បណ្តាញ VPN ជាសេវាកម្មរបស់បុគ្គលទី៣ដែលជួយឲ្យគេចផុតពីការស្ទាក់ចាប់ពីកម្មវិធី Great Firewall ដែលតំឡើងដោយរដ្ឋក្នុងគោលបំណងគ្រប់គ្រងទំនាក់ទំនងរវាងក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតចិននិងក្រុមហ៊ុននៅក្រៅប្រទេស ក៏ដូចជាដើម្បីហាមឃាត់មិនឲ្យប្រើប្រាស់គេហទំព័រនានាដូចជា គេហទំព័រ Google បណ្តាញសង្គម Twitter និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិជាច្រើន ដោយរួមទាំងគេហទំព័ររបស់ VOA ផងដែរ។
លោក Charlie Smith ដែលជាសហស្ថាបនិករបស់គេហទំព័រ Greatfire.org បានសរសេរនៅក្នុងអ៊ីមែលមួយមកកាន់ VOA ថា៖ «សេវាកម្មអ៊ីនធឺណិតក្នុងស្រុកមួយចំនួនត្រូវបានគេផ្តាច់ កម្មវិធីរបស់ VPN មួយចំនួនមិនមានដំណើរការទៀតទេ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកផ្តល់សេវាកម្ម VPN ផ្សេងៗទៀត»។
របាយការណ៍របស់ក្រុមអ្នកប្រឆាំងនឹងការរឹតត្បិតមួយដែលបានចេញផ្សាយពីមុនបានបង្ហាញថា ប្រទេសចិនបានបិទគេហទំព័រចំនួន១៣៥ ក្នុងចំណោមគេហទំព័រល្បីៗបំផុតទាំង១០០០នៅក្នុងពិភពលោក។
ការបង្ក្រាបក្រុមហ៊ុនផ្តល់សេវាកម្ម VPN
បន្ទាប់ពីមានការប្រកាសរបស់ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាកាលពីខែមករាក្នុងការបោសសម្អាតការប្រើប្រាស់កម្មវិធី VPN រួចមក មានសេចក្តីរាយការណ៍ថា អាជ្ញាធរបានតម្រូវឲ្យក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតចំនួន៣របស់ចិន រួមមានក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន China Telecom បិទបណ្តាញដែលអាជ្ញាធរបានហៅថាជាបណ្តាញ «ខុសច្បាប់» ឲ្យបានត្រឹមថ្ងៃទី១ ខែកុម្ភៈ។
ក្រុមហ៊ុន Guangzhou Huoyun Information Technology Ltd ដែលមានប្រតិបត្តិការនៅក្នុងទីក្រុងចំនួនប្រមាណ២០នៅទូទាំងប្រទេសចិន ក៏បានទទួលសេចក្តីបង្គាប់នេះពីក្រុមអាជ្ញាធរដើម្បីចាប់ផ្តើមបិទសេវាកម្មនេះដែរកាលពីពេលថ្មីៗនេះ។
ប៉ុន្តែកាលពីថ្ងៃទី១២ ខែកក្កដា ក្រសួងនេះបានបដិសេធថា ខ្លួនមិនបានចេញសេចក្តីជូនដំណឹងបែបនោះទេ ដោយបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេសថាបានផ្សព្វផ្សាយព័ត៌មានខុស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្រសួងនេះបានអះអាងជាថ្មីម្តងទៀតថា៖ «គោលដៅនៃបទបញ្ញត្តិថ្មីនេះគឺមានគោលដៅបង្រ្កាបសហគ្រាស និងបុគ្គលទាំងឡាយណាដែលមិនមានអាជ្ញាប័ណ្ណក្នុងការប្រើប្រាស់បណ្តាញ VPN។ សម្រាប់សហគ្រាសពាណិជ្ជកម្មបរទេសនិងក្រុមហ៊ុនអន្តរជាតិនានាដែលត្រូវការប្រើប្រាស់បណ្តាញឆ្លងប្រទេស ពួកគេអាចជួលបណ្តាញ VPN ពីអ្នកផ្តល់សេវាកម្មដែលស្របច្បាប់បាន»។
