រដ្ឋសភាបានច្រានចោលការខំប្រឹងប្រែងរបស់បក្សសាធារណរដ្ឋដើម្បីផាកពិន័យប្រាក់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Merrick Garland ចំនួន១ម៉ឺនដុល្លារក្នុងមួយថ្ងៃរហូតទាល់តែលោកប្រគល់សំឡេងនៃការសម្ភាសន៍របស់លោកប្រធានាធិបតី Joe Biden នៅក្នុងរឿងក្តីឯកសារសម្ងាត់របស់លោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ពួកបក្សសាធារណរដ្ឋមួយចំនួនតូចបានប្រឆាំងការចាត់វិធានការខ្លាំងៗប្រឆាំងនឹងមន្ត្រីម្នាក់នៃគណៈរដ្ឋមន្ត្រីដែលកំពុងកាន់តំណែងជាផ្នែកមួយនៃការប្រយុទ្ធជាយូរយារមកហើយរវាងរដ្ឋសភាដែលមានសំឡេងភាគច្រើននិងរដ្ឋបាលបក្សប្រជាធិបតេយ្យ។
ទោះបី មានសេចក្តីសម្រេចបានអនុម័តក៏ដោយ វាមិនទាន់ច្បាស់ទេថាតើការផាកពិន័យនឹងត្រូវអនុវត្តយ៉ាងដូចម្តេចនៅពេលដែលជម្លោះអំពីខ្សែអាត់ថតសំឡេងនៃការសម្ភាសន៍របស់លោក Biden ជាមួយរដ្ឋអាជ្ញាពិសេសលោក Robert Hur ឥឡូវនេះកំពុងស្ថិតនៅក្នុងតុលាការ។
រដ្ឋសភាបានបោះឆ្នោតដោយ២០៤សំឡេងគាំទ្រទល់នឹង២១០សំឡេងប្រឆាំង ដោយមានបក្សសាធារណរដ្ឋ៤នាក់បានចូលរួមជាមួយបក្សប្រជាធិបតេយ្យទាំងអស់ដើម្បីទប់ស្កាត់សេចក្តីសម្រេចរបស់បក្សសាធារណរដ្ឋដែលនឹងផាកពិន័យ៕