ក៏ប៉ុន្តែ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ សន្និសីទ នោះធ្វើតាមអនឡាញតាមការតផ្ជាប់វីដេអូពីប្រទេសនីមួយៗរៀងៗខ្លួន ហៅថាTeleconference ដែលមិនអនុញ្ញាតឲ្យពួកមេដឹកនាំអាចជួបទល់មុខគ្នាបាន។ អ្នកវិភាគគិតថាកិច្ចប្រជុំបែបនេះ មិនមានប្រសិទ្ធភាពដូចការជួបមុខគ្នាផ្ទាល់ទេ។
ការផ្ទុះឡើងនូវមេរោគកូរ៉ូណា កំពុងធ្វើឲ្យមានក្តីសង្ឃឹមនៅប្រទេសវៀតណាមថា តួនាទីនាំមុខរបស់ខ្លួនក្នុងប្លុកក្នុងតំបន់នៅឆ្នាំនេះ នឹងជួយដោះស្រាយជម្លោះអធិបតេយ្យភាពដែនសមុទ្រដ៏អាប់អួរជាមួយចិន។
វៀតណាមកំពុងធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក១០ប្រទេសនៅឆ្នាំ២០២០នេះ ដែលជាឱកាសមួយទសវត្សរ៍ម្តងសម្រាប់សមាជិកនីមួយៗនៅក្នុងប្លុកនេះ។ សមាគមដែលគេស្គាល់ថា អាស៊ាន ជួនកាលប្រើប្រាស់សេចក្តីថ្លែងការណ៍និងការពិភាក្សាដើម្បីដាក់ការគាបសង្កត់លើរដ្ឋាភិបាលក្រុងប៉េកាំងអំពីការទាមទារសមុទ្រចិនខាងត្បូងរបស់ខ្លួន។សមាជិកសមាគមអាស៊ានមានប្រទេសប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បានជំទាស់ប្រឆាំងនឹងការទាមទាររបស់ចិននេះ។ វៀតណាម ជាអ្នកប្រឆាំងខ្លាំងជាងគេបំផុត។
ក៏ប៉ុន្តែ ពួកអ្នកស្រាវជ្រាវជាន់ខ្ពស់បាននិយាយថា ជំនួបអនឡាញតាមវីដេអូពីប្រទេសនីមួយៗរៀងៗខ្លួន ហៅថា Teleconference ដែលពួកសមាជិកអាស៊ាន បានធ្វើនៅឆ្នាំនេះបណ្តាលមកពីការព្រួយកង្វល់នៃមេរោគកូរ៉ូណានោះ មិនទំនងបង្កើតកម្លាំងការទូតធំដុំទេ។ ពួកគេនិយាយទៀតថា ជំនួបទល់មុខគ្នា កសាងការទុកចិត្តគ្នាកាន់តែខ្លាំងឡើង ធ្វើឲ្យមានការព្រមព្រៀងគ្នាកាន់តែខ្លាំងឡើង ហើយព្រឹត្តិការណ៍ណាក៏ដោយដែលកើតមានឡើង នឹងផ្តោតកាន់តែខ្លាំងឡើងលើការឆ្លើយតបនៃការរាតត្បាតមេរោគកូរ៉ូណាជាជាងភូមិសាស្រ្តនយោបាយ។
លោក Eduardo Araral ជាសាស្រ្តាចារ្យជំនួយនៅឯសាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា៖ «ជំនួបនេះ មានភាពខុសគ្នា ប្រសិនបើអស់លោកអ្នក មានជំនួបទល់មុខគ្នានោះ។ ទោះបី មានជំនួបទល់មុខគ្នាក៏ដោយ ខ្ញុំគិតថា ផ្នត់គំនិតរបស់រដ្ឋមន្រ្តីទាំងនោះ គឺការរាតត្បាតនៃជំងឺកូរ៉ូណាច្រើនជាងបញ្ហាសមុទ្រចិនខាងត្បូង»។