ផលប៉ះពាល់អវិជ្ជមាន
ទោះជាយ៉ាងណាក៏ដោយ វិធានការដ៏តឹងរ៉ឹងនេះបានធ្វើឲ្យមានការព្រួយបារម្ភនិងការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់អ៊ីនធឺណិតនិងជនបរទេសដែលរស់នៅក្នុងប្រទេសចិន ក៏ដូចជាពីសំណាក់អ្នកស្រាវជ្រាវនិងបញ្ញវន្តកំពូលៗរបស់ប្រទេសនេះ។ អ្នកខ្លះបាននិយាយថា ការងារនិងការប្រកួតប្រជែងរបស់ពួកគេនឹងរងផលប៉ះពាល់ជាអវិជ្ជមាន ប្រសិនបើពួកគេត្រូវបានគេកាត់ផ្តាច់ចេញពីពិភពលោកខាងក្រៅ។
ខណៈដែលអ្នកខ្លះចាត់ទុកថា ក្រុមហ៊ុនផ្តល់សេវាកម្ម VPN ដែលរដ្ឋាភិបាលចាត់ទុកថាស្របច្បាប់អាចទទួលយកបាន អ្នកប្រើប្រាស់ផ្សេងទៀតនិយាយថា ពួកគេប្រហែលជាមិនអាចរកក្រុមហ៊ុនផ្តល់សេវាកម្មណា ដែលគេចផុតពីកម្មវិធីស្ទាក់ចាប់របស់រដ្ឋាភិបាលនោះទេ។
លោក Michael Qiao ដែលជាអតីតសាស្ត្រាចារ្យសារព័ត៌មាននៅសាកលវិទ្យាល័យ Beijing Foreign Studies បាននិយាយថា លោកមិនអាចប្រើប្រាស់សេវា VPN ដោយឥតគិតថ្លៃនោះទេកាលពីមួយខែមុន ហើយសេវា VPN មួយក្នុងចំណោមសេវា VPN ពីរដែលលោកបានទិញក៏បានឈប់ដំណើរការដែរ។
លោក Qiao គិតថា ការរឹតបណ្តឹងនាពេលថ្មីៗនេះអាចនឹងមានអ្វីមួយពាក់ព័ន្ធនឹងការអនុម័តលើច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មអ៊ីនធឺណិតរបស់ចិនកាលពីខែមិថុនា ការចូលមើលជាច្រើនដងលើការបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់មហាសេដ្ឋី Guo Wengui និងសមាជបក្សលើកទី១៩នាពេលខាងមុខនេះ។
រដ្ឋបាលរបស់លោកប្រធានាធិបតី ស៊ី បានគាំទ្រជាយូរមកហើយលើទស្សនៈគ្រប់គ្រង«អធិបតេយ្យភាពលើបណ្តាញអ៊ីនធឺណិត» នៅក្នុងលំហឌីជីថលរបស់ចិន។
ជាទូទៅ លោក Qiao យល់ឃើញថា និន្នាការយូរអង្វែងរបស់រដ្ឋាភិបាលក្នុងការបំបិទសេរីភាពតាមអ៊ីនធឺណិត គឺជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន។
លោកបាននិយាយថា៖ «ការទទួលបានព័ត៌មាននិងទំនាក់ទំនងគឺជាសិទ្ធិមនុស្សមូលដ្ឋាន។ អ្នកស្រាវជ្រាវឬបញ្ញវន្តមួយចំនួនប្រហែលជាអាចអះអាងថា ការទទួលបានព័ត៌មានរបស់ពួកគេមិនគួរត្រូវបានរឹតត្បិតដូចមនុស្សធម្មតានោះទេ។ ការអះអាងបែបនេះគឺជាការរើសអើងមួយ។ វាមិនមែនជាការយល់ឃើញត្រឹមត្រូវនោះទេ»។
ល្បែងឆ្មាចាប់កណ្តុរ
លោក Qiao បានថ្លែងបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងប្រហែលជាមិនអាចឈ្នះនៅ ក្នុងល្បែងឆ្មាចាប់កណ្តុរនេះបានទេ ដូចដែលការរារាំងរបស់រដ្ឋាភិបាលលើបណ្តាញផ្កាយរណបឯកជនពីពេលមុនៗបានបង្ហាញស្រាប់។
