ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​ហុងកុង​មាន​គម្រោង​ដាក់​បម្រាម​លើ​គណបក្ស​នយោបាយ​ដែល​គាំទ្រ​ដល់​ឯករាជ្យភាព​របស់​ទីក្រុង​ហុងកុង


បាតុករ​ម្នាក់​លើក​ឆ័ត្រ​ពណ៌​លឿង​ នៅ​ពេល​ដែល​បាតុករ​រាប់​ពាន់​នាក់​ដើរ​ក្បួន​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។
បាតុករ​ម្នាក់​លើក​ឆ័ត្រ​ពណ៌​លឿង​ នៅ​ពេល​ដែល​បាតុករ​រាប់​ពាន់​នាក់​ដើរ​ក្បួន​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។

ក្រុម​អាជ្ញាធរ​ក្នុង​ទីក្រុង​ហុងកុង​បាន​ចាប់ផ្តើម​ចាត់​វិធានការ​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក​ទៅ​លើ​គណបក្ស​នយោបាយ​ដែល​ទាមទារ​ឯករាជ្យភាព​របស់​ដែនដី​ហុងកុង​ពី​ប្រទេស​ចិន។ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ និង​សុវត្ថិភាព​សាធារណៈ​ លោក John Lee​ បាន​ប្រកាស​នៅថ្ងៃអង្គារ​នេះ​ថា​ លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក Andy Chan ស្ថាបនិក​របស់​គណបក្ស​ជាតិ​ហុងកុង Hong Kong National Party ដោយ​ទុក​ពេល​ឲ្យ​លោក២១ថ្ងៃ​ដើម្បី​ឲ្យ​លោក​ធ្វើ​ការ​បកស្រាយពី​មូលហេតុ​ដែល​មិន​គួរ​ត្រូវ​ដាក់​បម្រាម​ទៅ​លើ​ក្រុម​នេះ។

លោក Lee បាន​ថ្លែង​ថា​លោក​កំពុង​ពិចារណា​ដាក់​បម្រាម​ទៅ​លើ​ក្រុម​ណា​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខជាតិ​និង​សុវត្ថិភាព​សាធារណៈ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការចោទប្រកាន់​ជាក់លាក់​ណាមួយ​ប្រឆាំង​នឹង​ក្រុម​នេះ​នោះ​ទេ។ នៅ​ក្រោម​ច្បាប់​ហុងកុង​សន្តិសុខជាតិ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ការពារ​បូរណភាព​ទឹកដី​ និង​ឯករាជ្យភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោក Lee បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ថា «នៅក្នុង​ទីក្រុង​ហុងកុង​យើង​មាន​សេរីភាព​ក្នុង​ការជួបជុំ​ ប៉ុន្តែ​សិទ្ធិ​នេះ​ឥឡូវ​គ្មាន​ដែន​កំណត់​ទេ»។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​រដ្ឋាភិបាល​ហុងកុង​មាន​គម្រោង​ដាក់​បម្រាម​ទៅ​លើ​គណបក្ស​នយោបាយ​ចាប់តាំង​ពី​ចក្រភព​អង់គ្លេស​បាន​ប្រគល់​អធិបតេយ្យភាព​ឲ្យ​ទៅ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​វិញ​កាល​ពី​ឆ្នាំ១៩៩៧។

គណបក្ស​ជាតិហុងកុង​ដែល​គាំទ្រ​ឯករាជ្យភាព​របស់​ទីក្រុង​ហុងកុង​បាន​កើតឡើង​ពី​បដិវត្តន៍​ក្រោម​ឆ័ត្រ​ទ្រង់ទ្រាយធំ​កាល​ពីឆ្នាំ២០១៤​ដែល​ជា​ការ​តវ៉ា​នៅ​តាម​ដងផ្លូវ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី៕

XS
SM
MD
LG