សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានដំណើរការទៅមុខនូវការស៊ើបអង្កេតរបស់ពួកគេដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។ ពួកគេបានចេញដីកាឲ្យលោក Mike Pompeo ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trump និងជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ផ្ដល់នូវឯកសារមួយចំនួន ហើយពួកគេនឹងរៀបចំសវនាការមួយចំនួនក្នុងសប្ដាហ៍នេះជាមួយនឹងអតីតមន្ត្រីមួយចំនួនដែលពាក់ព័ន្ធនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសអ៊ុយក្រែន។
ថ្នាក់ដឹកនាំគណៈកម្មាធិការកិច្ចការបរទេស គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ និងគណៈកម្មាធិការត្រួតពិនិត្យកិច្ចការរដ្ឋាភិបាលរបស់រដ្ឋសភា បានទុកពេលឲ្យលោក Mike Pompeo រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីផ្ដល់ឯកសារមួយចំនួនពាក់ព័ន្ធនឹងការស៊ើបអង្កេតដែលបានធ្វើឡើង បន្ទាប់ពីអ្នកបញ្ចេញព័ត៌មានម្នាក់បានប្ដឹងដោយបង្ហាញការព្រួយបារម្ភថា លោក Trump «បានប្រើអំណាចនៃការដឹកនាំរបស់លោកដើម្បីស្នើឲ្យមានការជ្រៀតជ្រែកពីប្រទេសមួយនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ខាងមុខនេះ»។
លោក Eliot Engel លោក Adam Schiff និងលោក Elijah Cummings ដែលជាមេដឹកនាំនៃគណៈកម្មាធិការខាងលើនេះ ក៏បានចេញដីកាមួយផងដែរកាលពីថ្ងៃចន្ទម្សិលមិញឲ្យលោក Rudy Guiliani ដែលជាមេធាវីរបស់លោក Trump ឲ្យផ្ដល់នូវឯកសារមួយចំនួននៅត្រឹមថ្ងៃទី ១៥ ខែតុលាខាងមុខនេះ។
សមាជិករដ្ឋសភាទាំងនេះបានសរសេរដូច្នេះថា៖ «ព័ត៌មានសាធារណៈកាន់តែច្រើននានា ដែលក្នុងនោះមានទាំងការលើកឡើងផ្ទាល់ខ្លួនរបស់អ្នកផងដែរ បានបង្ហាញថា លោកប្រធានាធិបតី រួមទាំងរូបអ្នក និងអ្នកដទៃទៀត មើលទៅបានជំរុញរដ្ឋាភិបាលអ៊ុយក្រែនឲ្យធ្វើការស៊ើបអង្កេតពីរករណីដែលមានលក្ខណៈនយោបាយ។ ករណីទីមួយគឺការកាត់ទោសជនជាតិអ៊ុយក្រែនដែលផ្ដល់ភស្តុតាងប្រឆាំងនឹងប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump គឺលោក Paul Manafort ដែលត្រូវបានតុលាការផ្ដន្ទាទោស។ ករណីទីពីរទាក់ទងទៅនឹងអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joseph R. Biden Jr. ដែលជាគូប្រជែងជាមួយនឹងលោកប្រធានាធិបតី Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២០ ខាងមុខ»។
អ្នកលួចបញ្ចេញព័ត៌មានដែលឈានទៅដល់ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Trump ពីតំណែងនេះ បានចោទប្រកាន់ថា លោក Trump ចង់ឲ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជួយជជីករកព័ត៌មានពាក់ព័ន្ធនឹងបទឧក្រិដ្ឋអំពីលោក Biden និងកូនប្រុសរបស់លោក Biden គឺលោក Hunter Biden ដែលអាចធ្វើឲ្យប៉ះពាល់ដល់ក្ដីរំពឹងរបស់លោក Biden នៅក្នុងការទទួលបានការតែងតាំងពីគណបក្សប្រជាធិបតេយ្យជាបេក្ខជនប្រធានាធិបតី និងនៅក្នុងការប្រជែងជាមួយនឹងលោក Trump នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ៕