច់ត្រូវសម្លឹងមើលឲ្យហួសពីរបាំងពន្ធគយ។
«ខ្ញុំយល់ថា ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានគឺជាជំហានដ៏ល្អបំផុតមួយ។ ក្នុងដំណើរឆ្ពោះទៅមុខ យើងសង្ឃឹមថា បណ្តាប្រទេសជាសមាជិកអាស៊ានអាចធ្វើកិច្ចការលើសពីរបាំងពន្ធគយ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃពាណិជ្ជកម្ម ដែលរួមមានទំាងរបាំងមិនមែនពន្ធគយ។ យើងក៏ចង់ឃើញសុខដុមរមនីយកម្មនៅក្នុងអាស៊ាន ជាពិសេសខាងដំណើរការផលិត និងនិយ័តកម្ម»។
លោក Feldman ក៏បានបញ្ជាក់បន្ថែមថា បញ្ហាអំពើពុករលួយ ការខ្វះតម្លាភាពក្នុងនិយ័តកម្មនៅអាស៊ានគឺជាកត្តាប្រឈមចម្បង ដែលចាំបាច់ត្រូវដោះស្រាយ ខណៈដែលសហគមន៍សេដ្ឋកិច្ចអាស៊ានកំពុងដើរទៅមុខដ៏សន្សឹមៗនោះ។
«យើងនៅតែឃើញមានកត្តាប្រឈមជាច្រើនរួមមានខាងអភិបាលកិច្ច ក្នុងការលុបបំបាត់អំពើពុករលួយ ដែលជាកត្តាប្រឈមរបស់អាស៊ាន និងការបង្កើតច្រកចេញចូលតែមួយរបស់អាស៊ាន។ យើងក៏នៅតែឃើញបញ្ហាខ្វះតម្លាភាព ក្នុងការអនុវត្តនិយ័តកម្ម ឬការត្រួតពិនិត្យ និងការអនុវត្តច្បាប់។ យើងចង់ឃើញមេដឹកនាំអាស៊ានដោះស្រាយបញ្ហានេះឲ្យបានផុសផុលបំផុត»។
លោកថា ដើម្បីដោះស្រាយបញ្ហានេះបាន វាទាមទារឲ្យមេដឹកនាំអាស៊ានបន្តធ្វើកំណែទម្រង់តាមប្រទេសរៀងៗខ្លួន និងធ្វើការសហការឲ្យបានជិតស្និទ្ធជាងនេះជាមួយនឹងម្ចាស់ភាគហ៊ុនដែលបណ្តាក់ទុននៅក្នុងប្រទេសរបស់ខ្លួន។
ទោះជាយ៉ាងណាក្តី លោក Feldman បានបង្ហាញពីទស្សនវិស័យល្អនៃផែនការទី២របស់សហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងការបង្កើតឲ្យមានច្រកចេញចូលតែមួយ។ លោកយល់ថា ផែនការនេះគឺជាសមិទ្ធផលដ៏ធំមួយរបស់អាស៊ានក្នុងការសម្រួលដល់ការបណ្តាក់ទុន និងការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
«ផែនការនេះគឺល្អណាស់ ពីព្រោះវាអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើសំណុំឯកសារគយតាមប្រព័ន្ធអេឡិកត្រូនិក ហើយនេះគឺជាទម្រង់បែបបទឯកសារតែមួយ ដែលក្រុមហ៊ុនទាំងអស់នឹងប្រើប្រាស់ មិនថាពួកគេបណ្តាក់ទុននៅតាមប្រទេសក្នុងអាស៊ានណាក៏ដោយ។ ជាមួយផែនការនេះ អាស៊ាននឹងបោះជំហានដ៏ធំមួយទៅមុខ»។
សមាគមអាស៊ានបានក្លាយជាទិសដៅពាណិជ្ជកម្មទី៤ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំ២០១៤ សហរដ្ឋអាមេរិកបានបណ្តាក់ទុននៅតំបន់អាស៊ាននេះជាទឹកប្រាក់ចំនួន២១៥ពាន់លានដុល្លារ។ ហើយសហរដ្ឋអាមេរិកគឺជាប្រទេសបណ្តាក់ទុនបរទេសដោយផ្ទាល់ដ៏ធំបំផុតមួយនៅក្នុងអាស៊ាននេះ៕