ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របៀប​​កម្សាន្ត​​នៅ​ក្រៅ​ផ្ទះ​​ដោយ​សុវត្ថិភាព​​អំឡុង​​​ពេល​ការ​រាតត្បាត​​នៃ​ជំងឺ​​កូវីដ​១៩


រូបឯកសារ៖ អ្នករត់តុម្នាក់លើកអាហារឆ្លងថ្នល់មួយនៅក្រុង Seville ​ប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នករត់តុម្នាក់លើកអាហារឆ្លងថ្នល់មួយនៅក្រុង Seville ​ប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។

អាច​ថា​មកពី​អាកាសធាតុ​ក្តៅ​ជាង​មុន ឬ អាច​ថា​មកពី​មនុស្ស​ជាច្រើន​ធុញថប់​នឹង​ការ​ត្រូវ​នៅ​ផ្ទះ​យូរ​ពេក ឥឡូវ​នេះ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ចំនួន​មនុស្ស​ដែល​ហ៊ាន​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ប្រឆាំង​នឹង​ការដាក់​កំហិត​ឲ្យ​នៅ​ផ្ទះ បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

ចំនួន​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវបាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ជា​ថ្មី​ទៀត។ ក៏ប៉ុន្តែ អ្នកជំនាញ​ទទួលស្គាល់​ថា គេ​ពិបាកនឹង​អាច​រំពឹង​ឲ្យ​មនុស្ស​នៅតែ​ផ្ទះ​បាន​ណាស់ នៅក្នុង​ស្ថានការណ៍​បិទ​ដំណើរ​សេដ្ឋកិច្ច​មួយ​រយៈ​នេះ។

លោក Andrew Janowski ជា​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ឆ្លង​កុមារ​នៅ​សាលា​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ Washington បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«នេះ ជា​ស្ថានភាព​ដ៏​លំបាក​មួយ។ ប្រាកដណាស់ មនុស្សម្នា ចង់ចេញ​ទៅ​ក្រៅ​វិញ ក្រោយពី​ការស្នាក់នៅ​ផ្ទះ​តាម​បទបញ្ជា​អស់​ពេល​រាប់​សប្តាហ៍​មក​ហើយ​នោះ»។

ក៏ប៉ុន្តែ លោក Andrew Janowski បាន​ថ្លែង​បន្ថែម​ថា ដោយសារ​ថា​ឥឡូវនេះ រដូវ​ផ្ការីក​ជិត​ផុត​ទៅ​ហើយ ហើយ​រដូវក្តៅ​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ឆាប់ខាងមុខ​នេះ​សម្រាប់​តំបន់​អឌ្ឍគោល​ខាងជើង សកម្មភាព​កម្សាន្ត​នៅ​ខាងក្រៅ​(ផ្ទះ) មិន​មែន​សុទ្ធ​តែ​ត្រូវជៀសវាងទាំង​អស់​នោះ​ទេ។ លោក​បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ដោយ​ខិតខំ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​នេះ វិធី​ដែល​អាច​ឲ្យ​លោក​អ្នក​ចេញ​ទៅ​ក្រៅ​ផ្ទះ​បាន​ដោយ​សុវត្ថិភាព​នោះ គឺ​នៅតែ​មាន»។

ទី​បើក​ចំហ

សម្រាប់​ទី​សាធារណៈ កន្លែង​ដែល​ល្អ​សម្រាប់​លោក​អ្នក គឺ​កន្លែង​ដែល​បើកចំហ។

លោក Roger Shapiro ដែល​ជា​សាស្ត្រាចារ្យ​រង​ផ្នែក​ភាពស៊ាំ ហើយនឹង​ជំងឺ​ឆ្លងនៃ​សាកល​វិទ្យាល័យ Harvard បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«វីរុស​កូរ៉ូណា ដែល​បង្ក​ឲ្យ​ទៅ​ជា​ជំងឺ​កូវីដ​១៩​នេះ គឺ​ប្រាកដ​ណាស់ វា​អាច​ចម្លង​នៅក្នុង​ទី​មាន​ជញ្ជាំង​បិទជិត​បាន​ច្រើន​ជាង នៅ​ទី​បើក​ចំហ»។

ការសិក្សា​មួយ​ទៅ​លើ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ១.២៤៥​នាក់ ក្នុង​ទីក្រុង​ចំនួន ១២០ នៅ​ប្រទេស​ចិន​បាន​រក​ឃើញ​ថា ការឆ្លង​វីរុស​នៅ​ទី​បើក​ចំហ មាន​តែ​ចំនួន​ពីរ​ករណី​ប៉ុណ្ណោះ។