លោក Jay Batongbacal ជាសាស្រ្តាចារ្យកិច្ចការនាវាចរណ៍អន្តរជាតិនៅឯសាកលវិទ្យាល័យហ្វីលីពីន និយាយថា ការធ្វើកិច្ចព្រមព្រៀងអាស៊ាន មានការជឿនលឿននៅជំនួបខាងក្រៅ ពេលឈប់សម្រាកនិងសម័យប្រជុំក្រៅផ្លូវការដែលជាពិធីធម្មតា។ លោក Batongbacal បាននិយាយដោយសំដៅដល់ជំនួបតាម Teleconference ថា៖ «ខ្ញុំប្រាកដថា ជំនួប Teleconference ទាំងនេះ នឹងត្រូវបានកត់ត្រា ដូច្នេះ ជំនួបនេះនឹងមានលក្ខណៈផ្លូវការបំផុត វា នឹងក្លាយជាការលំបាកសម្រាប់ពួកគេដើម្បីព្យាយាមដោះស្រាយបញ្ហានានា»។
ប្រធានសមាគមអាស៊ាន ប្តូរវេនទៅប្រទេសផ្សេងៗជារៀងរាល់ឆ្នាំ ហើយប្រធាន មានអំណាចដើម្បីកំណត់របៀបវារៈរបស់សមាគមអាស៊ាន។ ជាធម្មតា រដ្ឋមន្រ្តីការបរទេស ជួបគ្នានៅពាក់កណ្តាលឆ្នាំហើយប្រមុខរដ្ឋាភិបាល ជួបគ្នានៅដំណាច់ឆ្នាំដើម្បីអនុម័តកិច្ចព្រមព្រៀង។ តួនាទីអាស៊ានរបស់វៀតណាម កើតឡើងក្នុងពេលជាមួយគ្នានៃការធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិរបស់ខ្លួននៅឆ្នាំនេះ ដោយផ្តល់ឥទ្ធិពលបន្ថែមនៅក្នុងកិច្ចការបរទេស។
លោក ងៀង ថាញ់ទ្រុង ជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនៅឯសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្តក្នុងទីក្រុងហូជីមិញ។ លោកថ្លែងថា ការខ្វះជំនួបទល់មុខគ្នា នឹងធ្វើឲ្យទន់ខ្សោយដល់របៀបវារៈរបស់វៀតណាមដើម្បីបន្ធូរបន្ថយជម្លោះផ្លូវនាវាចរណ៍ជាមួយចិន។
ការប្រជុំតាម Teleconference ក៏នឹងជួយសម្រួលដល់ចិនផងដែរសម្រាប់កិច្ចការដ៏លំបាកនៅលើរបៀបវារៈដ៏តឹងតែងនេះ។
លោក Frederick Kliem ដែលជាអ្នកស្រាវជ្រាវនៅឯសាលាការសិក្សាអន្តរជាតិ S. Rajaratnam នៅឯសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី និយាយថា វៀតណាម សង្ឃឹមនៅឆ្នាំនេះថា នឹងពង្រឹងទំនាក់ទំនងជាមួយដៃគូនានារបស់ប្រទេសនានានៅខាងក្រៅរបស់អាស៊ាននិងពង្រីកបណ្តាញការងារ។
លោក Kleim បានសរសេរនៅក្នុងកាសែតនៅពេលត្រូវបានចុះផ្សាយនៅលើគេហទំពររបស់រដ្ឋាភិបាលវៀតណាមកាលពីខែមុនថា ក្នុងស្មារតីដូចគ្នា វៀតណាម ចង់ធ្វើការដើម្បីការពារការមូលមតិក្នុងចំណោមប្រទេសនានានៅក្នុងសមាគមអាស៊ាន នៅពេលដែលប្លុកនេះដោះស្រាយបញ្ហាជាមួយប្រទេសឯទៀត។ សកម្មភាពសំដៅទៅលើប្រទេសចិនកាលពីអតីតកាល មិនមានដំណើរការរលូនដោយសារសម្ព័ន្ធមិត្តរបស់ចិនដូចជាកម្ពុជានិងឡាវ មិនបានយល់ស្រប។
