យោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូងបានធ្វើដំណើរនៅថ្ងៃចន្ទនេះទៅជិតកោះ Scarborough Shoal ដែលជាកោះមានជម្លោះទាមទារកាន់កាប់ដោយប្រទេសចិន និងប្រទេសហ្វីលីពីន។
លោកមេបញ្ជាការ Clay Doss អ្នកនាំពាក្យនៃកងយោធា Seventh Fleet របស់សហរដ្ឋអាមេរិក បាននិយាយថា៖ «នាវា USS Preble បានធ្វើដំណើរនៅក្នុងរង្វង់ប្រហែល ២០ គីឡូម៉ែត្រនៃកោះ Scarborough Shoal ដើម្បីប្រជែងនឹងការទាមទារដែនសមុទ្រហួសកម្រិត និងដើម្បីរក្សាលទ្ធភាពនៅក្នុងការចូលទៅកាន់ដែនទឹកដែលគ្រប់គ្រងដោយច្បាប់អន្តរជាតិនេះ»។
ដោយថ្លែងនៅឯសន្និសីទមួយស្ដីពីសន្តិសុខអន្តរជាតិនៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃពុធសប្ដាហ៍មុន លោកឧត្ដមនាវីឯក John Richardson ដែលជាប្រធានប្រតិបត្តិការនៃទាហានជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សេរីភាពនៃការធ្វើនាវាចរណ៍ «ជាប្រចាំ» នឹងបន្តធ្វើដោយមានតម្លាភាព ភាពជាបន្ត និងការណ៍ដែលអាចទាយទុកមុនបាន៕