វីរុស​កូរ៉ូណា​នេះ ឆ្លង​រាលដាល​យ៉ាងខ្លាំង​តាម​រយៈ​តំណក់​តូចៗ​ដែល​ខ្ទាត​ចេញ​នៅ​ពេល​ដែល​មនុស្ស​ក្អក ច្រៀង ឬ ក៏​និយាយ និង​សំបោរ​នៅ​ពេល​ដែល​មនុស្ស​កណ្តាស់។ តំណក់​ភាគច្រើន មាន​ទម្ងន់​ធ្ងន់​ល្មម ដែល​ធ្វើ​ឲ្យ​ពួកវា​មិន​អាច​ធ្វើដំណើរ​បាន​ឆ្ងាយ ហេតុដូច្នេះ​ហើយ​ ទើប​មាន​ការ​ផ្តល់អនុសាសន៍​ឲ្យ​មនុស្សម្នា​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងតិចណាស់​ពីរម៉ែត្រនោះ​។

អ្នកវិទ្យាសាស្ត្រនៅ​កំពុង​សិក្សា​នៅឡើយ​អំពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​តាម​រយៈ​តំណក់​តូចៗ​បំផុត​ដែល​អាច​រសាត់​នៅក្នុង​ខ្យល់បាន​។ ក៏ប៉ុន្តែ​ទោះ​ជា​ការឆ្លង​បែប​នេះ​មាន​ឥទ្ធិពល​ប៉ុណ្ណា​ក៏ដោយ ក៏​វីរុស​នេះ មិនរសាត់មួយ​កន្លែង​នៅ​ក្នុង​ខ្យល់​បានយូរ​នៅ​ក្នុង​ទី​បើកចំហ​ដែល​មាន​ខ្យល់​បក់​នោះ។

លោក Roger Shapiro បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«តំណក់​ទឹកមាត់​និង​សំបោរ បែក​ខ្ញែក​យ៉ាងលឿន​នៅ​ក្នុង​ខ្យល់ ដែល​ពួកវា​លែង​បង្ក​គ្រោះថ្នាក់»។

ការពាក់ម៉ាសនឹង​ជួយ​កាត់បន្ថយ​ចំនួន​ទឹកមាត់​និង​សំបោរ ដែល​ចេញ​ពី​មនុស្ស ហើយ​អ្នកជំនាញ​និយាយ​ថា អ្នកទាំងអស់គ្នា​គួរតែ​ពាក់ម៉ាស សូម្បីតែ​នៅ​ទី​បើក​ចំហ​ក៏ដោយ។

ក៏ប៉ុន្តែលោកអ្នកកុំ​បារម្ភ​អំពី​អ្នក​រត់​ហាត់​កីឡា​ដែល​ទើប​រត់​ក្បែរ​លោកអ្នក​ដោយ​មិន​ពាក់​ម៉ាស។

លោក Dean Winslow វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ឆ្លង​នៃ​មណ្ឌល​ថែទាំ​សុខភាព Stanford បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ខណៈពេលដែល​លោក​អ្នក​ត្រូវតែ​ព្យាយាម​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​ចម្ងាយ​យាងតិច (២ម៉ែត្រ) នោះ លោកអ្នក​មិន​ចាំបាច់​បារម្ភ​នៅពេល​ដែល​អ្នកណាម្នាក់​ដើរ​ហួស​លោកអ្នក​លើ​ចិញ្ចើមផ្លូវ ឬ ផ្លូវលំ​ទេ ពីព្រោះ​ឱកាស​ដែល​លោកអ្នក​អាច​ឆ្លង​វីរុស​បាន គឺ​តិច​តួច​ណាស់​ក្នុង​អំឡុង​ពេល​នៅ​ក្បែរគ្នា​ក្នុង​រយៈពេលខ្លី​បែប​នេះ»។

ការសម្លាប់​វីរុស​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត

លោក Louis Brandeis អតីត​ចៅក្រម​មួយ​រូប​នៃ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​និយាយ​ថា៖

«គេ​និយាយ​ថា ពន្លឺ​ព្រះអាទិត្យ​អាច​សម្លាប់​មេរោគ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​គេ»។

