ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំណែក​សាកសព​មនុស្ស​ជាប់​កង់​យន្តហោះ​អាមេរិក​ហោះ​ចេញ​ពីអាកាស​យានដ្ឋាន​ក្រុង​កាប៊ុល


មនុស្ស​រាប់រយ​នាក់​នាំ​គ្នា​រត់តាម​យន្ដហោះ​ Air Force C-17 របស់​សហរដ្ឋ​អាមេរិក​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
មនុស្ស​រាប់រយ​នាក់​នាំ​គ្នា​រត់តាម​យន្ដហោះ​ Air Force C-17 របស់​សហរដ្ឋ​អាមេរិក​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

កងទ័ព​អាកាស​អាមេរិក​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ថ្មី​ដ៏​ក្រៀមក្រំ​កាលពី​ថ្ងៃ​អង្គារ​អំពី​ភាព​វឹកវរ​នៃ​ការ​ជម្លៀស​មនុស្ស​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិក្រុង​កាប៊ុល​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​និយាយ​ថា​ គេ​ឃើញ​បំណែក​សាកសព​មនុស្ស​ជាប់​នឹង​កង់យន្តហោះ​យោធា​ដែល​ហ្វូង​ជន​ស៊ីវិល​រោម​ឡើង​ជិះ​ ចង់​រត់​គេច​ពី​ក្រុម​តាលីបង់។​

អ្នកស្រី​ Ann Stefanek​ អ្នកនាំ​ពាក្យ​កងទ័ព​អាកាស​អាមេរិក​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ក្រៅពី​វីដេអូនៅ​លើ​អ៊ីនធឺណិត​និង​របាយ​ការណ៍​សារ​ព័ត៌មាន បំណែក​សាក​សព​មនុស្ស​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កង់​របស់​យន្តហោះ​ C-17 ​បន្ទាប់​ពី​វា​បាន​ចុះចត​នៅ​ឯមូលដ្ឋាន​អាកាស​ Al Udeid ​ប្រទេស​កាតា។​ បច្ចុប្បន្ន​យន្តហោះ​នោះ​ត្រូវ​បាន​គេ​រក្សា​ទុក​ដើម្បី​ទុក​ពេលប្រមូល​បំណែក​សាកសព​ និងពិនិត្យ​យន្តហោះ​មុន​ពេល​វា​ត្រឡប់ទៅ​ហោះ​ហើរ​វិញ»។​ ​

មន្រ្តី​អាមេរិក​ម្នាក់​ ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់វីអូអេ​ថា​ អាច​មាន​មនុស្ស​ផ្សេង​ទៀត​លើស​ពី​ម្នាក់​តោង​កង់​យន្តហោះ​ C-17 ​មុន​យន្តហោះ​ហោះ​ឡើង​កាលពី​ថ្ងៃច័ន្ទ។​

វីដេអូ​ពី​អាកាស​យានដ្ឋាន​បង្ហោះលើ​បណ្តាញ​សង្គម​បង្ហាញ​ភាព​ច្របូក​ច្របល់​ និង​អស់សង្ឃឹម​ ដោយមាន​ជនជាតិ​អាហ្វហ្គានីស្ថាន​មួយ​ចំនួន​តោង​ចំហៀង​យន្តហោះ​យោធា​អាមេរិក​ ហើយ​ទំនង​ជា​មនុស្ស​ពីរ​នាក់​បាន​ធ្លាក់​ពី​យន្តហោះ​យោធា​អាមេរិក​បន្ទាប់ពី​វា​បាន​ហោះឡើង។​

អ្នកស្រី​ Ann Stefanek​ បន្ត​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ការិយាល័យ​ស៊ើប​អង្កេត​ពិសេស​របស់​កងទ័ព​អាកាស​កំពុង​ដឹកនាំ​ការ​ពិនិត្យ​ឧបទ្ទវហេតុ​នេះ​ឡើង​វិញ​ ដែល​ដំបូង​ឡើយ​រាយ​ការណ៍​ដោយ​វីអូអេ។​

លោក​ប្រធានាធិបតី​ Joe Biden ​រំពឹង​ថា​ នឹង​និយាយ​អំពី​ស្ថាន​ការណ៍​នៅ​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃពុធ ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​ ABC News។ ​នេះ​បើយោង​តាម​លេខាធិការព័ត៌មាន​សេតវិមាន​អ្នកស្រី​ Jen Psaki៕

XS
SM
MD
LG