ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្តេជ្ញា​របស់​លោក​​ Biden ​ដឹក​ជនជាតិ​អាហ្វហ្គានីស្ថាន​ចេញ​ប្រឈម​ពេល​វេលា ​និង​ហានិភ័យ


ប្រជាជន​អាហ្វហ្គានីស្ថាន​ហក់​ឡើង​លើ​យន្ដហោះ​មួយ​គ្រឿង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ប្រជាជន​អាហ្វហ្គានីស្ថាន​ហក់​ឡើង​លើ​យន្ដហោះ​មួយ​គ្រឿង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ការ​ប្តេជ្ញា​របស់​លោក​ប្រធានាធិបតី Joe Biden ជម្លៀស​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ប្រឈម​គ្រោះថ្នាក់​រាប់​ពាន់​នាក់​ ដែល​បាន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកនោះ នឹង​ប្រឈមបញ្ហា​ខើច​ពេល​វេលា អសន្តិសុខ នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន និង​ឧបសគ្គ​ខាង​ភស្តុភា​សំខាន់ៗ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មន្ត្រី​សហ​រដ្ឋ​អាមេរិក​មួយ​រូប​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​ថា៖ «កិច្ចការ​ជា​ច្រើនត្រូវ​ធ្វើ​ឲ្យ​ត្រូវ​១០០​ភាគរយ» ដើម្បី​អនុវត្ត​ផែនការ​ដឹក​អ្នក​មាន​បែបបទ​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស​ ឬ ​(SIV)​ចេញ​ពី​អាហ្វហ្គានីស្ថាន។ ​មន្ទីរ​បញ្ចកោណ​មាន​បំណង​ជម្លៀស​អ្នក​មាន​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស ក្រុម​គ្រួសារ​របស់​ពួកគេ និង​មនុស្ស​ផ្សេង​ទៀតរហូត​ដល់​២ម៉ឺន​២ពាន់​នាក់។

ក៏ប៉ុន្តែ​ក្រុម​មន្ត្រី ​និង​ក្រុម​ជំនួយ​តាំង​ទីលំនៅ​ថ្មី​សម្រាប់​ជន​ភៀសខ្លួន​បាន​និយាយ​ថា ​គោលដៅ​នេះ​កាន់​តែ​លំបាក​ ព្រោះឥឡូវ​នេះ​ពួក​តាលីបង់​បាន​កាន់កាប់​រដ្ឋធានី​កាប៊ុល​ និង​ផ្នែក​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​នោះ។

អង្គការ​ដែល​ធ្វើការ​ជាមួយ​ជនភៀសខ្លួន​បាន​ជំទាស់​នឹង​ការអះអាង​របស់​លោក​ Biden ​នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ច័ន្ទ​ដែល​ថា ​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ជាច្រើន​មិនចង់​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ទេ​ តាំង​ពី​ពេល​មុន​មក។

លោកBiden បាន​ប្រកាស​គោល​បំណង​ចាប់ផ្តើម​ជម្លៀស​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ប្រឈម​ហានិភ័យកាលពី​ខែ​កក្កដា ​ថ្វីបើ​មាន​ការ​អំពាវនាវ​ដោយ​សមាជិក​សភា និង​អង្គការ​ជនភៀស​ខ្លួន​ឲ្យ​ជម្លៀស​ពួកគេ​ ​ប៉ុន្មាន​ខែ​មុន​នោះ​ក៏ដោយ។ ចាប់តាំង​ពី​ខែ​កក្កដា​មក​ ជនជាតិ​អាហ្វហ្គានីស្ថានតែ​២ពាន់​នាក់​ប៉ុណ្ណោះ​បាន​មក​ដល់​សហ​រដ្ឋ​អាមេរិក។

ថ្លែង​អំពី​ការយក​ជន​ជាតិ​អាហ្វហ្គានីស្ថានរហូត​ដល់​២២.០០០​នាក់​ ​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​ថា​ «វាជាគោលដៅ​ល្អ​ ក៏​ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ»។

សេចក្តី​សង្ឃឹម​គឺ​ដឹក​មនុស្សរវាង​ពី​៥ពាន់​នាក់​ទៅ​៩​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ នៅ​ពេល​ដែល​មន្ទីរ​បញ្ចកោណ​អាច​ដាក់​កងទ័ព​គ្រប់​ចំនួន​៦​ពាន់​នាក់​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​បាន។ រហូត​មក​ទល់​ពេល​នេះ កងទ័ព​តែ៤​ពាន់​នាក់ទេបាន​ទៅ​ដល់​រដ្ឋធានី​កាប៊ុល៕

XS
SM
MD
LG