ការលើកឡើង​នោះ ជា​ការណ៍​ពិត ទោះបីជាគេ​មិន​ច្បាស់ថា តើ​ពន្លឺ​ព្រះអាទិត្យ នឹង​មាន​ឥទ្ធិពល​ដល់​កម្រិត​ណា ក្នុង​ការ​សម្លាប់​វីរុស​កូរ៉ូណា​នោះ។

កាំរស្មី​អ៊ុលត្រា​វីយូឡេ ដែល​ធ្វើ​ឲ្យ​រលាក​ស្បែក​មនុស្ស​នោះ ក៏​អាច​សម្លាប់​វីរុស​បាន​ដែរ បើ​វា​ស្ថិត​នៅ​លើ​ផ្ទៃ​វត្ថុ​អ្វី​មួយ មិនមែន​នៅ​ពេល​ដែល​វា​ស្ថិត​នៅ​ក្នុង​រាងកាយ​មនុស្ស​នោះ​ទេ ទោះបីជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​ថា គេ​អាច​ប្រើ​កាំរស្មី​អ៊ុលត្រា​វីយូឡេ​ជា​ការព្យាបាល​ក៏ដោយ។

ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រ​មិន​ដឹង​ថា តើ​ពន្លឺ​ព្រះអាទិត្យត្រូវ​ចាំង​ដាក់​វីរុស​កូរ៉ូណា​រយៈពេល​យូរប៉ុណ្ណា ទើប​អាច​សម្លាប់​វា​បាន​។

លោក John Swartzberg សាស្រ្តាចារ្យ​ចូល​និវត្តន៍​ផ្នែកជំងឺ​ឆ្លង នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា Berkeley បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ការសិក្សា​ខ្លះ​បាន​លើកឡើង​ថា ពន្លឺ​ព្រះអាទិត្យ​រយៈពេល​ពីរបីម៉ោង​អាច​សម្លាប់​វីរុស​នេះ​បាន ប៉ុន្តែ វា​អាស្រ័យ​លើ​ផ្ទៃ​វត្ថុ​ដែល​វីរុស​នេះ​ទំ​លើ និង​កម្លាំង​នៃ​ពន្លឺ​ព្រះអាទិត្យ ឬ កាំរស្មីយូវី​ដែល​ចាំង​ទៅ​លើ​វា»។

លោក John Swartzberg បាន​ថ្លែង​បន្ថែម​ទៀត​ថា៖

«តើ​ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​បាន​ទេ? ប្រាកដ​ណាស់ វា​អាច​ជួយ​បាន។ ក៏ប៉ុន្តែ តើ​វា​គ្រប់គ្រាន់​ទេ? យើង​មិន​ដឹង​នោះ​ទេ»។

នៅ​ក្នុង​ទឹក

អ្នកជំនាញ​និយាយ​ថា ប្រសិនបើ​អ្នក​ធ្វើដំណើរ​ទៅ​លេង​ឆ្នេរ​សមុទ្រ បឹង ឬ អាងហែលទឹក នោះ ចូរ​កុំ​ខ្លាច​ទឹក​អី។

លោក Dean Winslow វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ឆ្លង​នៃ​មណ្ឌល​ថែទាំ​សុខភាព Stanford បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«មិនមាន​ភ័ស្តុតាង​ណា​មួយ​បញ្ជាក់​ថា វីរុស​កូរ៉ូណា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​កូវីដ​១៩​នេះ ឆ្លង​តាម​ទឹក​នោះ​ទេ»។

ទោះបីជា អ្នក​ជំងឺ​កូវីដ​១៩ ទើប​បានស្ថិតនៅក្នុង​ទឹក​មុន​លោក​អ្នក​ចូល​ក៏ដោយ ក៏​លោក​អ្នក នឹង​មិន​ឆ្លង​វីរុស​នោះ ពី​អ្នកជំងឺ​នោះ​ទេ។

លោក Winslow បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«វីរុស​នេះ វា​រលាយ​យ៉ាងលឿន​នៅក្នុង​ទីកន្លែង​ដែល​មាន​ទឹក​ច្រើន ដូចជា​បឹង ឬ សមុទ្រ»។

លោក Winslow បាន​ថ្លែង​ទៀត​ថា នៅ​អាងហែលទឹក ឬ ឧទ្យាន​ទឹក​ដែល​គេ​ប្រើ​ជាតិក្លរីន​ដើម្បី​សម្លាប់​មេរោគ​នោះ ហានិភ័យ​ក្នុងការ​ឆ្លង​វីរុស​នេះ គឺ​សឹង​តែ​គ្មាន។

