ក្រុមសមាជិកខាងគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រអាមេរិក បានសន្យាចាត់វិធានការភ្លាមៗលើការស៊ើបអង្កេតពីការចោទប្រកាន់ដកតំណែងជាផ្លូវការលើប្រធានាធិបតីអាមេរិកលោក Donald Trump។ ប៉ុន្តែសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានប្រកែកវិញថា ការដាក់ចេញអនុស្សរណៈដោយសេតវិមានអំពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក Trump ជាមួយប្រធានាធិបតីអ៊ុយក្រែនគឺលោក Volodymyr Zelensky កាន់តែបង្ហាញពីគោលបំណងនយោបាយនានានៃការស៊ើបអង្កេតទាំងនេះ។
នៅពេលនេះ សមាជិកសភាភាគច្រើនគាំទ្រដំណើរការចោទប្រកាន់លើលោកប្រធានាធិបតី Donald Trump។
អ្នកស្រី Pramila Jayapal សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្លែងថា៖
«ខ្ញុំគិតថា ហេតុការណ៍ពិសេសនេះនាំយើងទៅដល់កម្រិតផ្សេងមួយទៀត ព្រោះវាកំពុងកើតឡើងជាក់ស្ដែងតែម្ដង។ ជនជាតិអាមេរិកាំងអាចមើលឃើញយ៉ាងច្បាស់នូវអ្វីដែលកំពុងកើតឡើង ហើយវាមិនមែនគ្រាន់តែជាមួយប្រទេសអ៊ុយក្រែននោះទេ។ ខ្ញុំចង់និយាយថា ខ្ញុំគិតថាប្រជាជនចាំបាច់ត្រូវយល់ថា បញ្ហានេះជារួមគឺជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសទាំងអស់ដែលយើងមានទំនាក់ទំនងជាមួយ»។
គណៈកម្មាធិការសភាប្រាំមួយរូប កំពុងធ្វើការស៊ើបអង្កេតមួយចំនួន ដែលពួកគេអាចបញ្ជូនរឿងក្ដីធំៗបំផុតទៅប្រធានគណៈកម្មាធិការនីតិកម្មគឺលោក Jerry Nadler ដែលបន្ទាប់មកលោកអាចសម្រេចស្នើឲ្យមានការបោះឆ្នោតលើបទចោទប្រកាន់ដកតំណែងប្រធានាធិបតីនៅសភា។
លោក Ro Khanna សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្លែងថា៖
«ពិតប្រាកដណាស់នៅដំណាច់ឆ្នាំនេះ។ ដូចដែលប្រធានសភាតំណាងរាស្ត្រអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យគឺអ្នកស្រី Nancy Pelosiបាននិយាយអញ្ចឹង ការស៊ើបអង្កេតនេះត្រូវតែមានភាពរហ័សរហួន។ ប្រទេសយើងចង់អោយយើងចាត់ការរឿងនេះ»។
ការប្រកាសរបស់ប្រធានសភាតំណាងរាស្ត្រ អ្នកស្រី Nancy Pelosi បានជំរុញឱ្យលោកប្រធានាធិបតី Donald Trump និយាយថាអ្នកស្រីវង្វេងវង្វាន់ហើយហើយ។
លោកប្រធានាធិបតី Donald Trump និយាយថា៖
«សម្រាប់ខ្ញុំ គួរឲ្យសោកស្ដាយណាស់ អ្នកស្រី Nancy Pelosi មិនមែនជាប្រធានសភាតំណាងរាស្ត្រអាមេរិកទៀតទេ»។
ការចេញផ្សាយសេចក្ដីសង្ខេបរបស់សេតវិមានអំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Zelensky បានបំបែកសភាសហរដ្ឋអាមេរិក តាមបន្ទាត់គំនិតគណបក្សនានាដែលគេធ្លាប់ដឹងកន្លងមកនោះ។
លោក Lindsey Graham សមាជិកសភាមកពីគណបក្សសាធារណរដ្ឋថ្លែងថា៖
«ប្រសិនបើអ្នកកំពុងស្វែងរកកាលៈទេសៈមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងគំរាមកំហែងប្រទេសអ៊ុយក្រែន ដោយកាត់ផ្ដាច់ជំនួយ បើអ៊ុយក្រែនមិនស៊ើបអង្កេតគូប្រជែងនយោបាយរបស់លោកនោះ អ្នកនឹងខកចិត្តយ៉ាងខ្លាំងមិនខាន។ ព្រោះរឿងនេះមិនបានកើតឡើងទេ។ ដូច្នេះតាមទស្សនៈរបស់ខ្ញុំ ការចោទប្រកាន់ដកតំណែងប្រធានាធិបតីណាក៏ដោយតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទបែបនេះ ជារឿងឆ្កួតមួយ»។
ប៉ុន្តែប្រធានគណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ចេតនាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទគឺច្បាស់ណាស់។
លោក Adam Schiff សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្លែងថា៖
«អ្វីដែលបានឆ្លុះបញ្ចាំងក្នុងសេចក្ដីសង្ខេបនោះ បង្ហាញឲ្យឃើញពីជាការដោះដូរនយោបាយបែបម៉ាហ្វីយ៉ានៃមេដឹកនាំបរទេសម្នាក់។ វាឆ្លុះបញ្ចាំងពីប្រធានាធិបតីអ៊ុយក្រែនដែលត្រូវការការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិកយ៉ាងខ្លាំងខ្លា ដើម្បីជួយប្រទេសអ៊ុយក្រែននៅក្នុងសង្គ្រាមដ៏ក្ដៅគគុកជាមួយប្រទេសរុស្ស៊ី»។
លោកប្រធានាធិបតី Trump នៅតែបន្តអះអាងថា កិច្ចសន្ទនារបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន គឺមិនមានការខុសឆ្គងអ្វីទាល់តែសោះ។ ហើយលោក Trump ក៏នៅតែបន្តអះអាងថា ការចោទប្រកាន់របស់លោក លើលោក Joe Biden និងកូនប្រុស Hunter Biden ពីបទអំពើពុករលួយនោះ ក៏មិនមានការខុសឆ្គងអ្វីដែរ បើទោះជារដ្ឋបាលរបស់លោកមិនទាន់មានភស្តុតាងអ្វីក៏ដោយ។
ស្របពេលនេះ នៅឯសភា ប្រធានសភាតំណាងរាស្ត្រ អ្នកស្រី Nancy Pelosi បាននិយាយថាសំណុំរឿងបទចោទប្រកាន់ដកតំណែងប្រធានាធិបតីនឹងបន្តដំណើរការទៅមុខ ដោយមានការស៊ើបអង្កេតលើការអះអាងទាំងឡាយនៅក្នុងពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញការសម្ងាត់នយោបាយនោះ។