ពលរដ្ឋទីក្រុងហុងកុង លើកឡើងថាបរិយាកាសនៃការភ័យខ្លាច កំពុងគ្របដណ្តប់ក្នុងក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ចាប់តាំងពីប្រទេសចិនបានដាក់ឱ្យអនុវត្តនូវច្បាប់សន្តិសុខជាតិថ្មីមួយដើម្បីបង្ក្រាបក្រុមអ្នកប្រឆាំងតវ៉ា។ សកម្មជនលើកឡើងថា ទោះបីជាមានការបារម្ភថ្មីៗនៃការរឹតបន្តឹងសេរីភាពមួយចំនួនក្តី ពួកគេនឹងបន្តការតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យ។
ច្បាប់សន្តិសុខថ្មីដែលអនុម័តដោយសភាប្រទេសចិនកាលពីថ្ងៃទី៣០ ខែមិថុនា ហើយត្រូវបានដាក់ឱ្យអនុវត្តក្នុងទីក្រុងហុងកុងនៅថ្ងៃទី១ ខែកក្កដានោះ ដាក់ទណ្ឌកម្មដល់ការបំបែកខ្លួន ការធ្វើវិទ្ធង្សនា ភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេស ដោយអាចត្រូវជាប់ពន្ធនាគារអស់មួយជីវិត។
ចាប់តាំងពីច្បាប់នោះត្រូវបានដាក់ឱ្យអនុវត្តមក បដា និងរូបភាពដែលអំពាវនាវឱ្យមានឯករាជ្យ ឬដែលរិះគន់រដ្ឋាភិបាលលែងឃើញមានទៀតហើយនៅតាមដងផ្លូវក្នុងទីក្រុងហុងកុង។ រដ្ឋាភិបាលចិនអះអាងថា ពាក្យស្លោកនៃការតវ៉ានោះដែលមានន័យថា «រំដោះទីក្រុងហុងកុង បដិវត្តន៍នៃសម័យយើង» គឺជាការខុសច្បាប់នៅក្រោមច្បាប់ថ្មី ដោយចោទថាទង្វើនេះ ជាការគាំទ្រឱ្យមានឯករាជ្យ ការបំបែករដ្ឋ និងការធ្វើវិទ្ធង្សនាជាដើម។
សៀវភៅដែលសរសេរដោយអ្នកប្រឆាំងត្រូវបានគេប្រមូលយកចេញពីបណ្ណាគារនានា ស្របពេលដែលអាជ្ញាធរអប់រំបានអង្វរសាលារៀនឱ្យប្រមូលចោលសៀវភៅណាដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ចិន។ មនុស្សចំនួន១០នាក់ត្រូវបានចាប់ខ្លួនពីបទប៉ះពាល់ដល់សន្តិសុខជាតិ នៅក្នុងការតវ៉ាមួយចំថ្ងៃដែលច្បាប់នោះត្រូវបានប្រកាសឱ្យប្រើ ដោយចោទប្រកាន់ថា ពួកគេបានប្រើប្រាស់សម្ភារៈធ្វើបាតុកម្ម ដែលត្រូវបានចាត់ទុកថាជាការបំបែករដ្ឋ និងធ្វើវិទ្ធង្សនាជាដើម។
ទីភ្នាក់ងារសន្តិសុខជាតិ នាពេលនេះអាចធ្វើសកម្មភាពដោយបើកចំហនៅក្នុងទីក្រុង ដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់ប្រទេសអង់គ្លេសមួយនេះ។ សណ្ឋាគារមួយកន្លែងត្រូវបានគេប្រើប្រាស់ធ្វើជាទីបញ្ជាការនៃសន្តិសុខជាតិថ្មីមួយកាលពីពេលថ្មីនេះ។ ទន្ទឹមនេះដែរ ច្បាប់ថ្មីនេះបានផ្តល់អំណាចដល់ប៉ូលិស ក្នុងការឆែកឆេរដោយមិនចាំបាច់មានដីកាពីតុលាការនោះទេ ហើយអាចហាមឃាត់នូវទង្វើផ្សេងៗរបស់ក្រុមដែលគេសង្ស័យ និងបង្កកទ្រព្យសម្បត្តិរបស់គេ និងតាមដានការទាក់ទងគ្នាដែលប៉ះពាល់ដល់ករណីនៃសន្តិសុខជាតិផងដែរ។
ហាងទំនិញ និងភោជនីយដ្ឋានមួយចំនួន ដែលគាំទ្រការប្រឆាំងតវ៉ារដ្ឋាភិបាល បានរុះរើ និងទម្លាក់ចោលរូបភាព និងប័ណ្ណផ្សព្វផ្សាយនានា ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយសារតែពួកគេភ័យខ្លាចនឹងការរំលោភច្បាប់ថ្មី ក្រោយពីមានការព្រមានពីក្រុមប៉ូលិសរួចមក។ ក្រុមអ្នកនយោបាយវ័យក្មេងនានាបានបញ្ចប់សកម្មរបស់ខ្លួន ជាច្រើនម៉ោងមុនពេលច្បាប់ថ្មីនេះ ត្រូវបានដាក់ឱ្យអនុវត្ត។ ស្ថាបនិកម្នាក់នៃក្រុមយុវជនវ័យក្មេង លោក Nathan Law បានរត់គេចខ្លួនចេញពីទីក្រុង បន្ទាប់ពីលោកបានចូលរួមឆ្លើយបំភ្លឺទាក់ទងនឹងច្បាប់ថ្មី នៅមុខគណៈកម្មការកិច្ចការបរទេសរបស់សភាអាមេរិកកាលពីថ្ងៃទី១ ខែកក្កដា គឺចំថ្ងៃដែលច្បាប់នោះចូលជាធរមាន។