សមាគមអាស៊ាននិងចិន កំណត់ពេលនៅឆ្នាំក្រោយដើម្បីបញ្ចប់ក្រមប្រតិបត្តិសម្រាប់សមុទ្រដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េដែលមានជម្លោះ។ក្រមប្រតិបត្តិនេះ នឹងទុកចោលមួយឡែកនូវការខ្វែងគំនិតគ្នាអំពីអធិបតេយ្យភាពនិងបង្កើតវិធានការដើម្បីដោះស្រាយគ្រោះថ្នាក់ចៃដន្យរវាងនាវា ក៏ប៉ុន្តែ មិនមានប្រទេសណាមួយ ប្រាកដថាតើក្រមប្រតិបត្តិនេះ នឹងត្រូវឲ្យប្រតិបត្តិតាមឬតំបន់សមុទ្រណា នឹងត្រូវគ្របដណ្តប់។
ប្រទេសទាមទារទាំងអស់ឲ្យតម្លៃសមុទ្រចិនខាងត្បូងដោយសារការសម្បូរត្រី ផ្លូវនាវាចរណ៍និងរ៉ែនៅក្រោមបាតសមុទ្រ។ ចិន ជាប្រទេសមានកម្លាំងយោធាខ្លាំងជាងគេបង្អស់។
លោក Oh Ei Sun ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានការសិក្សាអន្តរជាតិរបស់សិង្ហបុរី និយាយថា ប្រធានអាស៊ាន កម្រធ្វើឲ្យមានការជឿនលឿនដល់វិធានការចម្រូងចម្រាសណាស់។ លោកបាននិយាយទៀតថា «ដោយមូលហេតុនេះហើយ ក្រមប្រតិបត្តិមិនបានសម្រេចប្រហែល១ទសវត្សរ៍ហើយ។
លោកងៀង ជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនៅឯសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្តក្នុងទីក្រុងហូជីមិញ បាននិយាយថា ក្នុងឋានៈជាប្រធានកាលពីឆ្នាំ២០១០ វៀតណាម បានដឹកនាំជំនួបរដ្ឋមន្រ្តីការពារប្រទេសអាស៊ានបូកលើកទី១ហើយ បានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលរួមសន្និសីទកំពូល អាស៊ីខាងកើតរបស់អាស៊ាន។ «បូក»សំដៅដល់ប្រទេសអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក។
ក្តីសង្ឃឹមធំរបស់ប្រទេសវៀតណាមដែលជាប្រធាននៅឆ្នាំនេះ ដើម្បីធ្វើឲ្យមានការជឿនលឿនក្នុងបញ្ហាសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ ប្រហែលជាការចូលរួមរបស់ខ្លួនបូកជាមួយសមាជិកក្នុងចំណោមក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច៤។ ក្រុមប្រទេសទាំងនោះ ហៅថា ៤ បូក បានធ្វើសន្និសីទ Teleconference ២ ដងក្នុងខែមិនាស្តីពីដំណោះស្រាយជំងឺកូវីដ១៩ និងផលប៉ះពាល់សេដ្ឋកិច្ចមកពីជំងឺនេះ។
ប្រទេសទាំងបួននោះគឺ អូស្រ្តាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ដែលតាមធម្មតាចាត់វិធានការដើម្បីរក្សាសមុទ្រចិនខាងត្បូងឲ្យបើកចំហរសម្រាប់អន្តរជាតិជាជាងអនុញ្ញាតឲ្យចិនរឹតបន្តឹងកណ្តាប់ដៃរបស់ខ្លួន។
ប្រែសម្រួលដោយ ជឹង ប៉ូជីន