នៅពេលពិនិត្យឲ្យដិតដល់ ការខូចខាតពីការបាក់ទំនប់វារីអគ្គិសនី Kakhovka នៅអ៊ុយក្រែន ហាក់ ដូច ជា មានសភាពអាក្រក់ជាងអ្វីដែលត្រូវបានបង្ហាញឡើងនៅក្នុងសេចក្តីរាយការណ៍ព័ត៌មាន និងខុសឆ្ងាយពីរូបភាពពីផ្កាយរណប។ នេះបើយោងតាមមន្រ្តីអង្គការសហប្រជាជាតិ ដែលបានវាយតម្លៃស្ថានភាពនៅតំបន់នោះកាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា។
អ្នកស្រី Denise Brown ដែលជាមន្រ្តីអ.ស.បមួយរូបដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មានតាមរយៈផ្កាយរណបពីក្រុង Bilozerka ស្ថិតតាមបណ្តោយច្រាំងទន្លេ Dnipro ភាគខាងលិច បាននិយាយថា៖ «យើងបានទៅជាមួយនឹងអាជ្ញាធរដើម្បីពិនិត្យមើលសហគមន៍និងភូមិតូចៗតាមបណ្ដោយទន្លេ ដែលបានលិចលង់ទាំងស្រុង »។
អ្នកស្រី Brown ដែលជាមន្រ្តីសម្របសម្រួលផ្នែកមនុស្សធម៌នៅអ៊ុយក្រែនប្រចាំការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៃអ.ស.ប បានបន្តថា៖ «ស្ថានភាពគឺធ្ងន់ធ្ងរ»។
«នេះជាក្រុងមួយដែលស្ថិតនៅចម្ងាយប្រាំគីឡូម៉ែត្រពីសមរភូមិមុខ។ ការវាយប្រហារប្រចាំថ្ងៃ រួមមានទាំងពេលម្សិលមិញ និងពេលនេះ ដោយសារតែការបំផ្លាញស្ពាន ដែលជាលទ្ធផលនៃសង្រ្គាម ហើយឥឡូវនេះមានការជន់លិច ដែលកើតឡើងទាំងកណ្តាលយប់។ វាបានកើតឡើងយ៉ាងឆាប់រហ័ស ហើយពលរដ្ឋបានភ្ញាក់ផ្អើលយ៉ាងខ្លាំង»។
អ្នកស្រីបានលើកឡើងទៀតថា៖ «យើងបានទៅពិនិត្យមើលផ្ទះមួយចំនួនរបស់ពលរដ្ឋ ដែលអ្នកដឹងហើយថា ពួកគេជួបទុក្ខដោយសារគ្រោះមហន្តរាយចុងក្រោយបង្អស់នេះ ដែលបានកើតមានមកលើពួកគេ។ ប៉ុន្តែខ្ញុំអាចនិយាយថា ពួកគេមានគោលជំហររឹងមាំនិងប្តេជ្ញាបន្តស្នាក់នៅផ្ទះរបស់ពួកគេ»។
អាជ្ញាធរអ៊ុយក្រែនរាយការណ៍កាលពីសប្តាហ៍មុនថា ផ្ទះនិងភូមិយ៉ាងហោចណាស់ចំនួន ៨០ នៅតំបន់ Kherson បានរងការជន់លិចទាំងស្រុង ឬដោយផ្នែក ក៏ដូចជា ដីកសិកម្មចំនួនរាប់ពាន់ហិចតាទៀត ខណៈពលរដ្ឋប្រមាណ ១៧.០០០នាក់នៅតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានរងការប៉ះពាល់ដោយសារទឹកជំនន់។
អ្នកស្រី Shabia Mantoo អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនអ.ស.ប បានកត់សម្គាល់ថា៖ «មនុស្សរាប់ពាន់នាក់ទៀតនៅក្នុងតំបន់ក្រោមការគ្រប់គ្រងបណ្តោះអាសន្នដោយយោធារុស្ស៊ី ដែលអង្គការមនុស្សធម៌ផ្តល់ជំនួយមិនអាចទៅដល់ ក៏រងផលប៉ះពាល់ផងដែរ»។
ការិយាល័យឧត្តមស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរាយការណ៍ថា ខ្លួនបានស្នើម្តងហើយម្តងទៀតទៅកាន់សហព័ន្ធរុស្ស៊ីចំពោះការអនុញ្ញាតឲ្យចូលទៅកាន់ទឹកដីដែលរុស្ស៊ីគ្រប់គ្រង។
លោក Jeremy Laurence អ្នកនាំពាក្យការិយាល័យខាងលើបានថ្លែងថា៖ «សហព័ន្ធរុស្ស៊ីបានបដិសេធសំណើសុំចូលរបស់យើង។ ហើយមិនត្រឹមតែមន្រ្តីត្រួតពិនិត្យរបស់ការិយាល័យ OHCHR ប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលិកផ្តល់ជំនួយមនុស្សធម៌ដទៃទៀតក៏មានអាចចូលទៅកាន់ទឹកដីដែលរុស្ស៊ីកាន់កាប់បានផងដែរ»។
លោកបានបន្ថែមថា៖ «យើងសូមលើកឡើងសាជាថ្មីពីការអំពាវនាវរបស់អ.ស.បទៅកាន់សហព័ន្ធរុស្ស៊ីឲ្យអនុញ្ញាតឲ្យមានការចូលទៅកាន់ទឹកដីដែលរុស្ស៊ីកាន់កាប់ ដើម្បីជួយទៅដល់បុគ្គលិកផ្តល់ជំនួយផ្នែកសុខាភិបាល ដែលបានរងគ្រោះពីគ្រោះមហន្តរាយបង្កឡើងដោយការបំផ្លាញទំនប់វារីអគ្គិសនី Khakhoka»។
ទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌នានារាយការណ៍ថា អាជ្ញាធរអ៊ុយក្រែន កាកបាទក្រហមអន្តរជាតិ ក៏ដូចជា អ.ស.ប និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀត បានធ្វើការឆ្លើយតបភ្លាមៗ បន្ទាប់ពីមានការបាក់ទំនប់វារីអគ្គិសនីកាលពីថ្ងៃទី៦ ខែមិថុនា តាមរយៈការនាំយកជំនួយសង្រ្គោះ និងការជួយដល់ជនរងគ្រោះដែលជាប់ក្នុងគ្រោះមហន្តរាយ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា