ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងអ្នកនាង Hope Hicks ជាប្រធានផ្នែកទំនាក់ទំនងអចិន្ត្រៃយ៍នៅសេតវិមាន។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសេតវិមានម្នាក់។
អ្នកនាង Hicks បានកាន់តំណែងនេះជាបណ្តោះអាសន្ន បន្ទាប់ពីលោក Anthony Scaramucci ត្រូវបានដកចេញពីតំណែងនេះកាលពីខែកក្កដា ក្រោយកាន់តំណែងបានត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ។
អ្នកនាង Hicks បានកាន់តួនាទីជាមន្ត្រីទទួលបន្ទុកខាងសារព័ត៌មាននៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ហើយចាប់តាំងពីពេលនោះមក បានបម្រើការជាជំនួយការរបស់ប្រធានាធិបតី។
កាលពីមុន អ្នកនាង Hicks បម្រើការឲ្យក្រុមហ៊ុនត្រកូល ត្រាំ ដែលមានឈ្មោះថា Trump Organization ដោយរួមទាំងក្រុមហ៊ុនសម្លៀកបំពាក់របស់លោកស្រី Ivanka Trump ដែលជាកូនស្រីរបស់លោកប្រធានាធិបតី ត្រាំ ផងដែរ។
ក្នុងវ័យ២៨ឆ្នាំ អ្នកនាង Hicks បានឲ្យលោក Robert Trout អតីតមេធាវីក្រសួងយុត្តិធម៌ តំណាងឲ្យអ្នកនាងនៅក្នុងការស៊ើបអង្កេតរបស់លោក Robert Mueller ដែលជារដ្ឋអាជ្ញាពិសេសម្នាក់ ដែលស៊ើបអង្កេតទៅលើករណីឃុបឃិតគ្នារវាងជំនួយការរបស់លោកប្រធានាធិបតី ត្រាំ និងរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។
នៅក្នុងដំណើរការស៊ើបអង្កេតរបស់លោក Mueller លោកមានបំណងចង់សម្ភាសន៍អ្នកនាង Hicks និងបុគ្គលចំនួន៥នាក់ទៀត៕