បុគ្គលិកសុខាភិបាលក្នុងទីក្រុងហុងកុងបានធ្វើកូដកម្មថ្ងៃទី ២ នៅថ្ងៃអង្គារនេះ ស្របពេលដែលទីក្រុងហុងកុងរាយការណ៍អំពីករណីស្លាប់ដំបូងដោយសារមេរោគកូរ៉ូណាប្រភេទថ្មីនៅក្នុងទីក្រុងនេះ។ កន្លងមក មេរោគនេះបានសម្លាប់មនុស្ស ៤២៥ នាក់ នៅក្នុងប្រទេសចិន។
ទីក្រុងហុងកុងបានបិទច្រកចេញចូលស្ទើរតែទាំងអស់ទាំងផ្លូវគោក និងផ្លូវទឹកជាមួយនឹងប្រទេសចិនដីគោកនៅពាក់កណ្ដាលយប់មិញ បន្ទាប់ពីបុគ្គលិកសុខាភិបាលជាង ២ ពាន់នាក់បានដើរចេញពីកន្លែងការងារកាលពីថ្ងៃច័ន្ទម្សិលមិញដើម្បីទាមទារឲ្យរដ្ឋាភិបាលក្រុងហុងកុងបិទទាំងស្រុងនូវច្រកចេញចូលទាំងអស់។
អាជ្ញាធរផ្នែកសុខាភិបាលនៃទីក្រុងហុងកុងបានបញ្ជាក់ថា អ្នកដែលបានស្លាប់ដោយសារមេរោគនេះនៅក្នុងទីក្រុងហុងកុងគឺជាបុរសអាយុ ៣៩ ឆ្នាំ ដែលកំពុងមានជំងឺស្រាប់ និងដែលកាលពីពេលថ្មីៗនេះបានធ្វើដំណើរទៅកាន់ទីក្រុង Wuhan ដែលជាចំណុចផ្ទុះឡើងនូវមេរោគនេះនៅក្នុងប្រទេសចិន។
ចំនួនអ្នកឆ្លងមេរោគនេះសរុបនៅក្នុងប្រទេសចិនបានកើនលើស ២ ម៉ឺននាក់។ ករណីឆ្លងមេរោគនេះប្រហែល ១៥០ ករណី ក៏កើតឡើងនៅតាមប្រទេសចំនួន ២៣ ផ្សេងទៀតផងដែរ។
ការសិក្សាស្រាវជ្រាវថ្មីមួយដែលចេញផ្សាយដោយព្រឹត្តិបត្រ Nature កាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាក់ថា ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានវិភាគមេរោគនៃទីក្រុង Wuhan បាននិយាយថា មេរោគថ្មីនេះមានលក្ខណៈ ៩៦ ភាគរយ ដូចទៅនឹងមេរោគដែលបានរកឃើញនៅក្នុងសត្វប្រចៀវនៅក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន៕