ដោយទទួលស្គាល់ថា ឥឡូវនេះពួកគេត្រូវសម្របសម្រួលនូវយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យដោយការប្រុងប្រយ័ត្នក្នុងកម្រិតមួយនោះ សកម្មជននយោបាយបាននិយាយថា ពួកគេនៅតែប្តេជ្ញាចិត្តបន្តបេសកកម្មរបស់គេ បើទោះបីជាពួកគេត្រូវប្រឈមមុខនឹងលទ្ធភាពនៃការជាប់ពន្ធនាគារយ៉ាងណាក៏ដោយ។
សកម្មជនជើងចាស់ និងជាមេធាវីលោក Albert Ho និយាយថា «យើងនឹងវាយតម្លៃពីការប្រឈមទាំងនោះ តែយើងត្រូវតែនិយាយទៅតាមមនសិការរបស់យើង»។
«ប្រជាធិបតេយ្យកើតឡើងជាមួយនឹងការលះបង់មួយ» នេះជាសម្តីរបស់អតីតប្រធានគណបក្សប្រជាធិបតេយ្យ និងជាអនុប្រធានក្រុមសម្ព័ន្ធហុងកុងក្នុងការគាំទ្រចលនាប្រជាធិបតេយ្យស្នេហាជាតិនៃប្រទេសចិន ដែលបានរៀបចំពិធីភ្លើងទៀនដើម្បីរំឭកដល់ការបង្រ្កាបរបស់អាជ្ញាធរចិនទៅលើក្រុមអ្នកតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យលើទីលាន Tiananmen ក្នុងឆ្នាំ១៩៨៩ អស់រយៈពេល៣០ឆ្នាំ រហូតដល់ពេលត្រូវបានហាមប្រាមក្នុងឆ្នាំនេះដោយសារតែជំងឺកូវីដ១៩នោះ។
លោក និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យសំខាន់ៗ១៤រូបផ្សេងទៀត ក្នុងក្រុងហុងកុង ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទជួបប្រជុំខុសច្បាប់មួយកាលពីចុងខែមេសា។ នៅក្រោមច្បាប់ថ្មី លោក និងសកម្មជនដទៃទៀត អាចប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធសន្តិសុខជាតិ «ដែលញុះញង់ឱ្យមានការស្អប់» ដល់រដ្ឋាភិបាលក្រុងហុងកុង និងរដ្ឋាភិបាលក្រុងប៉េកាំងតាមរយៈពាក្យស្លោកដូចជា «បញ្ចប់ភាពផ្តាច់ការនៃរបបឯកបក្ស» និង «ទទួលខុសត្រូវដល់ការសម្លាប់រង្គាលលើទីលាន Tiananmen» ជាដើម។
លោកមេធាវី Albert Ho បន្តក្នុងសម្តីដើមថា «ខ្ញុំអាចត្រូវបានគេចាប់ដាក់ពន្ធនាគារ ហើយគេអាចផ្អាកសកម្មភាពផ្តល់សេវាច្បាប់របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនអាចឈប់ធ្វើរឿងនឹងបាននោះទេ។ យើងមានសំណាងណាស់កាលពីអតីតកាល ព្រោះហានិភ័យរបស់យើងមានលក្ខណៈតូចតាច។ ការតស៊ូមានអត្ថន័យកាន់តែខ្លាំងក្នុងពេលនេះ ដែលយើងត្រូវតែប្រយុទ្ធក្រោមការគាបសង្កត់មួយ។
អ្នកជំនាញច្បាប់បានរិះគន់ច្បាប់សន្តិសុខជាតិដែលបានអនុម័តដោយសភាប្រទេសចិន ដោយលើកឡើងថា ច្បាប់នេះមានន័យទូលាយ និងមានភាពមិនច្បាស់លាស់ក្នុងការកំណត់និយមន័យនៃបទឧក្រិដ្ឋនៅពេលដែលក្រុងហុងកុងធ្លាប់តែប្រើប្រាស់ច្បាប់ជាធម្មតាទូទៅ។ មន្ត្រីចិនម្នាក់និយាយកាលពីសប្តាហ៍មុនថា ច្បាប់នេះមានគោលបំណងអនុវត្តចំពោះអ្នកដែលធ្វើឱ្យមានបញ្ហាភ័យខ្លួន។
