ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តៃវ៉ាន់​សន្យា​ថា តៃវ៉ាន់​នឹង​នៅតែ​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ជានិច្ច


ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ថ្លែងសុន្ទរកថាមួយនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ថ្លែងសុន្ទរកថាមួយនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

នៅ​ក្នុង​សុន្ទរកថា​ឡើង​កាន់​តំណែង​របស់​អ្នកស្រី​នៅ​ថ្ងៃ​ពុធ​នេះ ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing Wen បាន​ការពារ​លទ្ធិប្រជាធិបតេយ្យ​របស់​តៃវ៉ាន់ ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​របស់​ចិន។

៤ ខែ​ក្រោយ​មក បន្ទាប់ពី​អ្នកស្រី Tsai Ing Wen បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​សម្រាប់​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​ពីរ អ្នកស្រី​បាន​និយាយ​ថា កោះ​តៃវ៉ាន់​ដែល​ដឹកនាំ​ដោយ​ខ្លួន​ឯង​នេះ​នឹង​មិន​ទទួល​យក​នូវ​ការ​ទាមទារ​របស់​ចិន​ដែល​ចង់​ឲ្យ​តៃវ៉ាន់​អនុវត្ត​នូវ​គោលការណ៍ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» ដើម្បី​បញ្ចុះ​តម្លៃ​របស់​តៃវ៉ាន់ និង​បំផ្លាញ​ដល់​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​តៃវ៉ាន់ និង​ចិន​ដី​គោក​នោះ​ទេ។

ចិន និង​តៃវ៉ាន់​បាន​បែក​ជា​ពីរ​នៅ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់ពី​កង​កម្លាំង​ជាតិ​និយម​របស់​លោក Chaing Kai-shek បាន​គេច​ខ្លួន​ទៅ​តាំងទី​ថ្មី​នៅ​លើ​កោះ​តៃវ៉ាន់ ក្រោយ​ពី​បាន​ចាញ់​ក្រុម​កុម្មុយនីស្ត​របស់​លោក ម៉ៅ សេទុង នៅ​ក្នុង​សង្គ្រាម​ស៊ីវិល។ ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រានចោល​នូវ​គំនិត​ដែល​ថា​កោះ​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ និង​បាន​សន្យា​ថា​នឹង​ភ្ជាប់​យក​កោះ​តៃវ៉ាន់​វិញ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់ ប្រសិនបើ​ចាំបាច់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រើ​កម្លាំង​យោធា​ផង​ដែរ។

នៅ​ថ្ងៃ​ពុធ​នេះ អ្នកស្រី Tsai Ing Wen បាន​និយាយ​ថា ទំនាក់ទំនង​រវាង​ចិន និង​តៃវ៉ាន់​បាន​ឈាន​ដល់ «ចំណុច​របត់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ» ដោយ​អ្នកស្រី​បាន​ទទូច​ថា «សន្តិភាព ភាព​ស្មើ​គ្មា លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ពិភាក្សា​គ្នា» គួរតែ​ជា​មូលដ្ឋាន​សម្រាប់​ទំនាក់ទំនង​ណា​មួយ​ដំណើរការ​ទៅ​មុខ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​អបអរសាទរ​អ្នកស្រី Tsai Ing Wen នៅ​ក្នុង​សារ​ផ្ទាល់​ខ្លួន ដោយ​សរសើរ​អ្នកស្រី​សម្រាប់ «ភាព​ក្លាហាន និង​ទស្សនវិស័យ​នៅ​ក្នុង​ការ​ដឹកនាំ​លទ្ធិប្រជាប្រធិបតេយ្យ​ដ៏​រស់រវើក​របស់​កោះ​តៃវ៉ាន់»។

ប៉ុន្តែនៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា ការ​អបអរសាទរ​របស់​លោក Pompeo នេះ បាន​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ដល់​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា ប្រទេស​ចិន​នឹង​ចាត់​វិធានការ​ចាំបាច់​នានា​ដើម្បី​តបត​ទៅ​វិញ ហើយ​សហរដ្ឋ​អាមេរិក​ត្រូវតែ​ទទួល​រង​នូវ​ផល​វិបាក៕

XS
SM
MD
LG