លោក Swartzberg បាន​ថ្លែង​ថា តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី វិធានការ​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​ក្នុង​សង្គម ក៏​ត្រូវ​អនុវត្ត​នៅក្នុង​ទឹក​ផង​ដែរ។

លោក Swartzberg បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ប្រសិនបើ​ខ្ញុំ​ហែល​ទឹក​នៅ​ក្បែរ​នរណាម្នាក់ ហើយ​យើង​ទាំងពីរ​កំពុង​ហែល​យ៉ាងខ្លាំង នោះ​ខ្ញុំ​នឹង​ដកដង្ហើម​ចូល​នូវ​អ្វី​ដែល​អ្នក​នៅ​ក្បែរ​ខ្ញុំ​ដក​ដង្ហើម​ចេញ»។

មិនថា​នៅក្នុង​ទឹក ឬ អត់​នោះ​ទេ លោកអ្នក​ត្រូវអនុវត្ត​តាម​វិធានការ​តែ​មួយ​គឺ រក្សា​គម្លាត​ពី​គ្នា​យ៉ាង​តិច​ណាស់ ២ ម៉ែត្រ។

លោក Swartzberg បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​នឹង​និយាយ​ដដែលៗ​អំពី ការរក្សា​គម្លាត​ពីគ្នា។ សកម្មភាព​នៅ​ខាង​ក្រៅ​ផ្ទះ​គ្រប់ប្រភេទ ដែល​នឹង​នាំ​ឲ្យ​មនុស្ស​នៅ​ជិត​គ្នា​ក្នុង​រយៈពេល​យូរ វា​នឹង​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ។ ជា​ឧទាហរណ៍ ការលេង​កីឡា​បាល់ទះ នឹង​មាន​ហានិភ័យ​ខ្លាំង​ណាស់»។

លោក Swartzberg បាន​ថ្លែង​ទៀត​ថា ក៏ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ការ​ទៅ​បន្ធូរ​អារម្មណ៍​នៅ​លើ​ឆ្នេរ​សមុទ្រ​ដោយ​រក្សា​ចម្ងាយ​ពី​គ្នា​ឲ្យ​បាន​យ៉ាង​តិច​ណាស់ ២ ម៉ែត្រ ហើយ​ពាក់ម៉ាស់​នោះ «នោះ​ជា​សកម្មភាព​មួយ ដែល​មាន​សុវត្ថិភាព»។

ឥឡូវនេះ មនុស្ស​ម្នា​កំពុងតែ​ចង់​ធ្វើ​សកម្មភាព​នានា​នៅ​ខាងក្រៅ​ផ្ទះ ក៏ប៉ុន្តែ ការរាតត្បាត​ដោយ​វីរុស​កូរ៉ូណា​នេះ នៅតែ​មាន​នៅ​ឡើយ។ ប្រសិនបើ​លោកអ្នក​ទៅ​ខាង​ក្រៅ លោកអ្នក​ត្រូវ​អនុវត្ត​តាម​វិធានការ​ខាងលើ​នេះ​ដែរ គឺ​ពាក់ម៉ាស នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា​យ៉ាង​តិច​ណាស់ ២ ម៉ែត្រ និង​លាង​សម្អាត​ដៃ​របស់​អ្នក។

លោក Swartzberg បាន​ថ្លែង​ក្នុង​សម្តី​ដើម​ទៀត​ថា៖

«យើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ខ្លួន​យើង ចំពោះ​សុខភាព​របស់​យើង ក៏ប៉ុន្តែ​យើង​ក៏​មាន​ការទទួល​ខុសត្រូវ ចំពោះ​អ្នកជិតខាង​របស់​យើង​ដែរ»។

លោក Swartzberg បាន​ថ្លែង​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា ចំណុច​ទីពីរ​ដែល​ថា​យើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​អ្នកជិតខាង​របស់​យើង​នោះ គឺ​ជា​រឿង​ចាំបាច់​ដែល​យើង​ត្រូវ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក ពីព្រោះ​វា​ពិបាក​ខ្លាំងណាស់​ក្នុង​ការ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយសារ​ថា យើង​ទាំងអស់​គ្នា​ជា​មនុស្ស ដូច្នេះ​យើង​ត្រូវការ​ការប្រាស្រ័យ​ទាក់ទងគ្នា​ក្នុង​សង្គម»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG