ប៉ូលិសសន្តិសុខជាតិហុងកុងរាប់រយនាក់បានឆ្មក់ចូលការិយាល័យប្រព័ន្ធផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យតាមអ៊ីនធឺណេតឈ្មោះ Stand News នៅថ្ងៃពុធនេះហើយបានចាប់ខ្លួនមនុស្ស៦នាក់រួមទាំងបុគ្គលិកជាន់ខ្ពស់ផងដែរដោយចោទប្រកាន់ពីបទ«សមគំនិតក្នុងការចុះផ្សាយដែលបំផុសគំនិតប្រឆាំង»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
បណ្តាញព័ត៌មាន Stand News ដែលបង្កើតឡើងក្នុងឆ្នាំ២០១៤ ជាអង្គការមិនរកកម្រៃគឺជាបណ្តាញផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យដែលនៅសល់ហើយដ៏លេចធ្លោបំផុតនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីការស៊ើបអង្កេតសន្តិសុខជាតិកាលពីដើមឆ្នាំនេះបានបិទកាសែត Apple Daily របស់មហាសេដ្ឋី Jimmy Lai ដែលកំពុងជាប់ពន្ធនាគារ។
ការបន្តវាយឆ្មក់ឆែកឆេនេះបង្កើនការព្រួយបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិនិងប្រព័ន្ធផ្សព្វ ផ្សាយនៅក្រុងហុងកុងដែលជាអតីតអាណានិគមរបស់អង់គ្លេសដែលត្រូវបានប្រគល់ឱ្យចិនគ្រប់គ្រងវិញកាលពីឆ្នាំ១៩៩៧ដោយមានការសន្យាជាច្រើនអំពីការការពារសិទ្ធិបុគ្គល។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងឆែកឆេរដោយមានដីការ«ឆែកនិងរឹបអូសសម្ភារៈសារព័ត៌មានដែលពាក់ព័ន្ធ»។ សេចក្តីថ្លែងការណ៍បាននិយាយថា «មន្រ្តីប៉ូលិសស្លៀកពាក់ឯកសណ្ឋាននិងស្លៀកពាក់ស៊ីវិញ២០០នាក់ត្រូវបានដាក់ពង្រាយក្នុងអំឡុងពេលប្រតិបត្តិការ។ ប្រតិបត្តិការឆែកឆេរកំពុងដំណើរការ»។
ទីភ្នាក់ងារព័ត៌មាន Reuters បានព្យាយាមទាក់ទងបុគ្គលិកជាន់ខ្ពស់របស់ Stand News ដើម្បីសុំការអត្ថាធិប្បាយតែមិនអាចទាក់ទងបានទេ។
ការបំផុសគំនិតមិនស្ថិតក្នុងចំណោមបទល្មើសដែលមានចែងក្នុងច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយដែលរដ្ឋាភិបាលក្រុងប៉េកាំងដាក់ឱ្យប្រើប្រាស់នៅក្រុងហុងកុងកាលពីខែមិថុនាឆ្នាំ២០២០ដែលកំណត់ទោសជាក់ពន្ធនាគារមួយជីវិតសម្រាប់អំពើភេរវកម្ម ការឃុបឃិតជាមួយកងកម្លាំងបរទេស វិទ្ធង្សនានិងអបគមន៍នោះទេ។
អាជ្ញាធរនិយាយថា ច្បាប់សន្តិសុខជាតិ បានស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីមានការ ចលាចលគាំទ្រលទ្ធិប្រជាធិបតេយ្យដែលមានអំពើហិង្សាជាញឹកញាប់ក្នុងឆ្នាំ២០១៩ ហើយថា ច្បាប់នេះមិនរារាំងសិទ្ធិនិងសេរីភាពនោះទេ។ ក្រុមអ្នករិះគន់និយាយថាច្បាប់នេះគឺជាឧបករណ៍លុបបំបាត់ការប្រឆាំងនិងធ្វើឱ្យហុងកុងនៅក្រោមអំពើផ្តាច់ការ៕