អ្នកស្រី Lawrence Lau មេធាវីការពារក្តីករណីដំបូងនៃការរំលោភច្បាប់សន្តិសុខជាតិក្នុងតុលាការក្រុងហុងកុងថា «ច្បាប់នេះខ្វះហេតុផល ខ្វះភាពច្បាស់លាស់ និងភាពត្រឹមត្រូវ។ នៅពេលដែលពលរដ្ឋមិនប្រាកដថា ពេលណាខ្លួនបានរំលោភច្បាប់នោះ ពួកគេនឹងព្យាយាមមើលមុខមើលក្រោយមុននឹងធ្វើសកម្មភាពអ្វីមួយ»។
អ្នកស្រីចូលនិវត្តន៍ម្នាក់អាយុ៦០ឆ្នាំ ដែលនិយាយសុំមិនបញ្ចេញឈ្មោះ ដោយការភ័យខ្លាចក្រោមច្បាប់ថ្មីនេះថា អ្នកស្រីមានការភ័យខ្លាចខ្លាំងឥឡូវនេះ ក្នុងការចូលរួមជាមួយការប្រឆាំងតវ៉ា។ ក្រុងហុងកុងលែងជាសង្គមធម្មតាដូចមុនទៀតហើយ»។
អ្នកស្រីបន្តដោយយោងទៅលើរជ្ជកាលអធិរាជស្តេច Qin ដែលបានគ្រប់គ្រងប្រទេសចិនមុនគ្រិស្តករាជ ២២១ និង២១០ថា «ឥឡូវនេះប្រៀបដូចសម័យកាលដែលយើងត្រូវដុតសៀវភៅ និងជីកកប់បញ្ញវ័ន្ត ឬយ៉ាងណា។ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយអ្វីដែលយើងនិយាយនិងធ្វើ»។
ទោះបីជាយ៉ាងណាក្តី ពលរដ្ឋហុងកុងនៅតែបង្ហាញពីការប្រឆាំងរបស់ខ្លួន។
ពលរដ្ឋហុងកុងប្រមាណ៦សែននាក់ បានចូលរួមក្នុងការបោះឆ្នោតបឋមមិនផ្លូវការមួយសម្រាប់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីចុងសប្តាហ៍មុន ដោយសង្ឃឹមថាខ្លួនអាចមានសំឡេងភាគច្រើនក្នុងអង្គនីតិបញ្ញត្តិ ក្នុងការបោះឆ្នោតក្នុងខែកញ្ញាខាងមុខនេះ។ ប្រទេសចិនកាលពីថ្ងៃចន្ទ បានប្រកាសថាការបោះឆ្នោតបឋមនោះ មិនស្របច្បាប់ ហើយប្រធានប្រតិបត្តិទីក្រុងហុងកុងអ្នកស្រី Carrie Lam បានព្រមានថាពួកគេ «អាចធ្លាក់ចូលក្នុងប្រភេទនៃការធ្វើវិទ្ធង្សនាអំណាចរដ្ឋ»។ មន្រ្តីមួយចំនួនក៏បាននិយាយផងដែរពីបេក្ខជន ដែលប្រឆាំងនឹងច្បាប់ថ្មីនេះ ថា អាចមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការបោះឆ្នោត។
សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យលោក Roy Kwong និយាយថា ទោះបីជាមានភាពមិនធម្មតាយ៉ាងណាក្តី ពលរដ្ឋហុងកុងនៅតែប្រើប្រាស់សកម្មភាព ក្នុងការបង្ហាញពីគោលបំណងប្រជាធិបតេយ្យរបស់គេ។
លោក Kwong និយាយថា «គ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងក្នុងពេលអនាគតនោះទេ។ អ្វីដែលយើងអាចធ្វើ គឺការបង្ហាញពីកម្លាំងរបស់យើងនាពេលបច្ចុប្បន្ន។ ដំបូងយើងត្រូវការពារ និងរក្សាខ្លួនយើងសិន ប៉ុន្តែយើងក៏មិនត្រូវបារម្ភខ្លាំងហួសហេតុពេកនោះទេ។ យើងនឹងដោះស្រាយរឿងរ៉ាវនៅពេលដែលរឿងរ៉ាវកើតមានឡើង។ ខ្ញុំជឿជាក់ថាពលរដ្ឋហុងកុងនឹងដោះស្រាយរឿងរ៉ាវទាំងឡាយដែលកើតមានឡើងដោយប្រាជ្ញាវៀងវៃរបស់ខ្លួន។
លោក Andy Chui ក្រុមប្រឹក្សាស្រុកដែលជាបេក្ខជនក្នុងការបោះឆ្នោតបឋមនិយាយថា «យើងចាំបាច់ត្រូវឆ្លុះបញ្ជាំងនូវទស្សនៈសាធារណជន ហើយយើងមិនត្រូវបានគេបំបិតសំឡេងនោះទេ»។
លោកបន្តថា «ខ្ញុំចង់ឱ្យក្រុងហុងកុង នៅតែជាទីក្រុងហុងកុងរបស់យើងដដែល»។
ប្រែសម្រួលដោយ ជ្រា វណ្ណារិទ្ធ