ប៉ុន្តែលោក Smith សហស្ថាបនិករបស់គេហទំព័រ Greatfire.org មិនមានសុទិដ្ឋិនិយមនោះទេ។
លោកបាននិយាយថា៖ «នេះគឺជាល្បែងឆ្មាចាប់កណ្តុរ រហូតទាល់តែឆ្មាហត់ហើយសម្រេចចិត្តថាស៊ីកណ្តុរ។ ពេលនោះហើយដែលខ្ញុំអាចលឺសំឡេងកូរពោះចេញពីពោះដ៏ធំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង»។
លោក Qiao បាននិយាយថា ការហាមឃាត់ទាំងអស់មានគោលបំណងពង្រឹងការក្តោបក្តាប់អំណាចរបស់លោកប្រធានាធិបតី ស៊ី ខណៈដែលប្រទេសចិនកំពុងប្រឈមនឹងហានិភ័យក្នុងការបាត់បង់ធនធានមនុស្ស ដែលនឹងប៉ះពាល់ដល់គំនិតច្នៃប្រឌិតនិងការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិនិងបច្ចេកវិទ្យានាពេលអនាគត។
អង្គការ Freedom House ដែលជាអង្គការសិទ្ធិមនុស្សនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដែលមិនស្វែងរកប្រាក់កម្រៃនៅសហរដ្ឋអាមេរិក បានចាត់ទុកប្រទេសចិនជា «អ្នករំលោភបំពានលើសេរីភាពអ៊ីនធឺណិតដ៏អាក្រក់បំផុតរបស់ពិភពលោក»។
ការត្អូញត្អែរតាមបណ្តាញអ៊ីនធឺណិត
នៅពេលមានការប្តឹងផ្តល់អំពីការរំលោភបំពានរបស់រដ្ឋាភិបាលលើសេរីភាពអ៊ីនធឺណិត អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានប្រើប្រាស់បណ្តាញសង្គមដើម្បីស្វែងរកជំនួយ។
នៅលើបណ្តាញសង្គម Weibo ដែលជាបណ្តាញសង្គមមួយស្រដៀង Twitter ដែរនោះ អ្នកប្រើប្រាស់ម្នាក់បានស្វែងរកបណ្តាញ VPN ដែលអាចប្រើប្រាស់បាន ដោយសាររូបលោកមានបញ្ហាភ្ជាប់ជាមួយនឹងបណ្តាញ VPN ដែលលោកប្រើប្រាស់រាល់ដង។
អ្នកប្រើប្រាស់ម្នាក់បានឆ្លើយតបថា «ប្រសិនបើខ្ញុំប្រាប់អ្នកនៅទីនេះ បណ្តាញ VPN ទាំងនោះនឹងឈប់ដំណើរការក្នុងពេលឆាប់ៗនេះ»។ ចំណែកអ្នកប្រើប្រាស់ម្នាក់ទៀតនិយាយបែបកំប្លែងថា «តើអ្នកព្យាយាមធ្វើឲ្យបណ្តាញ VPN របស់យើងត្រូវបានគេហាមឃាត់ដែរឬ?»
អ្នកប្រើប្រាស់ផ្សេងទៀតបានប្រៀបធៀបការហាមឃាត់របស់ចិនទៅនឹងការហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី ដែលសភាប្រទេសនេះបានអនុម័តច្បាប់កាលពីពេលថ្មីៗនេះ ដោយដាក់ឲ្យនៅក្រៅច្បាប់នូវសេវាកម្ម VPN និងសេវាកម្មជំនួសផ្សេងៗទៀត ដោយលើកឡើងនូវក្តីបារម្ភអំពីការរីករាលដាលការផ្សព្វផ្សាយជ្រុលនិយមនានា។
អ្នកប្រើប្រាស់បណ្តាញសង្គម Weibo ម្នាក់បានសរសេរថា៖ «ប្រទេសចិនចូលរួមជាមួយនឹងបងធំរបស់ខ្លួន» ខណៈដែលអ្នកប្រើប្រាស់ម្នាក់ទៀតចំអកឲ្យថា៖ «ក្រៅពីរុស្ស៊ី សាកគិតដល់កូរ៉េខាងជើង អញ្ចឹង ខ្ញុំលែងពិបាកចិត្តខ្លាំងទៀតហើយ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